Connect with us

ព័ត៌មានជាតិ

កំណើនភ្ញៀវជាតិ-អន្តរជាតិ ដើរកម្សាន្តនៅផ្លូវថ្មើរជើង(walk street) កើនឡើង បើធៀប ២ ថ្ងៃសាកល្បង

បានផុស

នៅ

ផ្លូវ​ថ្មើរជើង (walk street) ដែល​បាន​បើក​ឱ្យ​ដំណើរការ​សាកល្បង​ក្នុង​រយៈពេល ២ ថ្ងៃ ពោល​គឺ​នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ ចាប់ពី​ម៉ោង ១៨:០០ នាទី រហូតដល់​ម៉ោង ២៣:០០ នាទី​យប់ នៅ​តាម​បណ្ដោយ​តីរវិថី​ព្រះស៊ីសុវត្ថិ ចាប់ពី​វិថី​បក្សី​ចាំ​ក្រុង (​ផ្លូវ​លេខ ៩៤) រហូតដល់​មុខ​ព្រះបរមរាជវាំង ស្ថិត​ក្នុង​ខណ្ឌ​ដូនពេញ ពិតជា​ទទួល​បាន​នូវ​ការ​គាំទ្រ​ពី​ភ្ញៀវ​ជាតិ និង​អន្តរជាតិ មក​ដើរលេង​កម្សាន្ត​យ៉ាង​ច្រើន​កុះករ ដោយ​ចំនួន​ភ្ញៀវ​បាន​កើន​ឡើង​ជា​លំដាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ដោ សម្ផស្ស នាយិកា​រង​រដ្ឋបាល និង​ជា​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឱ្យ​ដឹង​ថា ផ្លូវ​ថ្មើរជើង (walk street) ដែល​បាន​បើក​ឱ្យ​ដំណើរការ​សាកល្បង​ក្នុង​រយៈពេល ២ ថ្ងៃនេះ ឃើញ​ថា មាន​ប្រជាពលរដ្ឋ ភ្ញៀវ​ជាតិ និង​អន្តរជាតិ មក​ដើរលេង​កម្សាន្ត​ច្រើន។ បើ​ប្រៀបធៀប​នៅ​ថ្ងៃ​ទី ១ និង​ថ្ងៃ​ទី ២ នៃ​ការ​បើក​ឱ្យ​ដំណើរការ​សាកល្បង​ផ្លូវ​ថ្មើរជើង (walk street) នេះ សម្រាប់​ថ្ងៃ​ទី ២ គឺ​មាន​ប្រជាពលរដ្ឋ ភ្ញៀវ​ជាតិ និង​អន្តរជាតិ មក​ដើរលេង​កម្សាន្ត​ច្រើនជាង​ថ្ងៃ​ទី ១។ នេះ​បង្ហាញ​ឱ្យ​ឃើញ​ពី​សន្ទស្សន៍​កើន​ឡើង​ហើយ។ យើង​សង្ឃឹមថា ក្រោយពី​យើង​ធ្វើការ​កែសម្រួល​ជា​បន្តបន្ទាប់​ទៀត ដូច​ជា ការរៀបចំ​ស្តង់​ម្ហូបអាហារ ការ​ប្រគំ​តន្ត្រីសម័យ បុរាណ ការ​គូរ​គំនូរ កន្លែង​លេង​សៀក​រហស្សកម្ម​ជាដើម​នោះ កំណើត​ប្រជាពលរដ្ឋ ភ្ញៀវ​ជាតិ និង​អន្តរជាតិ នឹង​កើនឡើង​ច្រើន​ជាងនេះទៀត។

លោកស្រី ដោ សម្ផស្ស ក៏បាន​ថ្លែង​នូវ​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ពិសេស​ប្រជាពលរដ្ឋ​រស់នៅ​ទីតាំង​នេះ បាន​ចូលរួម​គាំទ្រ និង​សហការ​ជាមួយ​អាជ្ញាធរ​បាន​យ៉ាង​ល្អ ដែល​វា​នឹង​ធ្វើ​ឱ្យ​គម្រោង​បើកផ្លូវ​ថ្មើរជើង (walk street) នេះ ទទួលបាន​នូវ​ភាព​ជោគជ័យ។ ប្រជាពលរដ្ឋ​ពួកគាត់​និយាយ​ថា គម្រោង​នេះ​ល្អ ពួកគាត់​គាំទ្រ​ពេញទំហឹង។

គួរ​បញ្ជាក់​ថា តាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ការសាកល្បង​ផ្លូវ​ថ្មើរជើង (Walk Street) នេះ ត្រូវ​ធ្វើ​ឡើង​នៅ​រៀងរាល់ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ ដោយ​ចាប់ពី​ម៉ោង ១៨:០០ នាទី រហូត​ដល់​ម៉ោង ២៣:០០ នាទី​យប់ នៅ​តាម​បណ្ដោយ​តីរវិថី​ព្រះស៊ីសុវត្ថិ ចាប់ពី​វិថី​បក្សី​ចាំ​ក្រុង (​ផ្លូវ​លេខ ៩៤) រហូតដល់​មុខ​ព្រះបរមរាជវាំង ស្ថិត​ក្នុង​ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ។

ដើម្បី​ឱ្យ​ដំណើរការ​បើក​សាកល្បង​ផ្លូវ​ថ្មើរជើង (Walk Street) ប្រកបដោយ​ជោគជ័យ រក្សា​បាន​នូវ សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ព្រមទាំង​បញ្ចៀស​បាន​នូវ​ការ​កកស្ទះ​ចរាចរ រដ្ឋបាល​រាជធានី​ភ្នំពេញ ស្នើសុំ​បិទ​ផ្លូវ និង​ពង្វាង​ចរាចរ​ចំពោះ​យានយន្ត​គ្រប់​ប្រភេទ​តាម​ពេលវេលា និង​ម៉ោង​ដែល​បាន​កំណត់ ដើម្បី​ទុក​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ថ្មើរជើង៕

អត្ថបទ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម