ព័ត៌មានជាតិ
ប្រព័ន្ធគាំពារសង្គម គ្រោងដាក់ចេញប្រព័ន្ធបញ្ជាក់ចំណាយឌីជីថល ដើម្បីទូទាត់ថវិកាពីប.ស.ស ទៅកាន់ពេទ្យឱ្យប្រសិទ្ធភាព និងបង្កភាពងាយស្រួលបន្ថែមដល់ពលរដ្ឋ
នាពេលឆាប់ៗនេះ ប្រព័ន្ធគាំពារសង្គម គ្រោងនឹងដាក់ចេញនូវប្រព័ន្ធចំណាយឌីជីថល ដើម្បីទូទាត់ថវិកាពីប.ស.ស ទៅកាន់ពេទ្យឱ្យប្រសិទ្ធភាព និងបង្កភាពងាយស្រួលបន្ថែមដល់ពលរដ្ឋក្នុងពេលទៅព្យាបាលសុខភាពដោយប្រើប្រាស់ ប. ស.ស ក៏ដូចជាបង្កើនសុក្រឹត្យភាព ប្រសិទ្ធភាព តម្លាភាព និងមាននិរន្តរភាព។

ដើម្បីត្រៀមលក្ខណៈជាមុន ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ និងនិយ័តករសន្តិសុខសង្គម បានសហការគ្នារៀបចំសិក្ខាសាលាស្តីពី “ការត្រៀមលក្ខណៈសម្រាប់អនុវត្តប្រព័ន្ធបញ្ជាក់ចំណាយក្នុងប្រព័ន្ធគាំពារសង្គមនៅកម្ពុជា” ក្នុងគោលបំណងផ្សព្វផ្សាយអំពីផែនការក្នុងការដាក់ឱ្យដំណើរការប្រព័ន្ធបញ្ជាក់ចំណាយថ្មីសម្រាប់ប្រព័ន្ធគាំពារសង្គមកម្ពុជា ព្រមទាំង ចែករំលែកនូវទិដ្ឋភាពបច្ចេកទេសដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងភាគីផ្តល់សេវា។

លោកស្រី ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាននៃគណៈកម្មាធិកាប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គមលើកឡើងថា ការផ្ទេរសមត្ថកិច្ចនៃការបញ្ជាក់ចំណាយពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) មកទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ ជាមួយនឹងការរៀបចំដាក់ឱ្យដំណើរការប្រព័ន្ធបញ្ជាក់ចំណាយឌីជីថលថ្មីនេះ គឺជាវឌ្ឍនភាពដ៏មានសារៈសំខាន់មួយបន្ថែមទៀតរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចខិតខំ កែទម្រង់អភិបាលកិច្ចនៃប្រព័ន្ធគាំពារសង្គមកម្ពុជា ស្របតាមការចង្អុលបង្ហាញរបស់ “ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥” ក្នុងគោលបំណងធានាបាននូវប្រតិតុល្យការរវាងមុខងារអ្នកទូទាត់សេវា អ្នកផ្តល់សេវា និងអ្នកបញ្ជាក់ចំណាយ ឱ្យមានឯករាជ្យភាពពីគ្នា ដែលរួមចំណែកក្នុងការធានាឱ្យបាននូវតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងភាពត្រឹមត្រូវនៃការទូទាត់ថ្លៃសេវាជូនមូលដ្ឋានសុខាភិបាល ដែលបានផ្តល់សេវាក្រោមប្រព័ន្ធគាំពារសង្គម។

លោកស្រីរដ្ឋលេខាធិការ ក៏បានបន្តថា បន្ទាប់ពីរាជរដ្ឋាភិបាល អភិវឌ្ឍប្រព័ន្ធគាំពារសង្គមជាបន្តបន្ទាប់មក កំណើនរបស់ពលរដ្ឋបានប្រើប្រាស់ បណ្ណ ប.ស.ស. បណ្ណសមធម៌ និងបណ្ណផ្សេងៗមួយចំនួនទៀត ដើម្បីមកទទួលការព្យាបាលជំងឺនៅមូលដ្ឋានសុខាភិបាល មានការកើនឡើងគួរឱ្យកត់សម្គាល់។ ផ្អែកលើទិន្នន័យបច្ចុប្បន្ន ការប្រើប្រាស់សេវាក្រោមមូលនិធិសមធម៌មានចំនួនប្រមាណជាង ៤,៧ លានករណី, ខណៈការប្រើប្រាស់សេវាសុខាភិបាលនៅមូលដ្ឋានសុខាភិបាលឯកជន ក្រោមរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព និងផ្នែកហានិភ័យការងារ បានកើនឡើងយ៉ាងខ្លាំង ដល់ចំនួនយ៉ាងហោចណាស់ជាង ៧ លានករណី ក្នុងឆ្នាំ២០២៤ ដែលចំនួននេះមិនទាន់បានរាប់បញ្ចូលករណីប្រើប្រាស់សេវាសុខាភិបាលនៅមូលដ្ឋានសុខាភិបាលសាធារណៈនៅឡើយទេ។

ស្របជាមួយគ្នាដែរនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវ “ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥” ជាមួយ នឹងការ កំណត់ទិសដៅឱ្យប្រព័ន្ធគាំពារសុខភាពសង្គមពង្រីកវិសាលភាពគ្របដណ្តប់ជាបណ្តើរៗរហូតដល់ ៨០% នៃពលរដ្ឋសរុប នៅឆ្នាំ២០៣៥ ដែលការណ៍នេះនឹងនាំឱ្យមានការកើនឡើងជាបន្តបន្ទាប់នូវការប្រើប្រាស់សេវាសុខាភិបាលជាហូរហែផងដែរ។ ករណីនេះ សបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា យន្តការបញ្ជាក់ចំណាយបច្ចុប្បន្នដែលប្រើប្រាស់កម្លាំងមនុស្សសុទ្ធ នឹងមិនអាចធ្វើឱ្យមុខងារបញ្ជាក់ចំណាយប្រព្រឹត្តទៅបានប្រកបដោយសុក្រឹត្យភាព, ប្រសិទ្ធភាព, តម្លាភាព, និងមាននិរន្តរភាពនោះឡើយ ដែលទាមទារនូវការកែទម្រង់ជាចាំបាច់។

លោកស្រីរដ្ឋលេខាធិការ ស្នើដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ពិសេសក្រសួងសុខាភិបាល ផ្តល់កិច្ចសហការជិតស្និតជាមួយទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ ដើម្បីជំរុញការរៀបចំដាក់ឱ្យដំណើរការប្រព័ន្ធបញ្ជាក់ចំណាយឌីជីថលថ្មីនេះធ្វើទៅបានដោយជោគជ័យ និងរលូន នៅត្រីមាសទី៤ ឆ្នាំ២០២៥ នេះ តាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ