Connect with us

ព័ត៌មានជាតិ

ចូលឆ្នាំចិន៖ អាជ្ញាធរខេត្តកណ្ដាល ហាមមិនឱ្យហែក្បួនផ្សេងៗ ដែលគ្មានការអនុញ្ញាត

បានផុស

នៅ

អាជ្ញាធរខេត្តកណ្តាល ហាមមិនឱ្យមានការហែក្បួនផ្សេងៗទាំងបែបសាសនា ឬប្រពៃណី ដែលគ្មានការអនុញ្ញាត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកណ្ដាលបានណែនាំនូវបម្រាមហាមឃាត់មួយចំនួនក្នុងការរៀបចំពិធីនេះ។ យោងតាមសេចក្តីណែនាំរបស់លោក គួច ចំរើន អភិបាលខេត្តកណ្ដាល ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥នេះ បានហាមដាច់ខាតការហែក្បួនផ្សេងៗ ខណៈការដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះគ្រប់ប្រភេទ ក្នុងឱកាសពិធីបុណ្យនេះ រួមទាំងសកម្មភាពលេងល្បែងស៊ីសងគ្រប់ប្រភេទ ក៏ត្រូវបានអាជ្ញាធរ ហាមដាច់ខាតដែរ។

សេចក្ដីណែនាំរបស់អភិបាលខេត្ត បានរម្លឹកដល់កន្លែងកម្សាន្តសប្បាយនានា មន្ទីរ អង្គភាព សមាគម អង្គការមិនមែនរដ្ឋាភិបាល រោងចក្រ សហគ្រាស ក្រុមហ៊ុន គេហដ្ឋាន ត្រូវរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ សេចក្តីថ្លៃថ្នូរ និងប្រុងប្រយ័ត្នក្នុងការអុជទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែលអាចបង្កឱ្យមានគ្រោះអគ្គីភ័យកើតឡើងជាយថាហេតុ។ ការដុតក្រដាសសែនត្រូវប្រើធុងដែក ឬឆ្នាំងដី ដើម្បីដុតហាមដាច់ខាងមិនឱ្យដុតលើចិញ្ចើមផ្លូវ ឬទ្រូងផ្លូវសាធារណៈឡើយ។

អភិបាលខេត្តកណ្ដាល ក៏ដាក់គោលការណ៍ឱ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុត ដោយទប់ស្កាត់កុំឱ្យមានការនាំចូលផាវ កាំជ្រួច ជាតិផ្ទុះគ្រប់ប្រភេទតាមច្រកចូលខេត្តកណ្តាល និងត្រូវត្រួតពិនិត្យដកហូតវត្ថុទាំងនេះ ដែលមានតាំងលក់នៅតាមទីផ្សារ និងនៅគ្រប់ទីកន្លែងក្នុងខេត្តកណ្តាល។ ភ្ជាប់គ្នានេះ រដ្ឋបាលក្រុងស្រុកទាំង១៣ និងមន្ទីរអង្គភាពជុំវិញខេត្តកណ្តាល ត្រូវផ្សព្វផ្សាយណែនាំដល់មន្ត្រីរាជការក្រោមឱវាទ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យអនុវត្តតាមការណែនាំនេះឱ្យមានប្រសិទ្ធភាព ពិសេសមន្ទីរធម្មការ និងសាសនាខេត្ត ត្រូវអញ្ជើញបណ្តាសមាគមចិន និងវៀតណាម ដើម្បីផ្សព្វផ្សាយនូវខ្លឹមសារខាងលើឱ្យបានទូលំទូលាយ។

សម្រាប់មន្ទីរអប់រំ យុវជន និងកីឡា ត្រូវណែនាំគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន យកចិត្តទុកដាក់ណែនាំសិស្សានុសិស្ស និស្សិតមិនត្រូវយកថ្ងៃនេះលេងសប្បាយផ្សេងៗដែលប្រាសចាកពីទំនៀមទំលាប់ប្រពៃណីឡើយ។ រីឯវិស័យទេសចរណ៍ អភិបាលខេត្ត បានរម្លឹកដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងផ្នែកសេវាកម្មទេសចរណ៍ទាំងអស់ ត្រូវរក្សាតម្លៃលក់ឱ្យបានសមរម្យ ក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម។

ជាមួយនឹងការណែនាំខាងលើ អាជ្ញាធរខេត្តកណ្ដាល បានព្រមានចាត់វិធានការចំពោះជនណានៅតែបំពាន ឬប្រព្រឹត្តល្មើសមិនគោរពតាមការណែនាំទាំងនេះ ហើយបង្កឱ្យមានចលាចលក្នុងសង្គម ប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ត្រូវទទួលទោសទណ្ឌតាមច្បាប់ជាធរមាន៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម