ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ ការពង្រឹងតួនាទីមូលដ្ឋានសុខាភិបាលជាដៃគូ ប.ស.ស ដើម្បីតម្លាភាព ជៀសវាងមានភាពមិនប្រក្រតីណាមួយកើតឡើង
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ៣០ មករា នេះថា ការពង្រឹងតួនាទីមូលដ្ឋានសុខាភិបាលជាដៃគូជាមួយ ប.ស.ស ដើម្បីឱ្យមូលដ្ឋានសុខាភិបាលទាំងនោះផ្តល់សេវាជូនសមាជិក ប.ស.ស ប្រកបដោយប្រសិទ្ធភាព តម្លាភាព សង្គតិភាព និងគណនេយ្យភាព ជៀសវាងការមិនពេញចិត្ត ឬ មានបញ្ហាភាពមិនប្រក្រតីណាមួយកើតឡើង។

ការអះអាងរបស់អ្នកនាំពាក្យនេះបានធ្វើឡើងបន្ទាប់ពីកាលពីថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៥ ប.ស.ស បានចេញសេចក្ដីណែនាំស្ដីពីការពង្រឹងតួនាទីភារកិច្ចរបស់មូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស ក្នុងការផ្តល់សេវាសុខាភិបាលជូនសមាជិក ប.ស.ស ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព និងសង្គតិភាព។

ក្នុងនោះ ប.ស.ស បានតម្រូវឱ្យមូលដ្ឋានសុខាភិបាលប្រើប្រាស់ថ្នាលបច្ចេកវិទ្យាគាំពារសុខភាពសង្គមលើវេបផតថល H-SPIS (Health-Social Protection Information System) ឬ កម្មវិធីលើទូរសព្ទដៃ NSSF Agent App ដើម្បីកំណត់អត្តសញ្ញាណ និងពិនិត្យសុពលភាពកាតរបស់សមាជិក ប.ស.ស និងឱ្យសមាជិក ប.ស.ស ស្កែនខ្មៅដៃមុនពេលបោះពុម្ពទម្រង់លិខិតប្រើប្រាស់សេវាសុខាភិបាល (Patient Form) លើកលែងករណីសង្គ្រោះបន្ទាន់ជាដើម។

លោក កត្តា អ៊ន បានពន្យល់ថា ការពង្រឹងមូលដ្ឋានសុខាភិបាលជាដៃគូរបស់ ប.ស.ស នេះ គឺ ប.ស.ស នៃក្រសួងការងារ ចង់ឱ្យមូលដ្ឋានសុខាភិបាលជាដៃគូជាមួយ ប.ស.ស បំពេញការងារ និងបែបបទក្នុងការទទួលពិនិត្យព្យាបាលជំងឺសមាជិក ប.ស.ស កាន់តែមានការទទួលខុសត្រូវខ្ពស់ ប្រសិទ្ធភាព តម្លាភាព សង្គតិភាព និងគណនេយ្យភាព ក្នុងការបម្រើប្រជាពលរដ្ឋ យកចិត្តទុកដាក់ចំពោះសុខភាពពលរដ្ឋ ជៀសវាងការមិនពេញចិត្ត ឬ បញ្ហាមិនប្រក្រតីណាមួយកើតឡើង។

លោក កត្តា អ៊ន បានអំពាវនាវដល់មូលដ្ឋានសុខាភិបាលដៃគូជាមួយ ប.ស.ស ទាំងអស់ ត្រូវអនុវត្តតាមការណែនាំនេះ ដើម្បីបម្រើប្រជាពលរដ្ឋឱ្យបានរហ័ស ច្បាស់លាស់ និងប្រកបដោយវិជ្ជាជីវៈខ្ពស់។

លោក កត្តា អ៊ន ធ្លាប់បានលើកឡើងថា បេឡាជាតិសន្តិសុខសង្គម(ប.ស.ស) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានពង្រីកវិសាលភាពផ្នែកថែទាំសុខភាពជាមួយមូលដ្ឋានសុខាភិបាលដែលជាដៃគូរបស់ខ្លួនបានចំនួន ១ ៥៧៣ នៅទូទាំង ២៥ រាជធានី-ខេត្ត និងបានដាក់ពង្រាយមន្ត្រីនិងបុគ្គលិកសុខាភិបាលសរុបជាង ៤៦ ០០០ នាក់ នៅទូទាំងប្រទេស ដើម្បីរង់ចាំបម្រើសេវាកម្មជូនប្រជាពលរដ្ឋប្រកបដោយក្រមសីលធម៌ និងរហ័ស៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានជាតិ២០ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ