ព័ត៌មានជាតិ
ប្រកួតប្រជែងឆ្នេរនិងព្រែកស្អាតឆ្នាំ ២០២៤ រកឃើញស្នាដៃបេក្ខភាពលេចធ្លោជាប់ជយលាភី
ក្រោយដំណើរការការប្រកួតប្រជែងយ៉ាងស្វិតស្វាញ កម្មវិធីប្រកួតប្រជែងស្នាដៃរចនាគម្រោងប្លង់នគរូបនីយកម្មតំបន់ឆ្នេរសមុទ្រកម្ពុជា ក្រោមប្រធានបទ “កម្ពុជា: មាតុភូមិខ្ញុំ ទីក្រុងខ្ញុំ ឆ្នេរសមុទ្រខ្ញុំ ក្នុងបេះដូងខ្ញុំ” និងការប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី ៥ និងព្រែកកម្សាន្តស្អាតលើកទី២ ឆ្នាំ២០២៤ រួមទាំងកម្មវិធីប្រឡងប្រណាំងវីដេអូខ្លី ក្រោមប្រធានបទ “កម្ពុជា: មាតុភូមិខ្ញុំ ឆ្នេរស្អាត ព្រែកស្អាត” ឆ្នាំ២០២៤ គណៈកម្មការបានប្រកាសលទ្ធផលបេក្ខភាពដែលជាប់ជយលាភីដែលធ្វើឡើងនៅឆ្នេរខ្សាច់នៅក្រុងកំពត ក្រោមវត្តមានលោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក.)។

ក្រោមប្រធានបទ “កម្ពុជា: មាតុភូមិខ្ញុំ ទីក្រុងខ្ញុំ ឆ្នេរសមុទ្រខ្ញុំ ក្នុងបេះដូងខ្ញុំ” កម្មវិធីប្រកួតប្រជែងស្នាដៃរចនាគម្រោងប្លង់នគរូបនីយកម្មតំបន់ឆ្នេរសមុទ្រកម្ពុជា មានសមាសភាពចូលរួមប្រកួតប្រជែងពីស្ថាបត្យករ វិស្វករ នគរូបនីយករ នីតិបុគ្គលសិក្សាគម្រោងប្លង់ សាស្ត្រាចារ្យ អ្នកវិជ្ជាជីវៈរចនា និងនិស្សិតស្ថាបត្យកម្មឬវិស្វកម្ម ទាំងនៅក្របខ័ណ្ឌជាតិនិងអន្តរជាតិសរុបចំនួន ១៩២ ក្រុម ដែលក្នុងនោះខេត្តកែបមានចំនួន ៧២ ក្រុម ខេត្តកំពតមានចំនួន ៤៨ ក្រុម ខេត្តព្រះសីហនុមានចំនួន ៣៣ ក្រុម និងខេត្តកោះកុងមានចំនួន ៣៩ ក្រុម។
ជាលទ្ធផល ក្រោយការជម្រុះជាបន្តបន្ទាប់រហូតដល់វគ្គប្រកាសលទ្ធផលផ្តាច់ព្រ័ត្រ គណៈកម្មការបានជ្រើសរើសគម្រោងស្នាដៃក្រុមដែលជាប់ជយលាភីពីលេខ ១ ដល់លេខ ៣ សម្រាប់ខេត្តទាំង ៤ នៃតំបន់ឆ្នេរសមុទ្រកម្ពុជាសរុបមានចំនួន ១២ ក្រុម។


ដោយឡែក ការប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី ៥ និងព្រែកកម្សាន្តស្អាតលើកទី ២ ឆ្នាំ២០២៤ រួមទាំងកម្មវិធីប្រឡងប្រណាំងវីដេអូខ្លី ក្រោមប្រធានបទ “មាតុភូមិខ្ញុំ ឆ្នេរស្អាត ព្រែកស្អាត” ឆ្នាំ២០២៤ ក្នុងឆ្នាំ២០២៤ រដ្ឋបាលខេត្តទាំងបួននៃតំបន់ឆ្នេរសមុទ្រកម្ពុជា បានដាក់ពាក្យបេក្ខភាពឆ្នេរសរុបចំនួន ២៨ និងព្រែកចំនួន ១២ ព្រែក ដើម្បីចូលរួមប្រកួតប្រជែង។
លទ្ធផលប្រកាសបង្ហាញថា ខេត្តព្រះសីហនុមានឆ្នេរចំនួន ១២ និងព្រែកចំនួន ២ ជាប់ជយលាភី។ ខេត្តកំពតមានឆ្នេរចំនួន ០៣ និងព្រែកចំនួន ០៣ ជាប់ជយលាភី។ ខេត្តកែបមានឆ្នេរចំនួន ០៣ ឆ្នេរ និង ព្រែកចំនួន ០៣ ជាប់ជយលាភី។ខណៈដែលខេត្តកោះកុងមានឆ្នេរចំនួន ៧ និងព្រែកចំនួន ២ ជាប់ជយលាភី។


លោក ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងជា អគ្គលេខាធិការ គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក.) បានគូសបញ្ជាក់ថា កម្មវិធីប្រកួតប្រជែងនិងប្រឡងប្រណាំងស្នាដៃទាំង ៣ នេះ មានគោលបំណងដើម្បីរួមចំណែកសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្នុងការប្រែក្លាយតំបន់ឆ្នេរសមុទ្រកម្ពុជាជា “ប៉ូលសេដ្ឋកិច្ចជាតិទំនើបប្រកបដោយចីរភាព ជវភាព សុខភាព និងសុភមង្គល និងជាគោលដៅទេសចរណ៍ឆ្នេរសមុទ្រស្អាតលំដាប់សកលលោក” តាមរយៈការជំរុញរៀបចំកែលម្អនិងអភិវឌ្ឍខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងអភិវឌ្ឍបណ្ដាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជាជារបៀងសេដ្ឋកិច្ចពហុបំណងនិងប្រទាក់ក្រឡាគ្នា។

កម្មវិធីប្រកួតប្រជែងនិងប្រឡងប្រណាំងជ័យលាភីទាំង ៣ រៀបចំឡើងរួមគ្នាដោយគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា គណៈស្ថាបត្យករកម្ពុជា (គ.ស.ក.) សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងរដ្ឋបាលខេត្តតំបន់ឆ្នេរសមុទ្រកម្ពុជា រួមមានខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត និងខេត្តកោះកុង៕



-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?