ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងបរិស្ថានសំណូមពរកាត់បន្ថយការដុតក្រដាសក្នុងពេលចូលឆ្នាំចិន
អ្នកនាំពាក្យក្រសួងបរិស្ថានលោក ខ្វៃ អាទិត្យា សំណូមពរដល់ពលរដ្ឋដែលជាប់ខ្សែចិន-វៀតណាមចូលរួមកាត់បន្ថយការដុតក្រដាសបញ្ចេញផ្សែងក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំចិនបើទោះបីស្ថានភាពខ្យល់នៅក្នុងប្រទេសកម្ពុជាវិលមកស្ថានភាពល្អប្រសើរវិញក៏ដោយ។

លោក ខ្វៃ អាទិត្យា បានប្រាប់កម្ពុជាថ្មីនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥នេះថា ទោះបីជាស្ថានភាពខ្យល់ល្អវិញក៏ដោយក៏ពលរដ្ឋគួរចូលរួមក្នុងការកាត់បន្ថយការបញ្ចេញផ្សែងពីការការដុតសំរាម ដុតក្រដាស ដុតប្លាស្ទិកជាដើម ដើម្បីថែរក្សាសោភ័ណភាព និងការពារបរិស្ថាន។
លោកថា៖ «ក្នុងពេលនេះដែរជារដូវបុណ្យទៀនសម្រាប់ប្រជាពលរដ្ឋដែលមានខ្សែស្រឡាយជនជាតិចិន ជនជាតិវៀតណាមសូមស្នើឱ្យមានការចូលរួមបន្ថែមទៀតកាត់បន្ថយការដុតការបញ្ចេញផ្សែងដែលអាចបង្កឱ្យមានការបំពុលបរិយាកាស ជាពិសេសនោះគឺវាធ្វើឱ្យប៉ះពាល់ដល់អ្នកដែលបំភាយនេះមុនគេតែម្ដង»។

កាលពីចុងសប្ដាហ៍មុនក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួននៅកម្ពុជារងនូវខ្យល់ពុលដែលបានបង្ហាញនូវក្ដីបារម្ភជាខ្លាំង ទោះជាយ៉ាងណាមកដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥នេះបើតាមលោក ខ្វៃ អាទិត្យា ថាគឺមានស្ថានភាពល្អប្រសើរហើយ។ លោកថា តាមរយៈឧបករណ៍ និងស្ថានីយត្រួតពិនិត្យគុណភាពខ្យល់ ចំនួន៦០ នៅទូទាំងប្រទេសថា ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា មានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ២៥.៩២ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់គឺ «ល្អណាស់»។

ទោះជាយ៉ាងណាលោកថាដើម្បីដោះស្រាយនៅបញ្ហាខ្យល់កខ្វក់នេះក្រសួងមានវិធានការជាបន្តបន្ទាប់ដោយធ្វើការជាមួយស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានអប់រំប្រជាពលរដ្ឋ និងអនុវត្តវិធានការទប់ស្កាត់ និងបញ្ឈប់ការដុតសំណល់កសិកម្ម គល់ជញ្ជ្រាំង ដុតទន្រ្ទានព្រៃ សំរាម សំណល់រឹង ប្លាស្ទិក ដែលជាប្រភពធ្វើឱ្យគុណភាពខ្យល់ធ្លាក់ចុះ។ លើសពីនេះ ក្រសួងបរិស្ថានក៏កំពុងបានធ្វើយុទ្ធនាការ ថ្ងៃនេះខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិក កម្ពុជាស្អាត ខ្មែរធ្វើបាន និងយុទ្ធនាការផ្លូវជាតិគ្មានថង់ប្លាស្ទិក ដែលសុទ្ធសឹងតែជាការចូលរួមលើកកម្ពស់គុណភាពខ្យល់ តាមរយៈការសម្អាតប្លាស្ទិក និងការជៀសវាងការដុតប្លាស្ទិកនៅតាមទីសាធារណៈ។

បន្ថែមពីនេះទៀត ក្រសួងក៏បានពង្រឹង និងជំរុញការផ្សព្វផ្សាយនូវសារាចរលេខ០១ របស់រាជរដ្ឋាភិបាលស្តីពី វិធានការទប់ស្កាត់ការបំពល់ខ្យល់សារធារណៈ និងបានផ្សព្វផ្សាយអំពីការទប់ស្កាត់ការដុតសំណល់កម្ទេចក្រណាត់ និងប្រការស្តីពីវិធានការទប់ស្កាត់ភ្លើងឆេះព្រៃផងដែរ។
គួរឱ្យដឹងដែរថាពិធីបុណ្យចូលឆ្នាំចិននឹងចូលមកដល់នៅថ្ងៃទី២៨ ខែមករា ស្អែកនេះហើយ ជាទូទៅរាល់ពេលចូលឆ្នាំចិនម្ដងៗគេតែងឃើញអ្នកជាប់ខ្សែស្រឡាយចិនដុតក្រដាសសែនជានិច្ចដើម្បីឧទ្ទិសដល់ដូនតារបស់ពួកគេ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
សន្តិសុខសង្គម១១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច