ព័ត៌មានជាតិ
គណបក្សប្រជាជនកម្ពុជា បើកសន្និបាតបោះឆ្នោតជ្រើសតាំងបំពេញបន្ថែមសមាជិកគណៈអចិន្ត្រៃយ៍
គណបក្សប្រជាជនកម្ពុជា បានបើកសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៥ អាណត្តិទី៥ ដើម្បីបោះឆ្នោតជ្រើសតាំងបំពេញបន្ថែមសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល មួយចំនួន ក៏ដូចជាពិភាក្សា និងអនុម័តលើការងារសំខាន់ៗ ស្របពេលមួយដែលសភាពការណ៍សកលលោកកំពុងវិវត្តប្រែប្រួលមិនប្រាកដប្រជា។

សន្និបាតនេះធ្វើឡើងនៅវិមាន៧មករា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី ២៥ ខែមករានេះ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា អមដោយអនុប្រធានទាំង៥រូប និងមានសមាជិកគណៈកម្មាធិការកណ្តាលចូលរួម ១១៩១រូប។ សន្និបាតនេះ ក៏មានការចូលរួមពីសមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា មន្ត្រីជាន់ខ្ពស់នៅក្នុងរាជរដ្ឋាភិបាល រាជធានី ខេត្ត និង ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ថ្នាក់ដឹកនាំក្រុមការងារចុះមូលដ្ឋានរាជធានី ខេត្ត ថ្នាក់ដឹកនាំអង្គការមហាជនរបស់គណបក្ស ដែលធ្វើឱ្យសមាសភាពដែលបានអញ្ជើញចូលរួមសរុប មានចំនួនសរុប ៣៥៥៥រូបផងដែរ។

សន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជន នឹងធ្វើការពិភាក្សា និងអនុម័តលើការងារសំខាន់ៗរួមមាន ១. ពិនិត្យឆ្លងសេចក្តីព្រាង «របាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ ២០២៤ និងទិសដៅភារកិច្ចការងារឆ្នាំ ២០២៥» និង២. បោះឆ្នោតជ្រើសតាំងបំពេញបន្ថែមសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល មួយចំនួន។
យោងតាមរបាយការណ៍បើកសន្និបាតបានឱ្យដឹងថា ការសម្រេចបើកសន្និបាតគណៈកម្មាធិការកណ្តាលលើកទី ៤៥ នៅពេលនេះ ស្របពេលមួយដែលសភាពការណ៍សកលលោកបាន និងកំពុងវិវត្តប្រែប្រួលមិនប្រាកដប្រជា យ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងខិតខំប្រឹងប្រែងធ្វើឱ្យសម្រេចជាបន្តបន្ទាប់នូវគោលដៅជាយុទ្ធសាស្ត្ររបស់គណបក្ស តាមរយៈការអនុវត្ត “កម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការកសាង និងការពារមាតុភូមិពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៨” ដែលអនុម័តដោយមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សកាលពីថ្ងៃទី ២៨-២៩ ខែមករា ឆ្នាំ ២០២៣ ។

ឈរលើមូលដ្ឋាននេះ រាជរដ្ឋាភិបាលបានកំណត់ដាក់ចេញ និងអនុវត្តដោយរស់រវើកនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ ដោយសម្រេចបានស្នាដៃលេចធ្លោជាទីមោទនៈដូចជា ការពារបានរឹងមាំសន្តិភាព ស្ថិរភាពនយោបាយ ខឿន ឯករាជ្យ អធិបតេយ្យ និងបូរណភាពដែនដី, រក្សាបានល្អប្រសើរ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព សង្គម, រក្សាបានស្ថិរភាពជីវភាពប្រជាជន និងសេដ្ឋកិច្ចជាតិមានកំណើនក្នុងរង្វង់ ៦% បានបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោជាប្រវត្តិសាស្ត្រ បានដោះស្រាយបញ្ហាតំបន់ត្រីកោណ CLV- DTA ដើម្បីពង្រឹងការឯកភាពផ្ទៃក្នុង និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទាំងបី កម្ពុជា-វៀតណាម -ឡាវ។


សមិទ្ធផលផ្សេងទៀត ដូចជាបានបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន និងបានធ្វើឱ្យបរាជ័យរាល់ ឧបាយកលអាក្រក់របស់ក្រុមជ្រុលនិយមជាដើម។ លើសពីនេះទាំងស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័ននីតិប្បញ្ញត្តិ បានរួមគ្នាពង្រឹងពង្រីកបានល្អនូវការងារទំនាក់ទំនងបរទេស ការងារការទូត និងដៃគូអភិវឌ្ឍន៍ ហើយក៏បានធ្វើជាម្ចាស់ផ្ទះ និងជាប្រធានដឹកនាំកិច្ចប្រជុំធំៗជាអន្តរជាតិចំនួន ៤ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ប្រកបដោយជោគជ័យយ៉ាងត្រចះត្រចង់៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ