Connect with us

ព័ត៌មានជាតិ

អភិបាលរងខេត្តកណ្ដាល ផ្ដាំអាជ្ញាធរជាប់ព្រំដែន រឹតបន្តឹងលើជនបរទេសដែលលួចជ្រៀតចូលខុសច្បាប់

បានផុស

នៅ

ឆ្លៀតឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការចុះត្រួតពិនិត្យវត្តមានស្នាក់នៅរបស់ជនបរទេសក្នុងខេត្តកណ្តាល នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ អភិបាលរងខេត្តកណ្ដាល លោក ហាក់ សុខមករា​ ផ្ដាំដល់អាជ្ញាធរក្រុង ស្រុក ជាប់ព្រំដែនប្រទេសវៀតណាម រឹតបន្តឹងលើជនបរទេសដែលលួចជ្រៀតចូលខុសច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហាក់ សុខមករា បានសង្កត់ធ្ងន់ដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុកទាំង១៣ ជាពិសេសក្រុង ស្រុក ដែលជាប់នឹងព្រំដែនវៀតណាម ត្រូវរឹតបន្តឹងលើជនបរទេសដែលលួចជ្រៀតចូលខុសច្បាប់ ជនបរទេសស្នាក់នៅហួសសុពលភាពនៃទិដ្ឋាការស្នាក់នៅបណ្តោះអាសន្ន ជនបរទេសជាមុខសញ្ញាស្វែងរកចាប់ខ្លួន ឬ ស្ថិតក្នុងបញ្ជីមុខសញ្ញាអន្តោប្រវេសន៍ប្រកបមុខរបរ និងធ្វើការងារក្នុងព្រះរាជាណាចក្រកម្ពុជាដោយខុសច្បាប់ស្តីពីការងារ ត្រូវមានវិធានការម៉ឺងម៉ាត់តាមច្បាប់។

អភិបាលរងខេត្តកណ្តាល បានផ្តាំនូវការងារសំខាន់ៗមួយចំនួនដល់អាជ្ញាធរមានសមត្ថិកិច្ចសម្រាប់យកទៅអនុវត្ត  ដោយត្រូវចុះធ្វើស្ថិតិលើផ្ទះជួល ផ្ទះសំណាក់ ខុនដូរ អាផាតមិន សណ្ឋាគារ សហគ្រាស សិប្បកម្ម អាជីវកម្ម ដើម្បីងាយស្រួលគ្រប់គ្រងមុខសញ្ញាជនបរទេសដែលធ្វើការ ឬប្រកបអាជីវកម្មខុសច្បាប់ក្នុងមូលដ្ឋានខេត្តកណ្តាល។ ក្នុងនោះ ត្រូវចាត់វិធានការស៊ើបអង្កេតស្រាវជ្រាវជនបរទេសដែលប្រព្រឹត្តបទល្មើសពាក់ព័ន្ធនឹងការជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម អាជីវកម្មផ្លូវភេទ និងបទល្មើសសម្អាតប្រាក់ ព្រមទាំងបទល្មើស ផ្សេងៗទៀត ដែលបានប្រព្រឹត្តនៅក្នុងទីតាំងមានជនបរទេសស្នាក់នៅ ដើម្បីសហការចាត់វិធានការបង្ក្រាបបទល្មើសទាំងនោះតាមច្បាប់ជាធរមាន។

បន្ថែមពីនេះ លោក បានប្រាប់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ត្រូវធ្វើសៀវភៅស្នាក់នៅ (ក២) និងចេញលិខិតផ្លាស់ទីលំនៅដល់ជនបរទេសអន្តោប្រវេសន្ត ដែលស្ថិតក្នុងមូលដ្ឋានឱ្យស្របតាមសេចក្តីណែនាំលេខ០១៥ សណន ចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ របស់ក្រសួងមហាផ្ទៃ ស្តីពីការចេញលិខិតរដ្ឋបាល និងលិខិតអត្រានុកូលដ្ឋានឱ្យសហព័ទ្ធជាខ្មែរ កូន និងជនបរទេសអន្តោប្រវេសន្ត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម