ព័ត៌មានជាតិ
ប្រធានតុលាការភ្នំពេញឱ្យបន្តពន្លឿនចាត់ការរឿងក្ដីគ្រឿងញៀន ចរាចរណ៍ ក្មេងទំនើង និងអត្រានុកូលដ្ឋាន
ប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក ងួន ណារ៉ា ណែនាំមន្ត្រីនៃសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឱ្យបន្តពន្លឿនចាត់ការលើរឿងក្ដីអាទិភាពទាំង៤ គឺរឿងក្ដីគ្រឿងញៀន ចរាចរណ៍ ក្មេងទំនើង និងអត្រានុកូលដ្ឋាន ឱ្យកាន់តែឆាប់រហ័ស និងធានាបាននូវភាពត្រឹមត្រូវស្របតាមច្បាប់។

លើកឡើងក្នុងពិធីបិទសន្និបាតការងាររបស់សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ងួន ណារ៉ា បានបញ្ជាក់ទៅកាន់អង្គសន្និបាតឱ្យបន្តរួមគ្នាអនុវត្តដោយសកម្មនូវយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តី និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ក្នុងជំហានអនុវត្តឆ្នាំទី២ ឆ្នាំ២០២៥ នេះ ដោយខិតខំប្រឹងប្រែងចាត់ការរឿងក្តីគ្រប់ប្រភេទឱ្យបានថយចុះបន្តទៀត និងយកចិត្តទុកដាក់បំពេញការងារឱ្យបានឆាប់រហ័ស យុត្តិធម៌ ត្រឹមត្រូវស្របតាមច្បាប់ ធ្វើយ៉ាងណាចៀសឱ្យបាននូវភាពមិនប្រក្រតីទាំងឡាយ។
លោកប្រធានសាលាដំបូង បានសង្កត់ធ្ងន់ឱ្យបន្តចាត់ការឱ្យបានឆាប់រហ័ស និងត្រឹមត្រូវស្របតាមច្បាប់នូវរឿងក្តីអាទិភាពទាំង៤ មានរឿងអត្រានុកូលដ្ឋាន រឿងគ្រឿងញៀន រឿងចរាចរណ៍ និងរឿងក្មេងទំនើង ឱ្យបានតឹងរឹង និងម៉ឺងម៉ាត់។

ការអនុវត្តច្បាប់ឱ្យបានតឹងរឹង និងម៉ឺងម៉ាត់ចំពោះបទល្មើសមួយចំនួនដែលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពមនុស្ស សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ ដូចជាបទល្មើសគ្រឿងញៀន អំពើហិង្សាបង្កឱ្យមានការភ័យខ្លាចនៅទីសាធារណៈ ដែលប្រព្រឹត្តដោយក្រុមក្មេងទំនើង អំពើលួច ឆក់ អំពើឆបោកជាក្រុមមានការចាត់តាំងជាអាទិ៍ ត្រូវតែបន្តពង្រឹង។ នេះជាការលើកឡើងរបស់លោក ងួន ណារ៉ា ដែលលោកបញ្ជាក់ថា ត្រូវពង្រឹងការស៊ើបអង្កេត ស្រាវជ្រាវ និងស៊ើបសួររកអត្តសញ្ញាណជនប្រព្រឹត្តដែលជាមេក្លោងយកមកចោទប្រកាន់ និងផ្តន្ទាទោសឱ្យបានតឹងរឹងតាមច្បាប់ ដោយគ្មានការលើកលែង និងបន្តស្រាវជ្រាវអំពីទ្រព្យចំពោះបទល្មើសពាក់ព័ន្ធទ្រព្យសម្បត្តិ ដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

លោក ងួន ណារ៉ា ក៏បានស្នើឱ្យពិនិត្យជម្រើសនីតិវិធីចោទប្រកាន់បញ្ជូនសំណុំរឿងមកជំនុំជម្រះភ្លាម និងជំនុំជម្រះផ្ទាល់តាមលក្ខខណ្ឌច្បាប់ឱ្យបានច្រើនតាមដែលអាចធ្វើបាន ដើម្បីជួយជំរុញការដោះស្រាយសំណុំរឿងកាន់តែឆាប់រហ័ស។តែ ត្រូវពិនិត្យអង្គហេតុនៃអំពើចោទប្រកាន់ឱ្យបានត្រឹមត្រូវ តាមធាតុផ្សំបទល្មើស និងតាមអង្គហេតុនៃអំពើល្មើសចូលជាបទល្មើសព្រហ្មទណ្ឌ ចៀសវាងដាច់ខាតពីការយកអង្គហេតុនៃរឿងរដ្ឋប្បវេណីមកចោទប្រកាន់ជាបទល្មើសព្រហ្មទណ្ឌ។
ចំពោះរឿងក្តីរដ្ឋប្បវេណី លោកលើកទឹកចិត្តឱ្យការដោះស្រាយរឿងក្តីតាមយុទ្ធនាការសម្របសម្រួលសះជាដែលនីតិវិធីច្បាប់អនុញ្ញាត ទោះបីជារឿងក្តីបានដាក់បណ្តឹងតាមផ្លូវតុលាការ តែនីតិវិធីច្បាប់នៅតែផ្តល់លទ្ធភាពជូនចៅក្រមក្នុងការសម្របសម្រួលគូភាគី ដើម្បីផ្សះផ្សា និងសះជាជាមួយគ្នា។ លោក ថា ការងារនេះក្រសួងយុត្តិធម៌ ក៏បានដាក់ផែនការដើម្បីផ្តល់ជូនការលើកទឹកចិត្តដល់សាលាជម្រះក្តី ដែលបានសម្របសម្រួលសះជារឿងក្តីបានច្រើនជាងគេ។

ភ្ជាប់ការណែនាំខាងលើ ប្រធានតុលាការភ្នំពេញ ក៏លើកឡើងពីការបន្តរក្សាសាមគ្គីភាពផ្ទៃក្នុង និងបង្កើនកិច្ចសហការឱ្យបានកាន់តែល្អរវាងផ្នែកពាក់ព័ន្ធ ទាំងផ្ទៃក្នុងអង្គភាព ទាំងជាមួយស្ថាប័នពាក់ព័ន្ធខាងក្រៅ និងជាមួយមន្ត្រីនគរបាលយុត្តិធម៌ ដើម្បីធានាឱ្យការអនុវត្តច្បាប់កាន់តែមានប្រសិទ្ធភាព និងឆាប់រហ័ស ដោយប្រកាន់យកឥរិយាបថការងារល្អ ទំនាក់ទំនងការងារជាមួយភាគីក្តី និងប្រជាពរលរដ្ឋដែលមកទទួលសេវាយុត្តិធម៌ ដោយឥរិយាបថ និងភាសាសំដីសមរម្យមានសីលធម៌វិជ្ជាជីវៈល្អ។
ការពង្រឹង និងអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ វិន័យការងារ ពេលម៉ោងបំពេញការងារតាមច្បាប់កំណត់ ពិសេសពេលម៉ោងសវនាការ ក៏ត្រូវបានលើកឡើងផងដែរ៕
ដោយ៖ ធឿន វ៉ាន់សុង

-
សន្តិសុខសង្គម៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច