ព័ត៌មានជាតិ
ប្រធានមន្ទីរអប់រំខេត្តរតនគិរី ថា អត្រាបោះបង់ការសិក្សា និងត្រួតថ្នាក់របស់សិស្សមានការថយចុះ
លោក ខាត់ សាម៉ាល់ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តរតនគិរី បានលើកឡើងថា អត្រានៃការបោះបង់ការសិក្សា និងរៀនត្រួតថ្នាក់របស់សិស្សដែលរស់នៅខេត្តរតនគិរី មានការថយចុះបណ្តើរៗគួរឱ្យកត់សម្គាល់។ ការលើកឡើងនេះ ធ្វើឡើងក្នុងសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០២៣-២០២៤ និងលើកទិសដៅឆ្នាំសិក្សា២០២៤-២០២៥ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥។

ក្នុងពិធីនេះ លោក ខាត់ សាម៉ាល់ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តរតនគិរី បានបង្ហាញពីវីរភាពនៃការជោគជ័យបន្ថែមក្នុងការអនុវត្តការងារអប់រំ យុវជន និងកីឡាក្នុងខេត្ត ស្របតាមកំណែទម្រង់ ស៊ីជម្រៅរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលទទួលបានលទ្ធផលជាទីមោទនលើគ្រប់ផ្នែកអប់រំ ចាប់តាំងពីផ្នែកមត្តេយ្យសិក្សា រហូតដល់មធ្យមសិក្សា ដោយឃើញថា អត្រាបោះបង់ការសិក្សា និងអត្រាត្រួតថ្នាក់មានការថយចុះជាបណ្តើរៗគួរឱ្យកត់សម្គាល់ ចំណែកអត្រាឆ្លងភូមិសិក្សា និងអត្រាបញ្ចប់ការសិក្សា ក៏មានការកើនឡើងបន្តបន្ទាប់ផងដែរ។

ក្នុងឱកាសនោះដែរ ឌុច ចាន់តូ អភិបាលរងខេត្តរតនគិរី បានសំណូមពរដល់លោកគ្រូ អ្នកគ្រូទាំងអស់ សូមបន្តខិតខំ បំពេញតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន ស្របតាមមនសិកាវិជ្ជាជីវៈ ដោយខិតខំបង្រៀន សិស្សានុសិស្ស ឱ្យអស់ពីសមត្ថភាព ដោយផ្ទេរចំណេះដឹងដែលមាន និងឥរិយាបទល្អៗ ជាគម្រូល្អដល់សិស្ស និងយុវជនជំនាន់ក្រោយក្នុងយុគសម័យឌីជីថលនេះ ឱ្យមានសមត្ថភាព ទាំងចំណេះដឹង ចំណេះធ្វើឥរិយាបទល្អប្រសើរ មានសីលធម៌ និងចេះរួមរស់ជាមួយគ្នា ប្រកបដោយសុខដុមរមនា។

ចំណែក បណ្ឌិត ចាន់ សុភា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ជូនអ្នកពាក់ព័ន្ធ បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ ដែលបានបូជាបញ្ញាញាណ ទេពកោសល្យ ជំនាញ បទពិសោធន៍ កម្លាំងកាយ កម្លាំងចិត្ត ឆន្ទៈ ចូលរួមក្នុងកិច្ចការកំណែទម្រង់វិស័យអប់រំ ដើម្បីរុញច្រានវិស័យនេះឱ្យទទួលបាននូវលទ្ធផលដ៏ត្រចេះត្រចង់នេះ។
អនុរដ្ឋលេខាធិការ បន្តថា ឈរលើមូលដ្ឋានដ៏រឹងមាំនៃស្ថេរភាពនយោបាយ សុខសន្តិភាព និងសុវត្ថិភាពសង្គម ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជារាជរដ្ឋាភិ បាលនៃព្រះរាជាណាចក្រកម្ពុជាដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បាន និងកំពុងខិតខំប្រឹងប្រែងប្រកបដោយសុឆន្ទៈមោះមុតខ្ពស់ និងមិនរាថយក្នុងការជំរុញការអនុវត្តកំណែ ទម្រង់ស៊ីជម្រៅយ៉ាងទូលំទូលាយជាពិសេសលើការកសាង និងអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណ ភាព និងមានផែនការដ៏ជាក់លាក់ ដើម្បីចូលរួមចំណែកគាំទ្រដល់ការសម្រេចមហិច្ឆតារបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការផ្លាស់ប្តូរកម្ពុជា ពីប្រទេសដែលមានចំណូលចូលមធ្យមកម្រិតទាប ឱ្យ ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងក្លាយទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ ២០៥០។

លោកបន្តថា ស្របពេលរាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា កំពុងអនុវត្តកំណែទម្រង់កម្មវិធី គោលនយោបាយស៊ីជម្រៅឆ្លើយតបនឹងបរិបទសង្គមកម្ពុជា តំបន់ និងសកលលោក នោះគឺការផ្តល់នូវពលរដ្ឋដែលមានចំណេះដឹង ចំណេះធ្វើ បទពិសោធន៍ និងភាពស្ទាត់ជំនាញនៃការងារយ៉ាងពិតប្រាកដ។ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា បានចាត់ទុកការអភិវឌ្ឍធនធានមនុស្ស គឺជាអាទិភាព៕
អត្ថបទ៖ ខៀវ ចាប



-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?