ព័ត៌មានជាតិ
ចូលឆ្នាំចិន៖សមត្ថកិច្ច ឱ្យរថយន្តបើកបរត្រឹមល្បឿន៤០គីឡូម៉ែត្រ/ម៉ោង នៅទីប្រជុំជន ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងពិធីបុណ្យចូលឆ្នាំចិន វៀតណាម ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអំពាវនាវឱ្យអ្នកបើកបររថយន្តត្រូវបើកបរក្នុងល្បឿន៤០គីឡូម៉ែត្រក្នុង១ម៉ោង ចំណែកអ្នកបើកបរទោចក្រយានយន្ត ត្រូវបើកបរក្នុងល្បឿន៣០គីឡូម៉ែត្រក្នុង១ម៉ោង នៅក្នុងទីប្រជុំជន។ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវដូច្នេះ បន្ទាប់ពីកត់សម្គាល់ឃើញថា ជារឿយៗ ភាគច្រើននៃមូលហេតុបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលមកពីការបើកបរលើសល្បឿនកំណត់។

ជាមួយគ្នានេះ តាមរយៈសេចក្ដីអំពាវនាវចុះថ្ងៃទី ២៧ ខែមករា នេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវឱ្យបើកបរ ត្រូវគោរពផ្លាកសញ្ញាកំណត់ល្បឿននៅក្រៅទីប្រជុំជន និងត្រូវបន្ថយ ល្បឿនតាមទីប្រជុំជន សាលារៀន ផ្លូវគ្រលុក ផ្លូវកោង ផ្លូវប្រសព្វ ផ្លូវចំណោត ផ្លូវចង្អៀត ផ្លូវរអិល ឬផ្លូវដែល មានឧបសគ្គផ្សេងៗទៀត។

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏អំពាវនាវឱ្យអ្នកបើកបរ កុំបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ពីព្រោះក្នុងឱកាសពិធីបុណ្យនានាតែងតែមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងដោយការបើកបរក្នុងស្ថានភាពស្រវឹង ដែលបានបណ្តាលឱ្យមានអ្នកស្លាប់ អ្នករងបួស និងខូចខាតទ្រព្យសម្បត្តិ។

ជុំវិញបញ្ហាបើកបរទាំងស្រវឹងនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពេលអញ្ជើញបិទសន្និបាតការងារប្រចាំឆ្នាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ សម្ដេច បញ្ជាឱ្យអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចគ្រប់រាជធានី-ខេត្ត បន្តត្រួតពិនិត្យគ្រឿងស្រវឹងលើអ្នកបើកបរ ពិសេសក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិននេះផងដែរ។

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏បានអំពាវនាវឱ្យអ្នកបើកបរកុំបើកបរបញ្ច្រាស់ទិសចរាចរណ៍ ដោយអ្នកបើកបរត្រូវបើកបរប្រកាន់ស្តាំជានិច្ច និងបើកបរតាមទិសចរាចរណ៍ដែលកំណត់ដោយផ្លាកសញ្ញា ឬដោយ គំនូសសញ្ញា និងត្រូវប្រុងប្រយ័ត្នក្នុងការបត់ ការជែង ការចត ការឈប់ និងត្រូវបើកបរតាមគន្លងផ្លូវដែលច្បាប់បានកំណត់។ មុនពេលចេញដំណើរ ត្រូវត្រួតនិត្យលក្ខណៈបច្ចេកទេសយានយន្ត ដូចជាកង់ ហ្វាំង ភ្លើង បំភ្លឺ និងចង្កូត ។ ត្រូវរក្សាជានិច្ចនូវសីលធម៌យោគយល់ អាធ្យាស្រ័យក្នុងការបើកបរ។

គួរឱ្យដឹងថា នៅឆ្នាំ២០២៤ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានកើតឡើងចំនួនន២ ៨៤៤លើក បណ្ដាលឱ្យមនុស្សចំនួន១ ៥០៩នាក់។ ចំនួនគ្រោះថ្នាក់ចរាចរណ៍នេះ គឺបានថយចុះចំនួន១៤% បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣៕
ដោយ៖ ង៉ិល ណារ៉ាត់


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ