ព័ត៌មានជាតិ
អ្នកវិភាគ និងអ្នកឃ្លាំមើល ចង់ឃើញច្បាប់ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តនៅក្នុងសម័យខ្មែរក្រហម ចេញជារូបរាងឱ្យបានឆាប់បំផុត
ភ្នំពេញ ៖ អ្នកវិភាគភូមិសាស្រ្តនយោបាយ និងអ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គម បានបង្ហាញសុទិដ្ឋិនិយមចំពោះ«ច្បាប់ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ» ដោយពួកគេចង់ឃើញច្បាប់នេះចេញជារូបរាងឱ្យបានឆាប់បំផុត ដើម្បីផ្តន្ទាទោសបុគ្គលមិនទទួលស្គាល់ និងទប់ស្កាត់កុំឱ្យឧក្រិដ្ឋកម្មនៃរបបនេះត្រឡប់មកវិញ។
ការលើកឡើងនេះនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ បន្ទាប់ពីសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានដឹកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ, សេចក្តីព្រាងច្បាប់ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក និងរបាយការណ៍វឌ្ឍនភាពនៃការរៀបចំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព។
លោក ថុង ម៉េងដាវីត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្ដិសុខបានថ្លែងថា «ខ្ញុំគាំទ្រចំពោះច្បាប់នេះ ហើយក៏ចង់ឃើញចេញជារូបរាងឱ្យបានឆាប់ដែរ ព្រោះការមិនទទួលស្គាល់ ការបដិសេធ ឬការជំទាស់នឹងអត្ថិភាពនៃឧក្រិដ្ឋកម្ម គឺមិនមែនជាការអនុវត្ដនូវសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនោះទេ»។
លោកបន្ថែមថា «ការមិនទទួលស្គាល់ឧក្រឹដ្ឋកម្មក្នុងរបបខ្មែរក្រហម គឺជាទង្វើប្រមាថយ៉ាងធ្ងន់ធ្ងរដល់វិញ្ញាណក្ខន្ធអ្នកដែលបានពលី និងដែលបានបាត់បង់ជីវិតនៅក្នុងសម័យដ៏ខ្មៅងងឹត និងធ្វើឱ្យមានការឈឺចាប់ដល់គ្រួសារជនរងគ្រោះដែលនៅរស់រានមានជីវិតរហូតដល់សព្វថ្ងៃនេះ»។
អ្នកវិភាគរូបនេះយល់ឃើញថា ពលរដ្ឋកម្ពុជា ទើបទទួលបានយុត្តិធម៌ចំពោះការទទួលរងឧក្រិដ្ឋកម្មដែលរបបកម្ពុជាប្រជាធិបតេយ្យបានប្រព្រឹត្តមកលើខ្លួន ក្រោយពីបិទបញ្ចប់នូវអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០០១ ដើម្បីកាត់សេចក្តីឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ។
ចំណែកលោក សំ សឿន អ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គម និងនយោបាយបានថ្លែងថា «ខ្ញុំក៏ចង់ឱ្យច្បាប់នេះដែរ ខ្ញុំគាំទ្រ ហេតុអីបានជាខ្ញុំគាំទ្រ ព្រោះការមិនទទួលស្គាល់ការកាប់សម្លាប់ពលរដ្ឋស្លូតត្រង់ក្នុងរបបខ្មែរក្រហម គឺជាការប្រមាថជនរងគ្រោះដែលបានស្លាប់ក្នុងរបបខ្មែរក្រហម ហើយមិនអាចផ្ដល់យុត្តិធម៌សម្រាប់សាច់ញ្ញាតិដែលនៅរស់សព្វថ្ងៃនេះដែរ»។
លោកបន្តថា ពលរដ្ឋកម្ពុជាមិនចង់ឃើញសង្រ្គាម ឬការវិលត្រឡប់នូវរបបខ្មែរក្រហមនោះទេ ខណៈដែលសន្តិភាព និងការផ្សះផ្សា គឺជាបញ្ហាចម្បងរបស់ពិភពលោក។ លើសពីនេះ ប្រទេសមួយចំនួនកំពុងតែឆាបឆេះសង្រ្គាមយ៉ាងសន្ធោរសន្ធៅនៅតាមតំបន់មួយចំនួន ដោយពាក់ព័ន្ធនឹងតួអង្គប្រកបដោយសក្តានុពលជាច្រើន ដែលគម្រាមកំហែងដល់អរិយធម៌មនុស្សជាតិ។
សម្រាប់កម្ពុជាទើបតែមានសន្តិភាពពេញលេញរយៈពេល ២៦ឆ្នាំនេះ ប៉ុន្ដែលោកបានកត់សម្គាល់ថា នៅតែមានពួកជ្រុលនិយមមួយចំនួនតូចព្យាយាមសាបព្រោះឥតឈប់ឈរនូវនយោបាយសតិអារម្មណ៍ជ្រុលនិយមមកលើសង្គមជាតិកម្ពុជា សំដៅអុជអាល ញុះញង់ បំផុសប្រជាជន កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការឱ្យធ្វើការប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ ដែលនោះគឺជាការគម្រាមកំហែងដល់សន្តិភាព។
កម្ពុជាបានអនុម័តច្បាប់នេះម្ដងរួចហើយកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣ ហើយបានធ្វើបច្ចុប្បន្នភាពកាលពីថ្ងៃទី២៥ ខែធ្នូ ២០២៤ ខណៈឆ្នាំនេះមាន ៧មាត្រា ហើយដាក់ឱ្យប្រើប្រាស់ជំនួសច្បាប់ចាស់ដែលរដ្ឋសភាអនុម័តកាលពីឆ្នាំ២០១៣។
បើតាមទីស្ដីការគណៈរដ្ឋមន្ត្រីបញ្ជាក់ថា ការបង្កើតច្បាប់ខាងលើនេះ គឺផ្អែកទៅលើទិដ្ឋភាពរួមផ្នែកប្រវត្ដិសាស្ដ្រ និងឧក្រិដ្ឋកម្មក្នុងសម័យខ្មែរក្រហមរួមមាន ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការរំលោភបំពានធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណេវឆ្នាំ១៩៤៩ ដែលជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់ព្រហ្មទណ្ឌកម្ពុជា ការរំលោភទៅលើច្បាប់មនុស្សធម៌អន្ដរជាតិ ព្រមទាំងការរំលោភលើអនុសញ្ញាអន្ដរជាតិដែលកម្ពុជាទទួលស្គាល់៕



-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?