ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់មូលនិធិសកល បន្តគាំទ្រកម្ពុជាក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់
លោកស្រី Rosie Ameyan មន្ត្រីជាន់ខ្ពស់ផ្នែកកម្មវិធី នៃមូលនិធិសកលសម្រាប់គម្រោងលុបបំបាត់ជំងឺគ្រុនចាញ់នៅក្នុងតំបន់ទន្លេមេគង្គ បានបញ្ជាក់ពីគោលជំហរបន្តគាំទ្រកម្ពុជាក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់។

ការបន្តគាំទ្រនេះ គឺបន្ទាប់ពីលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ និងជានាយកគម្រោងមូលនិធិសកល នៃក្រសួងសុខាភិបាល បានសំណូមពរដល់គណៈប្រតិភូជាន់ខ្ពស់ នៃមូលនិធិសកល ឱ្យបន្តការគាំទ្របន្ថែមទាំងបច្ចេកទេស និងហិរញ្ញវត្ថុ ប្រកបដោយភាពបត់បែនសម្រាប់ពន្លឿនការងារលុបបំបាត់ជំងឺគ្រុនចាញ់នៅកម្ពុជា ក្នុងជំនួបពិភាក្សាការងារ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥។
នៅក្នុងជំនួបនោះ លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល បានជម្រាបជូនអំពី សមិទ្ធផលសំខាន់ៗ នៃកម្មវិធីគ្រុនចាញ់សម្រេចបានដោយក្រសួងសុខាភិបាល និងផែនការបន្ទាប់របស់ក្រសួងសុខាភិបាលឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់នៅឆ្នាំ២០២៥ នេះ និងឈានទៅដល់ប្រទេសកម្ពុជាគ្មានជំងឺគ្រុនចាញ់ប្រកបដោយចីរភាព និងនិរន្តភាពឆ្នាំ២០២៩។

លោកស្រី បានបន្ថែមថា កម្ពុជាគ្មានអ្នកស្លាប់ដោយសារជំងឺគ្រុនចាញ់ចាប់តាំងពីឆ្នាំ២០១៨ មក ហើយចំនួនករណីជំងឺគ្រុនចាញ់ ក៏ត្រូវបានកាត់បន្ថយគួរឱ្យកត់សម្គាល់។ លោកស្រីបន្តថា មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ (CNM) បានកំពុងដំណើរការរៀបចំផែនការយុទ្ធសាស្រ្តជាតិគ្មានជំងឺគ្រុនចាញ់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៧-២០៣៥ ដើម្បីធានានិរន្តភាពប្រទេសកម្ពុជាគ្មានជំងឺគ្រុនចាញ់។
ចំណែក លោកស្រី Rosie Ameyan បានអបអរសាទរកម្ពុជា ដែលសម្រេចបានការគ្រប់គ្រង និងលុបបំបាត់ជំងឺគ្រុនចាញ់យ៉ាងរហ័ស។ ព្រមទាំងបានគូសបញ្ជាក់ ពីភាពជោគជ័យរបស់កម្ពុជា ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងរយៈកាល កន្លងមកនេះ ដែលធ្វើឱ្យកម្ពុជា កាន់តែមានភាពរឹងមាំ ពិសេសភាពជោគជ័យ ក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ គួរឱ្យកត់សម្គាល់ បើប្រៀបធៀបទៅនឹងប្រទេសនៅក្នុងតំបន់។

ជាមួយគ្នានេះ លោកស្រីបានជម្រាបជូនអំពីគោលបំណង នៃដំណើរទស្សនកិច្ចមកកាន់កម្ពុជានាពេលនេះ ដើម្បី៖ ១) ពិភាក្សាអំពីផែនការអនាគតសម្រាប់ការផ្តល់ហិរញ្ញប្បទានលុបបំបាត់ជំងឺគ្រុនចាញ់ ក្រោម គម្រោង RAI ពីម្ចាស់ជំនួយផ្សេងទៀត និងក្នុងស្រុក និងការរំពឹងទុកសម្រាប់វដ្តជំនួយនាពេលខាងមុខ (២០២៧-២០២៩)។ ២) ពិភាក្សាអំពី ការអនុវត្តកម្មវិធី លទ្ធផល និងបញ្ហាប្រឈម លើសកម្មភាពសំខាន់ៗសម្រាប់ឆ្នាំ ២០២៥។ ៣) ពិភាក្សាអំពី និរន្តរភាព និងផែនការអន្តរកាល និងតួនាទីរបស់ក្រុមប្រឹក្សាសម្របសម្រួលជំនួយមូលនិធិសកល (CCC) ក្នុងការបង្កើតផែនទីបង្ហាញផ្លូវធានានិរន្តរភាពសម្រាប់ជំងឺគ្រុនចាញ់ (រួមទាំងមេរោគអេដស៍ និងជំងឺរបេង)។
សូមជម្រាបដែរថា ការពិភាក្សានេះ មានសារៈសំខាន់ក្នុងការរៀបចំត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោយ ទាំងបច្ចេកទេស គោលនយោបាយ ថវិកា និងធនធានមនុស្ស ដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់ ព្រមទាំងជំងឺរបេង និងជំងឺអេដស៍ផងដែរ៕



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ