Connect with us

ព័ត៌មានជាតិ

សិល្បៈទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» ទទួលការចាប់អារម្មណ៍ខ្លាំង ខណៈសំបុត្រទស្សនាថ្ងៃនេះ និងថ្ងៃសៅរ៍ លក់អស់ហើយ

បានផុស

នៅ

សិល្បៈទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» ជាលើកដំបូង តាមរយៈស្នាដៃ “រឿង កុលាបប៉ៃលិន” ហាក់ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសាធារណជន ខណៈសំបុត្រទស្សនាថ្ងៃព្រហស្សតិ៍នេះ និងថ្ងៃសៅរ៍ លក់អស់ទៅហើយ។ ដោយឡែក គឺនៅសល់តែសំបុត្រទស្សនាសម្រាប់រសៀល ថ្ងៃទី ២៤ និង ២៦ ប៉ុណ្ណោះ។ នេះបើតាមនាយកដ្ឋានសិល្បៈទស្សនីយភាព បានប្រកាសនៅថ្ងៃទី២៣ ខែមករានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមជម្រាបថា «ល្ខោនបាមោជ្ជទ័យ» ជាទម្រង់សិល្បៈបុរាណខ្មែរបែបកម្សាន្ត ដែលបូករួមទាំងការសម្តែង និងការច្រៀង តាមរយៈបទភ្លេងរាប់រយបទ តាមទម្រង់ខ្មែរលាយបច្ចឹមប្រទេស ដែលបាត់វត្តមាន ៣៧ឆ្នាំទៅហើយលើឆាកសម្តែង និងមានបទចម្រៀងសរុបប្រមាណជាជាង ៥០០បទ ។

យ៉ាងណា ក្រោយបាត់វត្តមានជិត ៤០ឆ្នាំ លើឆាកសម្តែង លោកគ្រូអ្នកគ្រូដែលជាសាស្ត្រាចារ្យជំនាញ ក៏បានចងក្រងឱ្យរស់រានឡើងវិញតាមរយៈស្នាដៃរឿង “កុលាបប៉ៃលិន” ដោយមានការចូលរួមពីសំណាក់លោកគ្រូអ្នកគ្រូ និងសិល្បករសិល្បការិនីទម្រង់សិល្បៈបុរាណជាច្រើនរូបទៀត។

តួយ៉ាង ផ្ទាំងទស្សនីយភាពនៃទម្រង់សិល្បៈបុរាណនេះ នឹងចាប់ផ្តើមសម្តែងទស្សនាជាលើកដំបូង ចាប់ពីល្ងាចថ្ងៃព្រហស្បតិ៍នេះ វេលាម៉ោង៥:៣០នាទី ដល់ថ្ងៃអាទិត្យទី២៦ ខាងមុខនេះ ពោលគឺមានរយៈពេល ៤ថ្ងៃ។ ក្រៅពីទស្សនីយភាពសិល្បៈនេះ នាយកដ្ឋានសិល្បៈទស្សនីយភាព គូសបញ្ជាក់ដែរថា ការសម្តែងនេះរៀបចំឡើងអមដោយពិព័រណ៍សិប្បកម្មខ្មែរ នៅសាលសន្និសីទចតុម្មុខ។

បើតាមលោក សេង ប៉ុណ្ណរង្គ អ្នកជំនាញផ្នែកល្ខោននិយាយ បញ្ជាក់ដែរថា ទម្រាំចេញជារូបរាង «ល្ខោនបាមោជ្ជទ័យ» មួយរឿងនេះឡើងបាន គឺមានការរួមបញ្ចូលអ្នកសិល្បៈបុរាណច្រើនទម្រង់ ទាំងអ្នកល្ខោននិយាយ អ្នកល្ខោនបាសាក់ យីកេ អ្នករបាំ ក៏ដូជាគ្រូភ្លេងជាច្រើនរូប ដើម្បីញុាំងឱ្យទម្រង់សិល្បៈបុរាណមួយនេះ មានភាពរស់រវើក។ ទន្ទឹមនេះ លោកក៏ស្នើឱ្យសាធារណជនដែលរួមជាតិតែមួយ ចូលរួមគាំទ្រកេរដំណែលមួយនេះ ឱ្យច្រើនកុះករផងដែរ៕ អត្ថបទ៖ សុធាវី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម