ព័ត៌មានជាតិ
ជប៉ុនផ្តល់ថវិកាជិត៤៥ម៉ឺនដុល្លារ ដើម្បីស្តារប្រព័ន្ធធារាសាស្ត្រ និងសង់ស្ពាន នៅខេត្តតាកែវ កំពង់ធំ និងសៀមរាប
រដ្ឋាភិបាលជប៉ុន នឹងផ្តល់ថវិកាសរុបចំនួន ៤៤៦,៨០១ ដុល្លារអាមេរិក ដល់ស្ថាប័នទទួលជំនួយចំនួនបី ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (គូសាណូណិ)។ កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខា ដោយលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និង តំណាងស្ថាប័នទទួលជំនួយដូចជាមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ, មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ និងរដ្ឋបាលឃុំខ្វាវ ស្រុកជីីក្រែង ខេត្តសៀមរាប។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា ចេញកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥។

សេចក្ដីប្រកាសព័ត៌មានឱ្យដឹងថា ក្នុងចំណោមថិវកាដែលជប៉ុនផ្ដល់ជូន គឺនឹងត្រូវបែងចែកចំនួន ១៨០,៣៩៦ ដុល្លារអាមេរិក ទៅឱ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ ដើម្បីអនុវត្តគម្រោងស្តារប្រព័ន្ធធារាសាស្រ្តត្រពាំងក្រែកក្នុងខេត្ត។ជំនួយនេះ នឹងត្រូវបានប្រើប្រាស់ដើម្បីស្តារប្រព័ន្ធធារាសាស្ត្រមានស្រាប់ដែលមានមុខងារអាងស្តុកទឹកអន់ថយ។ តំបន់នេះងាយរងគ្រោះរាំងស្ងួតក្នុងរដូវប្រាំង ដោយសារប្រព័ន្ធធារាសាស្ត្រមិនអាចស្តុកទឹកបាន គ្រប់គ្រាន់ក្នុងរដូវវស្សា។ មិនតែប៉ុណ្ណោះ ដោយសារសមត្ថភាពស្តុកទឹកមិនគ្រប់គ្រាន់ តំបន់នេះជារឿយៗរង ផលប៉ះពាល់ដោយទឹកជំនន់។ ផ្លូវតភ្ជាប់ពីប្រព័ន្ធធារាសាស្ត្រនេះទៅតំបន់ដែលប្រជាជនរស់នៅ មានស្ថាន ភាពយ៉ាប់យឺន ដែលដាក់បន្ទុកយ៉ាងធ្ងន់ដល់កសិករ។

តាមរយៈជំនួយនាពេលនេះ ស្ថានទូតជប៉ុនដាក់ក្ដីរំពឹងថាគម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ ប្រជាជនមូលដ្ឋានប្រមាណ ៣,០០០ នាក់ តាមរយៈការកែលម្អប្រព័ន្ធធារាសាស្ត្រ ដើម្បីធានាការផ្គត់ផ្គង់ទឹក សម្រាប់កសិកម្មប្រកបដោយស្ថិរភាពពេញមួយឆ្នាំ។ លើសពីនេះ កម្រិតជីវភាពរស់នៅ និងប្រាក់ ចំណូលរបស់ប្រជាជននឹងមានភាពប្រសើរឡើង ដោយសារមានការកើនឡើងនៃបរិមាណស្រូវដែលផលិត បាននៅក្នុងតំបន់នេះ។

ដោយឡែកក្រៅពីគម្រោងនៅខេត្តតាកែវ ជប៉ុនថវិកាចំនួន ១៥៤,៣៥៣ ដុល្លារ អាមេរិកនឹងបែងចែកសម្រាប់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ ដើម្បីសាងសង់ស្ពានក្នុងឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ជំនួយនេះ នឹងត្រូវបានប្រើប្រាស់ដើម្បីសាងសង់ស្ពានបេតុងថ្មីមួយ។ មានស្ពានមួយមិនទាន់សាងសង់ រួចរាល់ ដែលត្រូវបានផ្អាកដោយសារខ្វះថវិកា។ បន្ទាប់ពីស្ថានរងការបាក់ស្រុតដោយទឹកជំនន់ក្នុងឆ្នាំ២០២៣ ប្រជាជនមូលដ្ឋានត្រូវឆ្លងកាត់ទន្លេដោយប្រើប្រាស់ទូកតូចមួយ។ ស្ពានថ្មីនេះនឹងផ្តល់ឱ្យប្រជាជនដែលរស់នៅ ក្នុងតំបន់នេះប្រមាណ ១១,០០០នាក់ ជាមួយនឹងការធ្វើដំណើរប្រកបដោយសុវត្ថិភាព។ លើសពីនេះទៅទៀត តាមរយៈការផ្តល់លទ្ធភាពក្នុងការដឹកជញ្ជូនកសិផល ប្រាក់ចំណូលរបស់ប្រជាជនមូលដ្ឋាននឹងមានការកើន ឡើង។

ចំពោះគម្រោងសាងសង់ស្ពានក្នុងឃុំខ្វាវ ស្រុកជីក្រែង នៅខេត្តសៀមរាប ជប៉ុននឹងបែងចែកថវិកាចំនួន ១១២,០៥២ ដុល្លារអាមេរិកទៅឱ្យរដ្ឋបាលឃុំខ្វាវ ដើម្បីសង់ស្ពានបេតុងថ្មីមួយ ជំនួសឱ្យស្ពានឈើពុកផុយបច្ចុប្បន្ន។ ខណៈដែលប្រជាជនមូលដ្ឋានជាច្រើនតែងតែឆ្លងកាត់ស្ពាននេះដើម្បីទៅសាលារៀន កន្លែងធ្វើការ និងមន្ទីរពេទ្យ ព្រមទាំងដឹកជញ្ជូនកសិផល ស្ពាននេះបានរងការខូចខាត និងគ្មានសុវត្ថិភាព ជាពិសេសសម្រាប់កុមារ និង មនុស្សចាស់។ បន្ថែមពីនេះ ឡាននិងរថយន្តសង្គ្រោះបន្ទាន់មិនត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់ស្ពាននេះទេ ដោយសារស្ពាននេះប្រហែលមិនអាចទ្រាំទ្របាននូវទម្ងន់ និងអាចមានការបាក់ស្រុត។ ស្ថានទូតជប៉ុង រំពឹងថាគម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនប្រមាណ ១៥,០០០នាក់ តាមរយៈការធានាបាននូវផ្លូវធ្វើដំណើរ ប្រកបដោយសុវត្ថិភាពទៅសាលារៀន ផ្សារ និងមណ្ឌលសុខភាពដែលនៅជិតបំផុតពេញមួយឆ្នាំ។ ការសាង សង់ស្ពានថ្មីក៏នឹងជួយសម្រួលដល់ការដឹកជញ្ជូនកសិផលផងដែរ ដែលនឹងនាំមកនូវការកែលម្អកម្រិតជីវភាព រស់នៅរបស់ប្រជាជន និងការកើនឡើងនូវប្រាក់ចំណូលរបស់កសិករ។

ស្ថានទូតជប៉ុនបានរម្លឹកឱ្យដឹងថា ជំនួយឥតសំណងគូសាណូណិរបស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។ ជំនួយឥតសំណងនេះ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាពក្រីក្រ និង/ឬ ភាពអកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជា ជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។ ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុនបានផ្តល់ ថវិកាជាង ៧០លាន ដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោង គូសាណូណ៌ ចំនួន ៦៩៤ គម្រោង នៅទូទាំងប្រទេសកម្ពុជា។

ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា អ៊ូអិណុ អាត់ស៊ូស៊ី នៅក្នុងពិធីចុះហត្ថលេខាផ្ដល់ជំនួយបានលើកឡើងពីការកត់សម្គាល់ផ្ទាល់ខ្លួនថា លោកបានកត់សម្គាល់ឃើញអំពីការអភិវឌ្ឍយ៉ាងឆាប់រហ័សនៅក្នុងប្រទេសកម្ពុជានាពេលថ្មីៗនេះ ប៉ុន្តែលោកបានទទួលស្គាល់ថានៅកម្ពុជានៅមានបញ្ហាប្រឈមច្រើន ដែលជប៉ុននឹងអាចជួយបាន ដើម្បីលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជន។
លោកទូតក៏បានសន្យាថា ជប៉ុននឹងបន្តរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនោះ តាមរយៈគម្រោងការណ៍ជំនួយអភិវឌ្ឍន៍ផ្លូវការផ្សេងៗ រួមទាំងគូសាណូណិ ផងដែរ៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី