Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ ពន្យល់មូលហេតុពីការផ្អាកប្រឡងសិស្សពូកែក្នុងឆ្នាំសិក្សា ២០២៤-២០២៥

បានផុស

នៅ

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោកស្រី ឃួន វិច្ឆិកា បានពន្យល់មូលហេតុសំខាន់ៗ ដែលនាំឱ្យមានការផ្អាកការប្រឡងសិស្សពូកែក្នុងឆ្នាំសិក្សា ២០២៤-២០២៥ ដោយក្រសួងកំពុងផ្តោតលើការងារអាទិភាពមួយចំនួនដើម្បីលើកកម្ពស់គុណភាពអប់រំទាំងមូល។

លោកស្រី ឃួន វិច្ឆិកា បានប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២៨ ខែមករានេះថា ការសម្រេចផ្អាកការប្រឡងសិស្សពូកែក្នុងឆ្នាំសិក្សា ២០២៤-២០២៥  ព្រោះក្រសួងកំពុងផ្តោតលើការងារអាទិភាពក្នុងការលើកកម្ពស់ និងគាំទ្រសាលារៀនឱ្យក្លាយជាសាលាគំរូ សំដៅលើកកម្ពស់គុណភាពអប់រំ និងអនុវត្តជាបន្តបន្ទាប់នូវកម្មវិធីក្រៅម៉ោងសិក្សាដើម្បីឱ្យសិស្សានុសិស្សមានវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទាស្របតាមសតវត្សរ៍ទី២១។

លោកស្រី ឃួន វិច្ឆិកា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


យ៉ាងណាមិញ លោកស្រីបញ្ជាក់ថា ក្រសួងមានបំណងជំរុញអនុវត្តភាពជាម្ចាស់ការរបស់រាជធានីខេត្ត ក៏ដូចជាផ្តល់ឱកាសឱ្យរាជធានីខេត្តអាចរៀបចំការប្រកួតប្រជែងស្របតាមបរិបទ និងធនធានរបស់ខ្លួនផងដែរ។

បើតាមអ្នកនាំពាក្យដដែល៖« កន្លងមក ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមិនមែនគ្រាន់តែជាការវាស់ស្ទង់សមត្ថភាពរបស់ប្អូនៗនោះទេ តែបានក្លាយជាឱកាសសម្រាប់ប្អូនៗទូទាំងប្រទេសក្នុងការបង្ហាញសមត្ថភាព និងខិតខំប្រឹងប្រែងដើម្បីទទួលបាននិទ្ទេសនានា។ ជាពិសេសនិទ្ទេស A ព្រមទាំងមានការទទួលស្គាល់ពីគ្រប់មជ្ឈដ្ឋានរួចមកហើយ ហើយក៏ជាឱកាសសម្រាប់ប្អូនៗក្នុងការទទួលបានការទទួលស្គាល់ និងឱកាសក្នុងការទទួលបានអាហារូបករណ៍នានាផងដែរ»។

ការឆ្លើយតបនេះ បន្ទាប់ពីអ្នកលេងបណ្តាញសង្គមមួយចំនួនបានបង្ហាញប្រតិកម្ម និងស្នើឱ្យក្រសួងពន្យល់មូលហេតុឱ្យបានច្បាស់លាស់ជុំវិញការសម្រេចផ្អាកការប្រឡងសិស្សពូកែទូទាំងប្រទេស។

ឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៥ បានជម្រាបជូនប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ស្តីពីការផ្អាកប្រឡងសិស្សពូកែ ដោយយោងភាពចាំបាច់របស់ក្រសួង។

យ៉ាងណាមិញលោ​ករដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យ រាជធានី ខេត្ត ម្ចាស់ការក្នុងការរៀបចំការប្រឡងជ្រើសរើសសិស្សពូកែប្រចាំរាជធានី ខេត្ត លើមុខវិជ្ជា អក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងថ្នាក់ទី១២ ទៅតាមពេលវេលាសមស្របណាមួយ តាមមុខវិជ្ជា តាមកម្រិតថ្នាក់ និង ផ្តល់រង្វាន់ដល់ជ័យលាភីសិស្សពូកែប្រចាំរាជធានី ខេត្ត តាមលទ្ធភាព និងស្ថានភាពជាក់ស្តែងនៃរាជធានី ខេត្តនីមួយៗ។

កាលពីឆ្នាំមុន ក្រសួង​អប់រំ បាន​រៀបចំ​ការ​ប្រឡង​សិស្ស​ពូកែ​ទូទាំង​ប្រទេស​រយៈពេល ៥ ថ្ងៃ ចាប់ពី​តាំងពី​ថ្ងៃ​ទី ១២ ដល់​ថ្ងៃ​ទី ១៦ ខែ​ឧសភា ឆ្នាំ ដោយ​មាន​សិស្សានុសិស្ស​ចូលរួម​ចំនួន ២៤០ នាក់ ហើយ​ត្រូវ​បាន​ជ្រើសរើស​ជា​ជ័យលាភី​សរុប ៣០ នាក់ ដោយ​ថ្នាក់​ទី ៩ ចំនួន ១៥ នាក់ និង​ថ្នាក់​ទី ១២ ចំនួន ១៥ នាក់។ ក្នុង​នោះ ចំណាត់ថ្នាក់​លេខ ១ ទទួល​បាន​ថវិកា ៣ លាន ៥ សែន​រៀល លេខ ២ បាន ៣ លាន ២ សែន​រៀល លេខ ៣ បាន ២ លាន ៩ សែន​រៀល លេខ ៤ បាន ២ លាន ៦ សែន​រៀល និង​លេខ ៥ បាន ២ លាន ៣ សែន​រៀល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម