ព័ត៌មានជាតិ
ការប្រកាសទ្រព្យសម្បត្តិ និងបំណុល សម្រេចបានជិត៩៧%ហើយ ខណៈបាំង១សប្ដាហ៍ទៀតនឹងផុតកំណត់
អ្នកជាប់កាតព្វកិច្ចប្រមាណជាង២ម៉ឺននាក់ហើយ បានមកដាក់ឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល មកកាន់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) តាមរបប ២ឆ្នាំម្ដង សម្រាប់ឆ្នាំ២០២៥នេះ ខណៈបាំងតែមួយសប្ដាហ៍ទៀត ការទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល នឹងត្រូវផុតកំណត់។

តាមទិន្នន័យពីអង្គភាពប្រឆាំងអំពើពុករលួយ ការប្រកាសទ្រព្យសម្បត្តិ និងបំណុល គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៤ ខែមករា គឺក្រុមការងារបានទទួលឯកសារពីអ្នកជាប់កាតព្វកិច្ចត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល ចំនួន ២២ ០៣៣រូប ស្មើនឹង ៩៦.៧៣% នៃចំនួនបុគ្គលជាប់កាតព្វកិច្ចសរុប ២២ ៧៧៦រូប។
អង្គភាពប្រឆាំងអំពើពុករលួយ ថា ការសម្រេចបានវឌ្ឍនភាពនេះ ក្រោមកិច្ចសហការល្អពីក្រុមជនបង្គោលនៃការប្រកាសទ្រព្យ និងបំណុលតាមក្រសួង-ស្ថាប័ន និងរាជធានី-ខេត្ត។ តែយ៉ាងណា នៅតែមួយសប្ដាហ៍ទៀតប៉ុណ្ណោះ ការប្រកាសតាមរបប ២ឆ្នាំ ឆ្នាំ២០២៥ នឹងត្រូវបញ្ចប់។ ក្រុមការងារនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានអំពាវនាវអ្នកជាប់កាតព្វកិច្ចរួសរាន់ ដោយក្រុមការងារនៅបន្តរង់ចាំទទួលឯកសារប្រកាស ០៧ថ្ងៃក្នុងមួយសប្តាហ៍ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ដោយមិនឈប់សម្រាកថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យឡើយ។

យោងតាមមាត្រា៣៨ នៃច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ បុគ្គលណាដែលមិនបានប្រកាសទ្រព្យសម្បត្តិ និងបំណុល ឬប្រកាសមិនបានត្រឹមត្រូវតាមច្បាប់ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែ ទៅ១ឆ្នាំ និងពិន័យជាទឹកប្រាក់ពី ១សែនរៀល ដល់២លានរៀល និងត្រូវបង្ខំឱ្យប្រកាសទ្រព្យសម្បត្តិ បើក្នុងករណីមិនព្រមប្រកាសទ្រព្យសម្បត្តិ និងបំណុលទៀត នឹងត្រូវទទួលទោសទ្វេដង។

មាត្រា១៧ នៃច្បាប់នេះ បានកំណត់ថា សមាសភាពបុគ្គលដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល មាន សមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្រ្តីសាធារណៈដែលមានអាណត្តិជ្រើសតាំង សមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ប្រធាន អនុប្រធាន និងមន្រ្តីទាំងអស់នៃអង្គភាពប្រឆាំងអំពើពុករលួយ។
រីឯមន្រ្តីរាជការស៊ីវិល មន្ត្រីយោធា នគរបាលជាតិ មន្ត្រីរាជការសាធារណៈដែលតែងតាំងដោយព្រះរាជក្រឹត្យ ឬអនុក្រឹត្យ និងមន្រ្តីផ្សេងទៀត ដែលតែងតាំងដោយប្រកាស ហើយត្រូវបានកំណត់ឱ្យប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមបញ្ជីរៀបចំឡើងដោយអង្គភាពប្រឆាំងអំពើពុករលួយ ក៏ជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល ខណៈថ្នាក់ដឹកនាំសង្គមស៊ីវិល រួមទាំងមន្ត្រីតុលាការ ជាអាទិ៍ ចៅក្រម អយ្យការ សាការី ក្រឡាបញ្ជី និងអាជ្ញាសាលា ជាប់កាតព្វកិច្ចនេះដែរ៕
ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?