Connect with us

ព័ត៌មានជាតិ

ដល់​រដូវ​សត្វ​ក្រៀល​ បន្លាស់​ទី​មក​ដល់​អន្លង់​ព្រីង ខណៈ​សត្វ​កម្រ​ទម្លាប់​ដេកជាប់​ដី ​ក្លាយ​ជា​ទស្សនីយភាព​ទាក់ទាញ​ទេសចរ​ឆ្ងាយ​ជិត​មក​ទស្សនា​

បានផុស

នៅ

សត្វ​ក្រៀល​ដែល​ជា​ប្រភេទ​សត្វ​ទេសន្តរប្រវេសក៍ បាន​បន្លាស់​ទី​មក​រស់នៅ​តំបន់​ការពារ​ទេសភាព​អន្លង់​ព្រីង​ស្ថិត​នៅ​ក្នុង​ស្រុក​កំពង់ត្រាច​ខេត្ត​កំពត ជាប់​ព្រំដែន​ប្រទេស​វៀតណាម។

លោក ឃឹម សាមី អភិបាល​រង​ស្រុក​កំពង់ត្រាច​ខេត្ត​កំពត​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា ចាប់​ពី​ខែ​វិច្ឆិកា​ សត្វ​ក្រៀល​បាន​ចាប់ផ្ដើម​បន្លាស់​ទី​មក​រស់នៅ​តំបន់​អន្លង់​ព្រីង ​ដែល​មាន​ចម្ងាយ​មិន​ដល់ ៥០០ ម៉ែត្រ​ពី​ខ្សែ​បន្ទាត់​ព្រំដែន​ប្រទេស​វៀតណាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«ពេលនេះ​ជាដើម​រដូវ​នៃវដ្តធ្វើដំណើររបស់​សត្វក្រៀល​ក្នុងការរកចំណី និងមក​​រស់នៅ​ក្នុង​ដែន​អភិរក្ស​បឹង​អន្លង់ព្រីង។ នៅ​រដូវ​ប្រាំង​ចាប់ពី​ខែ​វិច្ឆិកា សត្វនេះ​បាន​បន្លាស់ទី​ពី​តំបន់​ភាគ​ខាង​ជើង​ខេត្ត​ព្រះវិហារ និង​ស្ទឹងត្រែង​ ​មក​រស់នៅ​និង​​រក​ចំណី​នៅ​តំបន់​ការពារទេសភាព​អន្លង់ព្រីង»។ លោក ឃឹម សាមី បាន​បញ្ជាក់។

លោក ឃឹម សាមី បាន​បន្ត​ថា តាម​ការ​ចុះ​ទិន្នន័យ មកដល់ពេលនេះ​សត្វ​ក្រៀល​បាន​ហើរ​មក​រស់នៅ ​និង​រក​ចំណី​នៅ​តំបន់​អភិរក្ស​អន្លង់​ព្រីង​មាន​ជិត ៧០ ក្បាល ខណៈ​ខែ​មីនា និង​មេសា​អាច​កើន​ដល់ ១០០ ក្បាល​។

សត្វ​ក្រៀល​មាន​ជីវសាស្ត្រ​រស់នៅ​ខុស​ពី​សត្វ​ស្លាប​ដទៃ ដោយ​មាន​ទម្លាប់​ដេក​នៅ​លើ​ដី​ខុស​ពីសត្វ​ស្លាប​ដទៃ​ទៀត​ដែល​មានទម្លាប់​ដេក​ទុំ​នៅ​លើ​ចុង​ឈើ។

នៅ​តំបន់​ការពារ​ទេសភាព​អន្លង់ព្រីង អាជ្ញាធរ​បាន​រៀបចំផ្ទៃ​ដី​ជាង ២១៩ ហិកតា ដើម្បី​អភិរក្ស​ការពារ​សត្វ​ក្រៀល ខណៈ​មាន​អង្គការ​ជា​ដៃគូ​​មួយ​បាន​បង្កើត​គម្រោង​ស្រូវ​មិត្ត​ក្រៀល ដោយ​រៀបចំ​ផ្ទៃដី​ស្រែ​រាប់​រយ​ហិកតា​នៅ​ជុំវិញ​តំបន់​អភិរក្ស ដើម្បី​ទុក​ជា​ចំណី​របស់​វា​ផង​ដែរ។

​លោក សាមី បានបញ្ជាក់ថា តាមរយៈ​គម្រោង​ស្រូវ​មិត្ត​ក្រៀល គឺ​កសិករ​ច្រូត​ស្រូវ​តែ ៧០% ហើយ​ទុក ៣០% ដើម្បី​ធ្វើ​ជា​ចំណី​របស់​សត្វ​ក្រៀល។

តំបន់​អន្លង់​ព្រីង​ជា​តំបន់​ដី​សើម​ដែល​សំបូរ​ចំណី ជាពិសេស​មាន​ប្រភេទ​មើម​ម្យ៉ាង​ដែល​ជា​ចំណី​ចូល​ចិត្ត​របស់​សត្វ​ក្រៀល​។

សត្វ​ក្រៀល​បាន​ក្លាយ​ជា​គោលដៅ​ទេសចរ​របស់​ទេសចរ​ជាតិ​និង​អន្តរជាតិ ​មក​ទស្សនា​ចាប់​ពី​ខែ​វិច្ឆិកា​ដល់​ឧសភា ដែល​ជា​រដូវពួកវា​​បន្លាស់​ទី​ពីតំបន់​ភាគ​ខាងជើង មក​រស់នៅ​និង​រក​ចំណី​នៅ​តំបន់​ទេសភាព​អន្លង់​ព្រីង។

លោក ឃឹម សាមី បាន​បញ្ជាក់ថា ក្នុង​ចំណោម​ស្រុក​ក្នុង​ខេត្ត​កំពត មាន​តែ​នៅ​អន្លង់​ព្រីង​ក្នុង​ស្រុក​កំពង់ត្រាច​ដែល​មាន​សត្វ​ក្រៀល​មកតាំងទី​​រស់នៅតាមរដូវកាល​។

បើ​តាម​លោក​អភិបាល​រង​ស្រុកកំពង់ត្រាច នៅ​ដើម​ឆ្នាំ ២០២៥ មាន​ភ្ញៀវ​ទេសចរ​ជាតិ​មក​លេង​យ៉ាងច្រើន ខណៈ​តំបន់​អភិរក្ស​សត្វក្រៀ​លនេះ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​តភ្ជាប់ សម្រួល​ដល់​ភ្ញៀវ​ទេសចរ​ឆ្ងាយ​ជិត​អាច​ធ្វើ​ដំណើរ​មក​ទស្សនា​សត្វ​ក្រៀល​បាន​ងាយស្រួល។

សម្រាប់​ការ​ធ្វើ​ដំណើរ​មក​តំបន់​អន្លង់ព្រីង ភ្ញៀវទេសចរ​អាច​មាន​ជម្រើស​ផ្លូវ​ចំនួន ៣ ខ្សែ​ធំៗ ដោយ​អាច​ធ្វើ​ដំណើរ​បំបែក​ពី​ផ្លូវ​ជាតិ​​លេខ ៣១ មក​តាម​បឹង​សាលា​ខាង​ត្បូង​​និង​ខាង​ជើង, ធ្វើដំណើរ​បំបែក​ពី​ផ្លូវលេខ​ ១១៧ វត្តព្រែកក្រើស មក​តាម​វត្ត​ខ្វែង​អំពារ​ ឬ​អាច​ធ្វើ​ដំណើរ​បំបែក​ពី​ផ្លូវ​ជាតិ​លេខ ៣៣ ពី​ច្រក​អន្តរជាតិ​ព្រែកចាក​តាម​ភ្នំ​ទឹកធំ ​ក៏​អាច​មក​ដល់​តំបន់​អន្លង់ព្រីង​តាម​គ្រប់​មធ្យោបាយ​មិន​ថា​ឡាន​តូច​ឬ​ឡាន​ធំ។

សត្វ​ក្រៀល ជាប្រភេទបក្សីដែលមានទម្ងន់ធ្ងន់ និងខ្ពស់ជាងគេ អាចហើរបានក្នុងរយៈចម្ងាយឆ្ងាយ ដែល​បច្ចុប្បន្ន​កំពុងតែទទួល​រងការគំរាម​កំហែងឈានទៅជិតផុតពូជ។ នៅឆ្នាំ​២០២១ ប្រទេស​កម្ពុជា​បាន​កត់ត្រាចំនួនសត្វក្រៀលសរុបចំនួន ១៥៦ ក្បាល

​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម