ព័ត៌មានជាតិ
ទិវាវប្បធម៌ជាតិឆ្នាំនេះ៖ នាយករដ្ឋមន្រ្តី ជំរុញឱ្យពលរដ្ឋខ្មែរបន្តអភិរក្ស និងលើកស្ទួយវប្បធម៌
ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ដល់ការលើកតម្លៃចំពោះវប្បធម៌អារ្យធម៌ជាតិ រាជរដ្ឋាភិបាលសម្រេចរៀបចំ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ ដោយបន្តរក្សាប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ”ក្នុងគោលបំណង លើកកម្ពស់មនសិការស្នេហាជាតិ ភាពជាម្ចាស់នៃកេរដំណែលវប្បធម៌ និងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន។
ទិវាវប្បធម៌ជាតិ គឺជាទិវាដ៏មានសារៈសំខាន់មួយរបស់ប្រជាជាតិកម្ពុជា ដើម្បីរំលឹកដល់គុណូបការៈរបស់ បុព្វបុរសខ្មែរគ្រប់ជំនាន់ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត បញ្ញាស្មារតី និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែបនិងមានតម្លៃមិនអាចកាត់ថ្លៃបាន ដែលបន្សល់ទុកមកដល់កូនចៅ ជំនាន់ក្រោយ។
ដើម្បីឱ្យព្រឹត្តិការណ៍នេះកាន់តែអធិកអធម ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញសារាចរ ណែនាំ និងបំផុសឱ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ជាពិសេសយុវជន ចូលរួមជាកម្លាំងចលករក្នុងកិច្ចអភិរក្ស លើកស្ទួយ និងអភិវឌ្ឍវប្បធម៌ជាតិ រួមទាំងវប្បធម៌ចម្រុះរបស់សហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា ឱ្យបានស្ថិតស្ថេរ គង់វង្ស និងរីកចម្រើន ដោយមិនប្រកាន់នូវនិន្នាការនយោបាយ ជំនឿ សាសនា និងពណ៌សម្បុរ។
សារាចររាជរដ្ឋាភិបាល ចុះថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៥ បានដាក់ចេញនូវវិធានការណែនាំ និងកំណត់យកចន្លោះចាប់ពីថ្ងៃទី៣ ខែមីនា រហូតដល់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាពេលវេលាសម្រាប់ប្រារព្ធទិវាវប្បធម៌ជាតិ លើកទី២៧។ ក្នុងន័យនេះ ក្រសួង ស្ថាប័ន អង្គភាព និងរដ្ឋបាល ថ្នាក់ក្រោមជាតិអាចរៀបចំកម្មវិធីនិងសកម្មភាពគាំទ្រនានា ដើម្បីប្រារព្ធទិវាវប្បធម៌ជាតិ ទាំងនៅទីតាំងផ្ទាល់ និង/ឬនៅលើបណ្ដាញសង្គម ទៅតាមពេលវេលាសមរម្យណាមួយនៅក្នុងរយៈពេល ដែលបានកំណត់នេះ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈត្រូវរៀបចំឯកសារពាក់ព័ន្ធដើម្បីឃោសនាផ្សព្វផ្សាយអំពីទិវាវប្បធម៌ជាតិ ហើយក៏ត្រូវណែនាំដល់អាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ អាជ្ញាធរជាតិសំបូរព្រៃគុក គ្រប់មន្ទីរ វប្បធម៌និងវិចិត្រសិល្បៈរាជធានី ខេត្ត ឱ្យរៀបចំផ្សព្វផ្សាយសមិទ្ធផលការងារសំខាន់ៗពាក់ព័ន្ធនឹង ការអភិរក្ស ការលើកស្ទួយ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់បេតិកភណ្ឌពិភពលោកនិង រមណីយដ្ឋានវប្បធម៌នានា រួមទាំងកម្មវិធីផ្សេងៗទៀត ដើម្បីអបអរសាទរទិវាវប្បធម៌ជាតិ នៅមូលដ្ឋាន របស់ខ្លួន។
ក្រសួងព័ត៌មាន ត្រូវណែនាំដល់បណ្តាញសារព័ត៌មានគ្រប់ប្រភេទរបស់រដ្ឋនិងឯកជនទាំងអស់ចូលរួម ផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវខ្លឹមសារសកម្មភាពពាក់ព័ន្ធនឹងការអបអរសាទរទិវាវប្បធម៌ជាតិ។ ក្រសួងទេសចរណ៍ត្រូវផ្សព្វផ្សាយវប្បធម៌ជាតិ និងខ្លឹមសារទិវាវប្បធម៌ជាតិ ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ តាមរយៈទីភ្នាក់ងារទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋានគ្រប់ប្រភេទ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិត្រូវណែនាំដល់គ្រប់ស្ថានឯកអគ្គរាជទូត ស្ថាន អគ្គកុងស៊ុល ស្ថានកុងស៊ុលកិត្តិយសនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅបរទេស និងសហគមន៍ខ្មែរនៅបរទេស ឱ្យចូលរួមរៀបចំកម្មវិធីនិងសកម្មភាពនានាដើម្បីប្រារព្ធទិវាវប្បធម៌ជាតិទាំងនៅទីតាំងផ្ទាល់ តាមបណ្តាញសង្គម ឬតាមមធ្យោបាយផ្សេងៗទៀត។
ជាមួយគ្នានេះ ក្រសួងធម្មការ និងសាសនា ត្រូវបំផុសចលនាព្រះសង្ឃនិងគ្រប់សាសនិកឱ្យរៀបចំកម្មវិធីនិងសកម្មភាពនានាដើម្បីផ្សព្វផ្សាយវប្បធម៌ជាតិនិងខ្លឹមសារទិវាវប្បធម៌ជាតិ នៅតាមទីអារាម វិហារសាសនា មណ្ឌលវិបស្សនា និងទីសក្ការៈផ្សេងៗ។ ចំណែក ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ ត្រូវណែនាំទៅអង្គភាពមូលដ្ឋានដើម្បីរក្សាសន្តិសុខនិងសណ្ដាប់ធ្នាប់សាធារណៈក្នុងឱកាសប្រារព្ធទិវាវប្បធម៌ជាតិ ឱ្យមានប្រសិទ្ធភាពនិងដោយស្មារតីទទួលខុសត្រូវខ្ពស់។
ក្នុងឱកាសអញ្ជើញជាអធិបតី អបអរសាទរ ទិវាវប្បធម៌ជាតិ កាលពីឆ្នាំ ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ពាក្យថាគោរពស្រលាញ់វប្បធម៌ជាតិ គឺងាយស្រួលនិយាយ ប៉ុន្តែដើម្បីឱ្យមានការគោរពស្រលាញ់ពិតប្រាកដ យើងគ្រប់គ្នាត្រូវមានចំណេះដឹងផ្នែកសិល្បៈវប្បធម៌ជាតិ និងចូលរួមគ្រប់រូបភាពដល់ការការពារ និងលើកស្ទួយវប្បធម៌ជាតិយើង។
យោងអនុក្រឹត្យ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០០៦ ស្តីពីការបង្កើតទិវាវប្បធម៌ជាតិ រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី៣ ខែមីនា ជារៀងរាល់ឆ្នាំសម្រាប់រៀបចំប្រារព្ធ «ទិវាវប្បធម៌ជាតិ» នៃព្រះរាជាណាចក្រកម្ពុជា៕
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
បច្ចេកវិទ្យា២ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»