ព័ត៌មានជាតិ
កម្មវិធីផ្ដល់ដីការពារព្រៃ៖ ពលរដ្ឋក្រីក្រពិត ក្នុង១គ្រួសារនឹងបានដី៣ហិកតា បើសិនទៅរស់នៅស្រុកសេសាន ខេត្តស្ទឹងត្រែង
ជាជំហានទី១ នៅក្នុងកម្មវិធីផ្ដល់ដី ការពារព្រៃឈើ ដើម្បីការអភិវឌ្ឍដោយចីរភាព ពលរដ្ឋក្រីក្រដែលក្រីក្រពិតប្រាកដ ក្នុង១គ្រួសារ នឹងទទួលបានដីកសិកម្មទំហំ៣ហិកតា បើសិនជាព្រមទៅរស់នៅចំណុចអូរសែវក្នុងហាងសារ៉ាត ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង ដែលជំហានទីមួយនេះ គឺកំណត់ត្រឹមចំនួន៥០០គ្រួសារសិន ចំណែកជំហានបន្ទាប់ នឹងផ្ដល់ជូនដីដល់៥០០គ្រួសារបន្ថែមទៀត។

មុននឹង សម្ដេចធិបតី សម្រេចជ្រើសរើសទីតាំងក្នុងខេត្តស្ទឹងត្រែងនេះ សម្រាប់ឱ្យពលរដ្ឋដែលក្រីក្រពិតប្រាកដទៅរស់នៅ គឺសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានឱ្យភាគីពាក់ព័ន្ធ បានសិក្សាលក្ខណៈបច្ចេកទេសបម្រើឱ្យជីវភាពដោយវិភាគប្រព័ន្ធក្សេត្រ-បរិស្ថាន សិក្សាពីគុណភាពដឹកសិកម្ម ស្រាវជ្រាវពីប្រភពទឹក និងវាយតម្លៃហេដ្ឋារចនាសម្ព័ន្ធចាំបាច់។

សេចក្ដីប្រកាសព័ត៌មាន នៃលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ឱ្យដឹងថា ៖«សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្រេចកំណត់ យកចំណុចអូរសែវ ភូមិហាងសារ៉ាត ឃុំសាមហួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង ជាទីតាំងជំហានទី១ ដោយគ្រោង ផ្តល់ដីជូនប្រជាពលរដ្ឋក្រីក្រីគ្មានដីពិតប្រាកដ ហើយមានបំណងទៅរស់នៅទីតាំងនេះ ចំនួន ៥០០គ្រួសារ ដោយ ក្នុងមួយគ្រួសារទទួលបានដីលំនៅឋាន និងដឹកសិកម្មទំហំសរុប ៣ហិកតា។ ជំហានបន្ទាប់នឹងផ្តល់ជូនចំនួន ៥០០គ្រួសារ បន្ថែមទៀតនៅទីតាំងដដែល។ តំបន់នេះ មានទំហំជិត ១០ ០០០ហិកតា ស្ថិតនៅជាប់ទីតាំងគម្រោង ដីសម្បទានសង្គមកិច្ច»។

គួរឱ្យដឹងថា កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ព្រះមហាក្សត្រ នៃកម្ពុជា ទ្រង់ចេញព្រះរាជក្រឹត្យ បង្កើតគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព។
ការបង្កើតគណៈកម្មាធិការជាតិ ក្រោមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្រោមគោលបំណងក្នុងការអនុវត្តកម្មវិធីផ្តល់ដីក្រោមទម្រង់សម្បទានដីសង្គមកិច្ចជូនប្រជាពលរដ្ឋក្រីក្រ គ្មានទីលំនៅ សម្រាប់សង់លំនៅឋាន និងខ្វះដីសម្រាប់ធ្វើកសិកម្មជាលក្ខណៈគ្រួសារ និងគាំទ្រគម្រោងអភិវឌ្ឍន៍សហគមន៍ ព្រមទាំងការពារព្រៃឈើនៅជិតទីតាំងផ្តល់ដីប្រកបដោយចីរភាព។

គណៈកម្មាធិការជាតិនេះ ជាយន្តការដឹកនាំ សម្របសម្រួល និងអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍ ដោយចីរភាព ក្នុងគោលដៅផ្តល់ដីក្រោមទម្រង់សម្បទានដីសង្គមកិច្ច ជូនប្រជាពលរដ្ឋក្រីក្រគ្មានដីពិតប្រាកដ និង គាំទ្រគម្រោងអភិវឌ្ឍសហគមន៍ ព្រមទាំងការពារព្រៃនៅជិតទីតាំងផ្តល់ដីប្រកបដោយចីរភាព។ យន្តការនេះមិនទៅ ជំនួសយន្តការដែលមានស្រាប់ (ថ្នាក់ជាតិ រាជធានី ខេត្ត ស្រុក ខណ្ឌ ឃុំ សង្កាត់) នោះទេ តែជាយន្តការបំពេញបន្ថែ ហើយទន់ភ្លន់ មានតម្លាភាព ដែលអាចប្រើប្រាស់បានទៅតាមកន្លែង និងស្ថានភាពខុសៗគ្នា។ គណៈកម្មាធិការនេះ ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រធាន អមដោយអនុប្រធានចំនួន ១១រូប និងសមាជិកចំនួន ៥១រូប និងមានលេខាធិការដ្ឋានមួយជាសេនាធិការ។
ជាលទ្ធផល លេខាធិការដ្ឋាន ផ.ក.អ. បានចុះកំណត់ទីតាំងដី និងផ្ទៀងផ្ទាត់នៅទីតាំងតំបន់អូរឃ្លៀង អូរសែវ អូរចំបក់ ក្រឡាពស់ ស្ថានីយ៍ផ្សព្វផ្សាយភូតតាគាម និងអូរប្រាំដំឡឹង ក្នុងខេត្តស្ទឹងត្រែង និងបានសហការជាមួយ រដ្ឋបាលថ្នាក់ក្រោមជាតិចុះសម្រង់បញ្ជីឈ្មោះអ្នកទន្ទ្រានដីនិងដាំដុះ និងកំណត់និយាមការផ្ទះ ទីតាំងដីនៅ តំបន់អូរចំបក់ និងអូរសែវ។ លេខាធិការដ្ឋាន ផ.ក.អ. បានចុះបណ្តុះបណ្តាលផ្ទៃក្នុងតម្រង់ទិសជាប្រចាំដល់មន្ត្រី លេខាធិការដ្ឋាន និងបានចុះបណ្តុះបណ្តាលនិងផ្សព្វផ្សាយស្តីពីការអនុវត្ត “កម្មវិធីផ្តល់ដី ការពារព្រៃដើម្បី រួមគ្នាអភិវឌ្ឍដោយចីរភាព» ចំនួន ៦ទីតាំង (ភូមិភាគ) មាន ២៥រាជធានី ខេត្ត ដែលមានអ្នកចូលរួមសរុបចំនួន ៣ ៥១៩នាក់ ដោយចាប់ផ្តើមពីថ្ងៃទី១៥ ដល់ ២១ ខែមករា ឆ្នាំ២០២៥។

តាមការគ្រោងទុកកម្មវិធីនេះ នឹងដាក់ឱ្យដំណើរការជំហានទី១ ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ តទៅ ដោយមានចំនួន ៥ដំណាក់កាលសំខាន់ៗ រួមមាន ទី១. ដំណាក់កាលរៀបចំ (ការកំណត់ទីតាំងផ្តល់ដី ការផ្សព្វផ្សាយ និងផ្តល់ពត៌មាន) ទី២. ដំណាក់កាលបច្ចេកទេស ទី៣. ដំណាក់កាលពិនិត្យភាពសមស្រប (ការជ្រើសរើស) ទី៤. ដំណាក់កាលពិនិត្យ សម្រេច និងផ្តល់សុពលភាព និង ទី៥. ដំណាក់កាលផ្តល់ដី ការពារព្រៃ និងការអភិវឌ្ឍ៕
ដោយ៖ ង៉ិល ណារ៉ាត់

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១១ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ