ព័ត៌មានជាតិ
សន្និបាតគណបក្សប្រជាជន៖ ឆ្នាំ២០២៥ សេដ្ឋកិច្ចកម្ពុជា រំពឹងងើបឡើងក្នុងអត្រាកំណើន ៦.៣%
ក្នុងឆ្នាំ២០២៥ សេដ្ឋកិច្ចកម្ពុជា រំពឹងងើបឡើងក្នុងអត្រាកំណើន៦.៣% ដែលនេះនឹងឆ្លុះបញ្ចាំងឱ្យឃើញថា សេដ្ឋកិច្ចកម្ពុជាកំពុងត្រឡប់មករកស្ថានភាពកំណើនដូចពេលមុនមានវិបត្តិជំងឺកូវីដ-១៩។ នេះជាការរំពឹងទុករបស់គណបក្សប្រជាជនកម្ពុជា ដែលបានកត់សម្គាល់នៅក្នុងសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៥ អាណត្តិទី៥។

សន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ របស់គណបក្សប្រជាជនកម្ពុជា បានប្រព្រឹត្តទៅរយៈពេល២ថ្ងៃពេញ គឺនៅថ្ងៃទី២៥ និងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ នៅវិមាន៧មករា ក្រោមអធិបតីភាពដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស និងសម្ដេចជាអនុប្រធានគណបក្ស រួមមាន សម្តេច ស ខេង សម្តេច សាយ ឈុំ សម្តេច ទៀ បាញ់ សម្តេច ម៉ែន សំអន សម្តេចធិបតី ហ៊ុន ម៉ាណែត។ ដោយមានការចូលរួមពីគណៈអចិន្ត្រៃយ៍ សមាជិក សមាជិកានៃគណៈកម្មាធិការកណ្តាល មន្ត្រីគណបក្ស ជាសមាជិក សមាជិកានៃរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល មន្ត្រីជាន់ខ្ពស់ និងតំណាងនៃគណៈកម្មាធិការគណបក្សក្រសួងស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ព្រមទាំងអង្គការយុវជន បណ្តាអង្គការមហាជនរបស់គណបក្ស ដែលមានចំនួនសរុប ៣ ៥៥៥ រូប។

អង្គសន្និបាត បានកត់សម្គាល់ប្រកបដោយមោទនភាពចំពោះសភាពការណ៍ទូទៅ ក្នុងឆ្នាំ២០២៤ ដែលធានាដល់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងការរស់នៅដ៏សុខសាន្តរបស់ប្រជាជននៅក្រោមម្លប់សន្តិភាព។ សន្និបាត បានវាយតម្លៃខ្ពស់រាជរដ្ឋាភិបាល នីតិកាលទី៧ បើទោះបីត្រូវជួបការលំបាកជាច្រើនក្តី ក៏រាជរដ្ឋាភិបាលបន្តវេនរបស់គណបក្សប្រជាជនកម្ពុជានេះ បានបំពេញបេសកកម្មជាប្រវត្តិសាស្ត្ររបស់ខ្លួន ដោយជោគជ័យ ក្នុងការដឹកនាំអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលបានឆ្លើយតបទៅនឹងសេចក្តីសង្ឃឹម និងការជឿជាក់របស់ប្រជាជន។

យោងតាមខ្លឹមសារនៅក្នុងសេចក្តីប្រកាសរបស់គណបក្សប្រជាជន នាល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ អង្គសន្និបាត បានកត់សម្គាល់ប្រកបដោយមោទនភាពចំពោះសមិទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដែលបានឆ្លុះបញ្ចាំងនូវភាពធន់នៃសេដ្ឋកិច្ចកម្ពុជា ក្នុងបរិការណ៍ដែលត្រូវប្រឈមនឹងការវិវត្តដ៏ស្មុគស្មាញនៃសភាពការណ៍អន្តរជាតិ និងកត្តាអវិជ្ជមានជាច្រើនទៀត។ ជាក់ស្តែង ឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជាងើបឡើងក្នុងអត្រាកំណើន ៦.០% អតិផរណាមានអត្រាទាប ០.៨% អត្រាប្តូរប្រាក់រៀលមានស្ថិរភាពស្ថិតក្នុងរង្វង់ ៤ ០៧១រៀល ឯទុនបម្រុងអន្តរជាតិ បានកើនឡើងដល់ ២២ ៥១១លានដុល្លារអាមេរិក ដែលអាចធានាការនាំចូលបានប្រមាណ៧ខែក្នុងឆ្នាំ២០២៤ ខណៈស្ថានភាពការងារក៏មានស្ថិរភាព។
លើមូលដ្ឋាននេះ ជីវភាពរបស់ប្រជាពលរដ្ឋកាន់តែមានភាពប្រសើរឡើង ដែលបានឆ្លុះបញ្ចាំងតាមរយៈការបន្តកើនឡើងនៃផលិតផលសរុបក្នុងស្រុកជាមធ្យមក្នុងមនុស្សម្នាក់ពី ២ ៥២០ដុល្លារ ក្នុងឆ្នាំ២០២៣ ដល់ប្រមាណ ២ ៧១៣ដុល្លារ ក្នុងឆ្នាំ ២០២៤។

សន្និបាតគណបក្សប្រជាជនកម្ពុជា បានអះអាងថា លើមូលដ្ឋាននៃការរីកចម្រើនក្នុងឆ្នាំ២០២៤ ជាមួយនឹងការងើបឡើងវិញជាបណ្តើរៗនៃសេដ្ឋកិច្ចសកល សេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២៥ ត្រូវបានរំពឹងថានឹងបន្តងើបក្នុងអត្រាកំណើន៦.៣%។
ជាមួយនឹងការរីកចម្រើនខាងសេដ្ឋកិច្ច រាជរដ្ឋាភិបាល ក៏បានបន្តអនុវត្តយ៉ាងសកម្មនូវក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០១៦-២០២៥ រួមទាំងកម្មវិធីគោលនយោបាយជាអាទិភាពទាំង៦ ដែលបានផ្តល់ផលវិជ្ជមានដល់ការរក្សាស្ថិរភាពជីវភាព ការពង្រឹងសុខុមាលភាពប្រជាជន ការបណ្តុះបណ្តាលមុខជំនាញ និងដោះស្រាយការងារធ្វើ ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសការបង្កើនកិច្ចគាំពារសង្គមដល់ប្រជាជនក្រីក្រ និងងាយរងហានិភ័យ។
ដូចមានគូសបញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មាន សន្និបាតគណបក្សប្រជាជនកម្ពុជា បានកត់សម្គាល់លើវិសាលភាពនៃការគ្របដណ្តប់របស់ប្រព័ន្ធគាំពារសង្គមបានរីកធំជាងមុន ២ដង បើធៀបនឹងឆ្នាំ២០១៧ ដោយបានគ្របដណ្តប់ពលរដ្ឋជាង ៧លាននាក់។ ក្នុងនោះ ប្រាក់បៀវត្សរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និវត្តជន និងអតីតយុទ្ធជនត្រូវបានដំឡើងមួយកម្រិតទៀត ខណៈជីវភាពរបស់កម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ក៏បានលើកកម្ពស់ជាលំដាប់តាមរយៈការពង្រឹងលក្ខខណ្ឌការងារ ការពង្រឹងរបប សន្តិសុខសង្គម និងការដំឡើងប្រាក់ឈ្នួលអប្បបរមាដល់ ២០៨ ដុល្លារអាមេរិកក្នុងមួយខែ សម្រាប់ឆ្នាំ២០២៥នេះ បើបូកសរុបទាំងអត្ថប្រយោជន៍ផ្សេងៗទៀត កម្មករនិយោជិតអាចទទួលបានប្រាក់ឈ្នួលចន្លោះពី២២៥ ដល់ ២៣៦ដុល្លារ យ៉ាងតិចក្នុង១ខែ។

ឈរលើវឌ្ឍនភាពដ៏ល្អប្រសើរនេះ អង្គសន្និបាតគណបក្សប្រជាជនកម្ពុជា បានសម្ដែងការពេញចិត្តចំពោះរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងរយៈពេលតែ១ឆ្នាំ៧ខែប៉ុណ្ណោះ បានកសាង និងអភិវឌ្ឍប្រទេសឱ្យកាន់តែមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ខណៈចំណូលរបស់ប្រជាពលរដ្ឋបានកើនឡើង ដែលនេះសបញ្ជាក់អំពីការរីកចម្រើនខាងសេដ្ឋកិច្ច៕
ដោយ៖ ធឿន វ៉ាន់សុង

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល