Connect with us

ព័ត៌មានជាតិ

ថ្នាក់ពិសេសនៅសាលា ទៀ បាញ់ គំរូ បណ្ដុះបណ្ដាលកុមារខ្សោយសតិបញ្ញាឱ្យអាចចូលរៀនដូចក្មេងដទៃ

បានផុស

នៅ

សំឡេងជួងបន្លឺឡើងក្នុងបរិវេណសាលាបឋមសិក្សា ទៀ បាញ់ គំរូ ស្ថិតក្នុងស្រុកពួក ខេត្តសៀមរាប។ មិនយូរប៉ុន្មានទីធ្លាសាលាពោពេញដោយភាពអ៊ូអរដោយសំឡេងកុមារាកុមារីរត់លេងសប្បាយក្នុងភាពជាកុមាររបស់ពួកគេ ងាកទៅកាន់ថ្នាក់មួយនៅខាងឆ្វេងនៃសាលាជិតទោងលេងក៏មានក្មេងប្រហែល១០នាក់​បានចេញ​លេងសប្បាយជាមួយនឹងគេផងដែរ។ ពួកទាំង១០នាក់នេះជាសិស្សដែលទទួលបានការអប់រំសិក្សាពិសេសសម្រាប់កុមារខ្សោយសតិបញ្ញា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិតណាស់សិស្សដែលខ្សោយសតិបញ្ញាទាំងនេះត្រូវបានសាលាទទួលយកមកបណ្ដុះបណ្ដាលតាមរយៈថ្នាក់សមាហរណកម្មដើម្បីត្រៀមបញ្ចូលពួកគេចូលថ្នាក់រៀនធម្មតាដូចសិស្សដទៃ។

ងាកទៅមើលក្នុងថ្នាក់ដែលមានការតុបតែង និងសម្ភារៈក្មេងលេងជាច្រើនដល់សិស្សនៃថ្នាក់សមាហរណកម្មនេះអ្នកគ្រូ ភាល់ ផល្លា បានឱ្យដឹង​ថាការបង្រៀនកុមារដែលខ្សោយសតិបញ្ញាគឺមានការលំបាកជាងការបណ្ដុះបណ្ដាលកុមារធម្មតាដោយត្រូវសម្របតាមស្ថានភាពរបស់កុមារនីមួយៗ។

អ្នកគ្រូ ភាល់ ផល្លា

អ្នកគ្រូបន្ថែមថា៖ «ពេលបង្រៀនគឺពិបាកដែរដោយសារយើងត្រូវបត់បែនតាមសិស្ស បើសិស្សមានតម្រូវការពិសេសខ្លាំងគឺខ្ញុំត្រូវបង្រៀនទៅតាមហ្នឹង។ បើសិស្សមានបញ្ហាខ្លាំងគឺខ្ញុំត្រូវបង្រៀនគាត់តាមហ្នឹង បើធម្មតាគឺបង្រៀនគាត់ធម្មតា។ ដោយសារសិស្ស១០គឺមានស្ថានភាពខុសៗគ្នាទាំង១០»។

ជាគ្រូបង្រៀនកុមារខ្សោយសតិបញ្ញា៩ឆ្នាំហើយអ្នកគ្រួបានបង្ហាញនូវមោទនភាពពីការបណ្ដុះបណ្ដាលដែលមានកុមារមួយចំនួនទទួលបានការបណ្ដុះបណ្ដាលជោគជ័យ និងត្រូវបញ្ជូនទៅរៀនជាមួយសិស្សធម្មតាវិញ។

អ្នកគ្រូ ផល្លា៖ «មានក្មេងចូលរៀនថ្នាក់ទី២ ថ្នាក់ទី៣ ហើយសម្រាប់ក្មេងមួយចំនួនដែលរៀនយូរមកហើយគឺគាត់បានចូលដល់ថ្នាក់វិទ្យាល័យហើយ»។

កំពុងស្ថិតក្នុងថ្នាក់ទី៣ នៅសាលាបឋមសិក្សា ទៀ បាញ់ គំរូ ថ្នាក់របស់កុមារា វឌ្ឍនា មិនឆ្ងាយប៉ុន្មានពីថ្នាក់សមាហរណកម្មរបស់គេនោះទេ។ វឌ្ឍនាអាយុ១៣ឆ្នាំធ្លាប់ត្រូវបានដាក់ឱ្យរៀនថ្នាក់អប់រំពិសេសផងដែរមុននឹងត្រូវបានសម្រេចថាអាចចូលរៀនដូចក្មេងធម្មតាបាន។ បច្ចុប្បន្នកុមារា វឌ្ឍនា បានក្លាយជាក្មេងមួយដែលបានទទួលការអប់រំធម្មតាដូចក្មេងដទៃនិងជាសិស្សដែលពោពេញដោយភាពស្វាហាប់ និងចូលចិត្តរៀនផងដែរ។

នាយកបឋមសិក្សា ទៀ បាញ់ គំរូលោក ហ៊ីង ផល្លា បានលើកឡើងថាកម្មវិធីអប់រំកុមារខ្សោយសតិបញ្ញានេះត្រូវបានអនុវត្តន៍នៅសាលារបស់លោកប្រមាណ៧ឆ្នាំមកហើយដោយបានសហការជាមួយអង្គការដៃគូរ លោកមើលឃើញថាថ្នាក់អប់រំពិសេសនេះបានជួយដល់កុមារជាច្រើនបានធ្វើសមាហរណកម្មចូលរៀនជាមួយសិស្សធម្មតាវិញដែលជាសញ្ញាវិជ្ជមានមួយសម្រាប់អនាគតរបស់ពួកគេ។

លោកនាយកសាលា៖ «ក្មេងពេលដែលគាត់ចេះចាំបានពីថ្នាក់ពិសេសមកគឺគាត់ទទួលបាននូវគ្រឹះមួយសម្រាប់ឱ្យគាត់ចូលនូវថ្នាក់អប់រំធម្មតាដូចកុមារទូទៅគឺធ្វើឱ្យគាត់អាចទៅតាមគេទាន់»។

នាយកបឋមសិក្សា ទៀ បាញ់ គំរូលោក ហ៊ីង ផល្លា

ទោះបីជាការបណ្ដុះបណ្ដាលកុមារខ្សោយសតិបញ្ញាបានជោគជ័យមួយចំនួនក៏ត្រូវប្រឈមនឹងបញ្ហាមួយចំនួនដូចជាការរើសអើងពីកុមារដទៃលើកុមារទាំងនេះផងដែរ។  

លោក ហ៊ីង ផល្លា៖ «កាលមុនយើងតែងមានការរើសអើង សូម្បីតែការហៅឡើងទៅ។ តែដល់យើងយកមកអប់រំរួមគ្នារវាងសិស្សដែលខ្សោយសតិបញ្ញា និងកុមារធម្មតាទៅ ឃើញថាការរើសអើងទាំងនេះលែងមានហើយ។ [..] សព្វថ្ងៃអត់អីទេ! ពេលចេញលេងឃើញរត់លេងជាមួយគ្នាធម្មតា ដើរទិញនំញាំអីធម្មតាដូចគ្នាគ្មានការរើសអើងទេ»។

ថ្នាក់បណ្ដុះបណ្ដាលសមាហរណកម្មកុមារខ្សោយសតិបញ្ញានេះទទួលបានការគាំទ្រពីអង្គការសាលារៀនទន្សាយ ដែលជាអង្គការមិនស្វែងរកកម្រៃនៅក្នុងស្រុកមួយបង្កើតឡើងក្នុងគោលបំណងដើម្បីផ្ដល់សេវាអប់រំសម្រាប់កុមារមានពិការភាពសតិបញ្ញា អូទីស្សឹម និងកុមារដែលមានបញ្ហាក្នុងការរៀនសូត្រនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

នាយិកាប្រតិបត្តិលោកស្រី សរ សុធារម្យ បានលើកឡើងថាអង្គការសាលារៀនទន្សាយបើកប្រតិបត្តិការ២៧ឆ្នាំហើយ នៅក្នុងរាជធានីភ្នំពេញ សៀមរាប កំពង់ស្ពឺ និងខេត្តកណ្ដាល ដែលមាន១៦សាលា។ លោកស្រីកត់សម្គាល់ថាពីមួយឆ្នាំទៅមួយឆ្នាំអង្គការសាលារៀនរបស់លោកស្រីទទួលបានសិស្សដែលមានលក្ខខន្តពិសេសទាំងនេះកើនឡើងជានិច្ច។

នាយិកាប្រតិបត្តិអង្គការសាលារៀនទន្សាយលោកស្រី សរ សុធារម្យ

ដោយបានទទួលជំនួយគាំទ្រពីអង្គការ អេដ អេ អាកស្យុង មានកុមារ និងយុវជនពិការភាពសតិបញ្ញា អូទីស្សឹម និងកុមារដែលមានបញ្ហាក្នុងការរៀនសូត្រជាង៣ពាន់នាក់ទទួលបានការគាំទ្រ។ ទោះជាយ៉ាងណាមានតែយុវជន២៧នាក់ប៉ុណ្ណោះដែលទទួលបានការងារ។

លោកស្រី សុធារម្យ៖ «ពេលដែលយើងបញ្ជូនគាត់ទៅធ្វើការគាត់អាចមិនមានលទ្ធភាពក្នុងការរក្សាទីតាំងនៅទីតាំងហ្នឹងបានទេ! ដោយសារវិបត្តិអាកប្បកិរយារបស់គាត់មិនអាចជាដាច់១០០ភាគរយទេទោះបីគាត់ទទួលបានការបណ្ដុះបណ្ដាល ឬរៀនជាមួយយើងច្រើនឆ្នាំក៏ដោយ​។ ដោយឡែកយើងក្រឡេកមើលដៃគូរឬក្រុមហ៊ុនដែលគាត់​បានទទួលឬក៏ផ្ដល់ការងារឱ្យយុវជនធ្វើក៏គាត់មានកម្រិតនៃការយល់ដឹងពីបញ្ហាហ្នឹងអ៊ីចឹងការទំនាក់ទំនងជាមួយយុវជនខ្សោយសតិបញ្ញាហ្នឹងនៅតែមានការបារម្ភច្រើន»។

កុមារទាំងនេះនឹងមិនត្រូវទុកចោលនៅត្រឹមនេះដែរដោយអង្គការលោកស្រីនឹងគ្រោងអនុវត្តន៍គម្រោងការបណ្ដុះបណ្ដាលជំនាញដល់​ពិការភាពសតិបញ្ញា អូទីស្សឹម និងកុមារដែលមានបញ្ហាក្នុងការរៀនសូត្រដើម្បីឱ្យពួកគេមានជំនាញដើម្បីប្រកបអាជីវកម្ម ការងារផ្ទាល់ខ្លួនពួកគេផងដែរ។

លោកស្រី សុធារម្យ៖ «អាណាព្យាបាលតែងតែសួរយើងថា អ្នកគ្រូនៅពេលគាត់រៀនចប់ហើយគាត់ទៅណាទៀតកូនគាត់អាចមានលទ្ធភាពដូចគេដទៃមានការងារធ្វើឬអត់? សំណួរទាំងនេះធ្វើឱ្យយើងចាក់ដោតច្រើន។ អ៊ីចឹងក្នុងឆ្នាំ២០២៥យើងបានដាក់ Proposal ធំមួយទៅអង្គការក្រៅស្រុកឱ្យគាត់ពិនិត្យមើលហើយយើងគិតថាក្នុងខែ២នេះយើងមានព័ត៌មានល្អពីគាត់ហើយ»។

លោក យ៉ែម មុន្នី

កំពុងរង់ចាំចៅរបស់ខ្លួនចេញពីរៀនលោក យ៉ែម មុន្នី អាយុ៦៥ឆ្នាំ ថាលោកបារម្ភពីអនាគតរបស់ចៅរបស់លោកជាខ្លាំងបន្ទាប់ពីដឹងថាចៅខ្សោយសតិបញ្ញាមិនសូវមានការចងចាំ។ លោកបានយកចៅរបស់លោកមកដាក់រៀនថ្នាក់ពិសេសនេះប្រហែល៣ឆ្នាំហើយបន្ទាប់ពីទទួលព័ត៌មានពីនាយកសាលាពីថ្នាក់បណ្ដុះបណ្ដាលពិសេស។

លោកថា៖ «យកមកដាក់៣ឆ្នាំហើយ! កាលពីឆ្នាំ២០២៣​អ្នកគ្រូថាឥឡូវពូអាចយកចៅទៅរៀនថ្នាក់ទី១ផ្សាំៗសិនទៅខ្ញុំបានយកទៅថ្នាកទី១មួយឆ្នាំតែសង្កេតមើលទៅវាអត់មានចេះអីទេការចងចាំហ្នឹងគឺគ្មានតែម្ដង។ ខ្ញុំក៏បានដកពីថ្នាក់ទី១មកដាក់ថ្នាក់ទន្សាយនេះវិញតែម្ដង»។

ទោះជាយ៉ាងណាក្នុងនាមជាអាណាព្យាបាលលោកសង្ឃឹមថាចៅរបស់លោកនឹងទទួលបានការបណ្ដុះបណ្ដាលបានជោគជ័យអាចចូលរៀនដូចគេដូចឯងផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម