ព័ត៌មានជាតិ
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
ក្រសួងធម្មតាកំពុងពិនិត្យចាត់វិធានការលើបុគ្គលហៅខ្លួនឯងថា សាស្តា សក្ខី ភគវន្ត ដែលបាននិយាយរិះគន់ដល់ព្រះសង្ឃថាជាបន្ទុករបស់ពលរដ្ឋ ហើយព្រះត្រៃបិដកជាបិដកមិនគ្រប់ទឹក។

អ្នកនាំពាក្យក្រសួងធម្មការ និងសាសនាលោក ឆាត សុឆេត ថាប្រាប់កម្ពុជាថ្មីនៅថ្ងៃទី២៧ ខែមករា នេះថាក្រសួងបានឃើញពីករណីដែលបុគ្គលតាំងខ្លួនជាអ្នកសាសនាខាងលើបាននិយាយលើបណ្ដាញសង្គម ហើយក្រសួងក៏បានស្រាវជ្រាវរកឃើញថាក្រុមបុគ្គលនេះបានចុះបញ្ជីសមាគមនៅក្រសួងមហាផ្ទៃនិងបានប្រតិបត្តិសាសនា។ លោកថានៅពេលនេះក្រសួងកំពុងពិនិត្យចាត់វិធានការលើបុគ្គលនេះហើយ។
លោកថា៖ «យើងដឹងហើយថាប្រជាពលរដ្ឋគ្រប់រូបទាំងអស់មានសិទ្ធិសេរីភាពក្នុងជំនឿប៉ុន្ដែមិនបង្ករូបភាពអសន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម។ ការលើកឡើងរបស់គាត់វាពិតជាប៉ះពាល់ដល់សតិអារម្មណ៍របស់ពុទ្ធសាសនិករបស់យើងជាង៩០% ជាពិសេសគឺប៉ះពាល់ដល់គុណតម្លៃរបស់ព្រះសង្ឃ»។

ការលើកឡើងរបស់ក្រសួងធម្មការនៅពេលនេះគឺបន្ទាប់ពីមានវីដេអូមួយកាលពីថ្ងៃទី២៣ ខែមករា ដែលបុគ្គលតាំងខ្លួនជា សាស្តា សក្ខី ភគវន្ត បានលើកឡើងថា ព្រះសង្ឃបួសក្លាយជាទម្ងន់ អំពល់ទុក្ឋដល់ពុទ្ធបរិស័ទ។
ជននេះលើកឡើងថា៖ «នៅក្នុងសម័យកាលយើងនេះវាឈានទៅរកសេចក្ដីវិនាសនៃសាសនាហើយ បួសជាសង្ឃលំបាករស់នៅ។ យើងពិបាកនឹងអាស្រ័យចង្ហាន់ ស្រណោះដល់ពុកម៉ែបងប្អូនតាមភូមិតាមស្រុកដែលធ្វើកិច្ចការងារហើយត្រូវចិញ្ចឹមព្រះសង្ឃដែលពេញកម្លាំងនេះ»។

បុគ្គលនេះក៏ធ្លាប់លើកឡើងថាព្រះត្រៃបិដកដែលកំពុងប្រើប្រាស់សព្វថ្ងៃគឺជាបិដកមិនគ្រប់ទឹកផងដែរ។
ក្រោយការលើកឡើងនេះមហាជន និងព្រះសង្ឃបានប្រតិកម្មជាបន្តបន្ទាប់លើបុគ្គលខាងលើ។ ក្នុងនោះព្រះភិក្ខុ វជិរប្បញ្ញោ គូ សុភាព បានបង្ហោះលើហ្វេសបុកផេករបស់ព្រះអង្គដោយមានសង្ឃដីកាថារឿងបួសមិនកើតជារឿងរបស់ខ្លួនឯងមិនគួរយករឿងនេះមកបង្អាប់បង្អោនព្រះសង្ឃទេ។

ព្រះអង្គ គូ សុភាព លើកឡើងថា៖«រឿងញោមមានប្រពន្ធកូន បួសមិនកើត ជារឿងរបស់ញោម មិនគួរបង្អាប់បង្អោនព្រះសង្ឃទេ។ ព្រះរតនត្រ័យមាន ៣ គឺ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ មិនមែនព្រះពុទ្ធ ព្រះធម៌ ឧបាសកទេ»។
ចំណែក ព្រះធម្មវិជ្ជា ជួន កក្កដា គង់នៅវត្តប្រាសាទនាងខ្មៅ ខេត្តតាកែវ ដែលបានមើលថែទាំបណ្ដុះបណ្ដាលព្រះសង្ឃជិត៥ពាន់អង្គក្នុងរយៈពេល១០ឆ្នាំមកនេះក៏មានថិរដីកាផងដែរថាការលើកឡើងរបស់បុគ្គលខាងលើគឺខុសធ្ងន់ណាស់ ហើយថែមទាំងមើលងាយដល់សុទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ ជាន់ឈ្លីពុទ្ធវចនមើលងាយអ្នកប្រាជ្ញរបស់ខ្មែរក្រុមជំនុំព្រះត្រៃបិដក ដែលលោកខិតខំប្រឹងដើម្បីព្រះត្រៃបិដកនេះឡើងទៀត។

ព្រះបានសរសេរលើហ្វេសបុកផេករបស់ព្រះអង្គថា៖«សូមចម្រើនពរដល់ញោមអាជ្ញាធរដែលពាក់ពន័្ធមេត្តាចាត់វិធានការតាមផ្លូវច្បាប់លើបុគ្គល ដែលប្រមាថមើលងាយលើព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋម្នាក់នេះផង»។
រដ្ឋធម្មនុញ្ញកម្ពុជាមាត្រា៤៣ កថាខណ្ឌទី៣បានចែងថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។ បន្ថែមលើនេះក្រមព្រហ្មទណ្ឌកម្ពុជាក៏បានការពារដល់សាសនារបស់រដ្ឋនេះផងដែរ។ ក្នុងមាត្រា ៥១៦ នៃក្រមព្រហ្មទណ្ឌ ការប្រមាថចំពោះព្រះសង្ឃ ដូនជី និងតាជី អាចប្រឈមនឹងដាក់ទោសពន្ធនាគារពី ១ថ្ងៃទៅ៦ថ្ងៃ និងពិន័យជាប្រាក់ពី ១ពាន់រៀល ដល់១សែនរៀល៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?