ព័ត៌មានជាតិ
យុវជនមានជំនាញបច្ចេកទេស កាន់តែមានលទ្ធភាពរកការងារធ្វើបានយ៉ាងសមរម្យ
មន្រ្តីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជជីវៈ លើកឡើងថា យុវជនគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ កាន់តែមានលទ្ធភាពរកការងារធ្វើបានយ៉ាងសមរម្យ បន្ទាប់ពីពួកគាត់មានចំណេះដឹង និងជំនាញច្បាស់លាស់។

លោក ហ៊ីង ស៊ីដត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បង្ហាញឱ្យដឹងនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ថា លទ្ធផលនៃការចូលរៀនជំនាញបច្ចេកទេសវិជ្ជាជីវៈ កំពុងផ្តល់ផលវិជ្ជាមានដល់យុវជនដែលក្រីក្រ និងងាយរងហានិភ័យ តបនឹងអនុសាសន៍របស់សម្តេចបវធីបតី ហ៊ុន ម៉ាណែត រៀនឱ្យចប់ រៀនឱ្យចេះ និងមានការងារធ្វើ។

ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការកម្មវិធីអភិវឌ្ឍន៍ជំនាញ ដំណាក់កាលទី៣ និងប្រគល់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈដល់សិស្ស១,៥លាននាក់របស់រាជរដ្ឋាភិបាល លោក ហ៊ីង ស៊ីដេត រំលេចទៀតថា កម្មវិធីអភិវឌ្ឍន៍ជំនាញដំណាក់កាលទី១ និងទី២ កន្លងទៅ បានផ្តល់អាទិភាពខ្ពស់លើការអភិវឌ្ឍន៍ធនធានមនុស្ស ការអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ និងផ្តល់ឱកាសការងារប្រាក់ចំណូលជូនដល់យុវជនក្រីក្រទូទាំងប្រទេស។

លោកអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក៏បានគូសបញ្ជាក់ដែរថា បច្ចុប្បន្នយោងតាមទិន្នន័យ គិតត្រឹមថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ មានយុវជនចុះឈ្មោះក្នុងកម្មវិធីអភិវឌ្ឍន៍ជំនាញចំនួន៨៩.៤៦០នាក់ដែលមានសិក្ខាកាមជាស្រ្តីចំនួន៣៥.៨៩០នាក់ និងកំពុងបណ្តុះបណ្តាលចំនួន៣១.១១៩ ហើយសិក្ខាកាមបានបញ្ចប់ការសិក្សាចំនួន២១.៨៥៦នាក់។ រីឯសិក្ខាកាមមានការងារធ្វើចំនួន១០.៨៧២នាក់។

ទាក់ទិននឹងការសម្រេចជោគជ័យលើការបណ្តុះបណ្តាល និងវិជ្ជាជីវៈនេះ លោក ហ៊ីង ស៊ីដេត មានក្តីមោទនភាពយ៉ាងខ្លាំងដែលកិច្ចសហការគ្រប់ភាគីពាក់ព័ន្ធ និងជំរុញឱ្យយុវជនបន្តប្រឹងប្រែងពង្រឹងសមត្ថភាពចំណេះដឹងបន្ថែមទៀត សម្រាប់បន្តចាប់យកឱកាសការងារថ្មីៗ។

អ្នកអង្គម្ចាស់បណ្ឌិត ស៊ីសុវត្ថិ ឬទ្ធីរ៉ាវង្ស ព្រះនាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង ឱ្យដឹងថា ១ឆ្នាំកន្លងទៅ យុវជនក្រីក្រ និងងាយរងហានិភ័យជាង១ពាន់នាក់ បានបញ្ចប់វគ្គសិក្សាជំនាញបច្ចេកទេស ដោយអ្នកខ្លះកំពុងបន្តការរៀនបន្ថែម និងខ្លះទៀតមានការងារធ្វើយ៉ាងល្អប្រសើរ។
អ្នកអង្គម្ចាស់បណ្ឌិត ស៊ីសុវត្ថិ ឬទ្ធីរ៉ាវង្ស បន្តថា មុខជំនាញដែលយុវជនសិក្សា មានដូចជា សេវាកម្មកុំព្យូទ័រ សំណង់ និងសំអាងការ។ យុវជនដែលមានជំនាញពិតប្រាកដ ទទួលបានឱកាសការងារ មុខរបរ និងមានប្រាក់ចំណូលល្អប្រសើរជាងមុន ស្របនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា។

តាមការវាយតម្លៃរបស់វិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង យុវជនភាគច្រើនទទួលបានការងារទៅតាមជំនាញរៀងៗខ្លួន ហើយចំពោះអ្នកមិនទាន់មានការងារក៏បន្តសិក្សាបន្ថែមតាមកម្រិតរបស់ពួកគេ ដើម្បីពង្រឹងចំណេះដឹង និងចាប់យកឱកាសការងារខ្ពស់ជាងនេះ។ វិទ្យាស្ថានបានទំនាក់ទំនងមន្ទីរការងារ តំបន់សេដ្ឋកិច្ចពិសេសខេត្ត និងវិស័យឯកជនផ្សេងៗ ដើម្បីស្វែងការងារធ្វើជូនយុវជនដែលរៀនចប់ ចេះ ហើយមានការងារ។

ដោយឡែកលោក ស្រេង ហុង អភិបាលរងខេត្តកោះកុង ចាត់ទុកកម្មវិធីអភិវឌ្ឍន៍ជំនាញបច្ចេកទេសថា បានចូលរួមចំណែកកាន់តែខ្លាំងដល់ការពង្រឹងគុណភាពអប់រំ បង្កើតការងារសមរម្យ និងមានប្រាក់ចំណូលដល់យុវជនដែលងាយរងគ្រោះ និងកម្មករ និយោជិត ដើម្បីកាត់បន្ថយភាពក្រីក្រ និងឆ្លើយតបនឹងតម្រូវការការងារលើទីផ្សារ។
រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់លើគ្រប់វិស័យ ពិសេសការអភិវឌ្ឍន៍វិស័យការងារ ពង្រឹងភាពសុខដុមរមនាទំនាក់ទំនងវិជ្ជាជីវៈ ដើម្បីលើកស្ទួយជីវភាពពលរដ្ឋ និងអភិវឌ្ឍន៍សង្គមប្រកបដោយចីរភាព៕
អត្តបទ៖ សិរីវឌ្ឍនៈ


-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១៤ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ