Connect with us

ព័ត៌មានជាតិ

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

បានផុស

នៅ

ភ្នំពេញ ៖ គណៈ​ប្រឹក្សាភិបាល នៃកម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III : Decent Employment for Youth in Cambodia Programme Phase 3) បានរៀបចំកិច្ចប្រជុំលើកទី១ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Joseph Scheuer អ្នកសម្របសម្រួលនៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា ដោយមានវត្តមានចូលរួមពីតំណាងអន្តរក្រសួង, តំណាងអង្គការអន្តរជាតិ ទីភ្នាក់ងារនៃអង្គការសហប្រជាជាតិ, ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC), និងតំណាងសមាគមនិយោជក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំនេះ មានគោលបំណង ទី១/ ពិនិត្យលើវឌ្ឍនភាពការងារក្នុងឆ្នាំដំបូងនៃកម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III), ទី២/ ការពិនិត្យឡើងវិញ និងអនុម័តផែនការការងាររបស់ DEY III សម្រាប់ឆ្នាំ ២០២៥, ទី៣/ ពិនិត្យ និងអនុម័តលើបែបបទការងាររបស់លេខាធិការដ្ឋានរួម DEY III, ទី៤/ ពិភាក្សាអំពីអនុសាសន៍គោលនយោបាយសំខាន់ៗ ដោយផ្អែកលើសន្និសីទសេដ្ឋកិច្ចការងារ ឆ្នាំ២០២៤។

តាមរយៈកិច្ចប្រជុំនេះ លោក ហេង សួរ បានសម្តែងការអរគុណចំពោះដៃគូរបស់អង្គការសហប្រជាជាតិ ដូចជា អង្គការអន្តរជាតិខាងការងារ (ILO), អង្គការ UNESCO, អង្គការ UNIDO, អង្គការ UNICEF, និងក្រសួងពាក់ព័ន្ធ, ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ(SDC), រួមនិងភាគីពាក់ព័ន្ធផ្សេងទៀត ដែលខិតខំប្រឹងប្រែងរួមគ្នាសម្រាប់កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣(DEY III)។

លោក​រដ្ឋមន្ត្រី បាន​គូស​បញ្ជាក់​ថា កម្មវិធី​មុខរបរ​និង​ការងារ​សមរម្យ​របស់​យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III) មានសារៈសំខាន់ក្នុងការធានានូវការងារសមរម្យសម្រាប់យុវជន និងការពង្រីកលទ្ធភាពសម្រាប់យុវជនក្នុងការទទួលបានការបណ្តុះបណ្តាលជំនាញដែលមានគុណភាព និងស្របតាមតម្រូវការជាក់ស្តែង។

ក្នុង​កិច្ច​ប្រជុំ​នេះ​ដែរ លោក Joseph Scheuer ក៏បានថ្លែងអំណរគុណចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងពាក់ព័ន្ធ ក៏ដូចជាភាគីពាក់ព័ន្ធនានាដែលចូលរួមយ៉ាងសកម្មក្នុងការចាប់ផ្តើមការអនុវត្តកម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)។ លោកជឿជាក់ថា កម្មវិធី DEY III នេះ នឹងរួមចំណែកដល់មហិច្ឆតារួមរបស់រាជរដ្ឋាភិបាលកម្ពុជា និងផែនទីជំរុញជាសកលផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម