ព័ត៌មានជាតិ
ត្រឹមឆ្នាំ ២០២៤ ទូទាំងប្រទេសមានអគ្គិសនីប្រើប្រាស់ ៩៩.១៥% ខណៈឆ្នាំ ២០២៥ គ្រោងពង្រីកឲ្យបាន ៥១ ភូមិថែមទៀត
ការផ្គត់ផ្គង់អគ្គិសនីបានគ្របដណ្តប់លើភូមិចំនួន ៩៩.១៥% គិតត្រឹមចុងឆ្នាំ ២០២៤ ខណៈអគ្គិសនីកម្ពុជាដាក់ផែនការពង្រីកការផ្គត់ផ្គង់អគ្គិសនីពីបណ្តាញជាតិឲ្យបាន ៥១ ភូមិទៀតនៅឆ្នាំ ២០២៥។
លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា គូសបញ្ជាក់នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារអនុវត្តសម្រាប់ឆ្នាំ២០២៥ ថា គិតត្រឹមឆ្នាំ ២០២៤ ការផ្គត់ផ្គង់អគ្គិសនីបានគ្របដណ្តប់លើភូមិចំនួន ៩៩.១៥% គឺកើនឡើងចំនួន ០.២៨% ប្រៀបធៀបឆ្នាំ២០២៣ ដែលមកដល់ចុងឆ្នាំ២០២៤ នេះ ភូមិពុំទាន់មានការផ្គត់ផ្គង់អគ្គិសនីមានចំនួន ១២០ ភូមិ។

ផ្អែកតាមគម្រោងផែនការ ក្នុងឆ្នាំ២០២៥ ទាំងអគ្គិសនីកម្ពុជា និងទាំងសេវាករឯកជន អាចមានលទ្ធភាពពង្រីកការផ្គត់ផ្គង់អគ្គិសនីពីបណ្តាញជាតិបាន ៥១ ភូមិទៀត។ ដូច្នេះ នៅក្រោយឆ្នាំ២០២៤ អាចសល់ភូមិចំនួន ៦៩ ត្រូវជា ០.៤៩% ដែលពុំមានការផ្គត់ផ្គង់ពីបណ្តាញជាតិដោយសារភូមិទាំងនេះ ជាភូមិមានស្ថានភាពពិបាកខ្លាំង ដូចជាភូមិស្ថិតនៅតំបន់ដាច់ស្រយាលខ្លាំង តំបន់គ្មានផ្លូវធ្វើដំណើរ តំបន់កោះ តំបន់រស់នៅបណ្តែតទឹក តំបន់លិចទឹកនៅរដូវវស្សា តំបន់មានប្រជាពលរដ្ឋរស់នៅរាយប៉ាយ តំបន់តាំងទីលំនៅថ្មី ជាដើម ដែលត្រូវការទុនយ៉ាងច្រើន ដើម្បីអភិវឌ្ឍការផ្គត់ផ្គង់ពីបណ្តាញជាតិទៅកាន់ភូមិទាំងនោះ។
បើតាមប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា នៅឆ្នាំ២០២៤ ការភ្ជាប់បណ្តាញអគ្គិសនីឱ្យអ្នកប្រើប្រាស់អគ្គិសនីគ្រប់ប្រភេទនៅកម្ពុជា បានកើនដល់ 3,855,880 ទីតាំង គឺកើនឡើងចំនួន 150,375 ទីតាំង ប្រៀបធៀបឆ្នាំ២០២៣។ តាមស្ថិតិនេះ នៅចុងឆ្នាំ២០២៤ លំនៅឋានដែលបានភ្ជាប់ចរន្តអគ្គិសនីរួច មានចំនួន 3,598,239 ស្មើ 95.24% នៃលំនៅឋានសរុប។

ទន្ទឹមនឹងនេះ អនុវត្តតាមគោលនយោបាយផ្នែកថាមពលរបស់ក្រសួងរ៉ែ និងថាមពល និងគោលដៅបានដាក់ចេញដោយសន្និបាតរបស់អាជ្ញាធរអគ្គិសនីកម្ពុជាកាលពីឆ្នាំកន្លងទៅ សមិទ្ធផលធំៗដែលអាជ្ញាធរអគ្គិសនីកម្ពុជាសម្រេចបាន និងបញ្ហាប្រឈមដែលត្រូវដោះស្រាយបន្តមានដូចជា៖ បញ្ហាស្ថិរភាព និងគុណភាពនៃការផ្គត់ផ្គង់អគ្គិសនីឱ្យអតិថិជន, បញ្ហាយកថ្លៃសេវាខុសគោលការណ៍ ឬលើសការកំណត់របស់អាជ្ញាធរអគ្គិសនីកម្ពុជា, បញ្ហាការភ្ជាប់ចរន្តឱ្យអតិថិជនធុនធំ និងមធ្យម, បញ្ហានៃការប្រើប្រាស់កម្មវិធីអាជ្ញាធរអគ្គិសនីកម្ពុជា EAC-App, បញ្ហាបង្កើតហ្វេសបុក លេខហតឡាញ លេខទំនាក់ទំនងអតិថិជន, បញ្ហាប្រើប្រាស់បរិក្ខារអគ្គិសនីខុសស្តង់ដា និងការប្រើប្រាស់ផលិតផលផលិតក្នុងស្រុក និងបញ្ហាដំឡើងនិងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលនៅកម្ពុជាជាដើម។
លោក យឹម វិសិដ្ឋបានបន្ថែមថា សម្រាប់ឆ្នាំ២០២៥នេះ អាជ្ញាធរអគ្គិសនីកម្ពុជា បានដាក់ផែនការ និងទិសដៅអនុវត្ត៖
ក) បន្តសហការជាមួយក្រសួងរ៉ែ និងថាមពល, អគ្គិសនីកម្ពុជា និងអ្នកផ្គត់ផ្គង់ឯកជន ក្នុងការអនុវត្តគោលនយោបាយអន្តរកាលថាមពលកម្ពុជា ឆ្ពោះទៅអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ ដែលមានអភិក្រមចំនួន ៤ គឺ៖១-បង្កើនថាមពលស្អាត ប្រសិទ្ធភាពថាមពល និងភាពគ្រប់គ្រាន់, ២-រក្សាថ្លៃសមរម្យស្របតាមថ្លៃនៃធាតុចូលក្នុងការផលិត បញ្ជូន និងចែកចាយថាមពល, ៣-បង្កើនស្ថិរភាព និងគុណភាពនៃការផ្គត់ផ្គង់ និងធ្វើទំនើបកម្មការផ្តល់សេវា, ៤-បង្កើនការផ្គត់ផ្គង់ប្រកបដោយសមធម៌រវាងតំបន់ទីក្រុង និងជនបទ។
សហការជាមួយក្រសួងរ៉ែ និងថាមពល និងអគ្គិសនីកម្ពុជា ដើម្បីតាមដាននិងវាយតម្លៃជាប្រចាំនូវអាទិភាពគន្លឹះទាំង៥ រួមមាន ១-បញ្ហាការដាច់ចរន្តអគ្គិសនី, ២-បញ្ហាគុណភាពនៃការផ្គត់ផ្គង់លើប្រព័ន្ធបណ្តាញជាតិបញ្ជូនអគ្គិសនី, ៣-បញ្ហាការផ្តល់សេវាពាក់ព័ន្ធផ្សេងៗដល់អតិថិជនរបស់សហគ្រាសរដ្ឋ និងឯកជន, ៤-បញ្ហាការបង់កម្រៃសេវាក្រៅផ្លូវការ និង ៥-បញ្ហាការពង្រីកវិសាលភាពនៃការប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងការផ្តល់សេវានានា។
ខ) បន្តត្រួតពិនិត្យ និងដោះស្រាយបញ្ហាប្រឈមទាំង ៧ចំណុច ដូចបានជម្រាបជូនខាងលើ
គ) បន្តត្រួតពិនិត្យ និងចាត់វិធានការឱ្យបានម៉ឺងម៉ាត់ចំពោះការអនុវត្តខុសពីច្បាប់អគ្គិសនី លក្ខខណ្ឌអាជ្ញា បណ្ណ បទប្បញ្ញត្តិ សេចក្តីសម្រេច បទបញ្ជា និងនីតិវិធីនានារបស់អាជ្ញាធរអគ្គិសនីកម្ពុជា
ឃ) ពាក់ព័ន្ធនឹងបញ្ហាយេនឌ័រ ក្រសួងរ៉ែ និងថាមពល មានគម្រោងដាក់លក្ខខណ្ឌឱ្យអ្នកផ្តល់សេវាកម្មផ្នែក អគ្គិសនីទាំងអស់ ផ្តល់ការងារដល់ស្រ្តីយ៉ាងតិចឱ្យបាន ៣០% ទៅ ៤០% សម្រាប់សកម្មភាពសេវាកម្មនានារបស់អ្នកផ្តល់សេវាកម្មផ្នែកអគ្គិសនីនៅឆ្នាំ២០៣០។ ដូច្នេះ អាជ្ញាធរអគ្គិសនីកម្ពុជាគ្រោងធ្វើលិខិតណែនាំផ្លូវការដល់អ្នកកាន់អាជ្ញាបណ្ណពាក់ព័ន្ធទាំងអស់ឱ្យចាប់ផ្តើមគិតគូរគម្រោងផែនការនេះ ដើម្បីឈានទៅសម្រេចផែនការរបស់ក្រសួង៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ