ព័ត៌មានជាតិ
កម្ពុជា -ម៉ាឡេស៊ីពង្រឹងការប្តេជ្ញាចិត្តចំពោះកិច្ចព្រមព្រៀងអាស៊ានបៃតង និងកិច្ចសហប្រតិបត្តិការបរិស្ថាន
កម្ពុជា និងម៉ាឡេស៊ី បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាចំពោះនិរន្តរភាពបរិស្ថាន ដោយផ្តោតជាពិសេសលើកិច្ចព្រមព្រៀងអាស៊ានបៃតង និងបច្ចេកវិទ្យាបណ្តុះកូនឈើ។ ការបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តនេះ កើតឡើងនៅក្នុងកិច្ចជំនួបការទូតរវាង លោក Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ី និងលោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា កាលពីថ្ងៃទី០៣ ខែកុម្ភៈ។

ក្នុងកិច្ចពិភាក្សា លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានគូសបញ្ជាក់ពីគំនិតផ្តួចផ្តើមបរិស្ថានពិសេសរបស់កម្ពុជាទៅលើភាពស្អាត ភាពបៃតង និងចីរភាព រួមទាំងកិច្ចខិតខំប្រឹងប្រែងក្នុងការអភិរក្សចំនួនសត្វផ្សោតទឹកសាប និងបំណងស្នើសុំដាក់ដែនជម្រកសត្វផ្សោតជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ លោកឯកអគ្គរាជទូតម៉ាឡេស៊ី បានសម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះគោលនយោបាយបរិស្ថានរបស់កម្ពុជា និងបានបញ្ជាក់ជាថ្មីនូវឆន្ទៈរបស់ម៉ាឡេស៊ីក្នុងការសហការបន្ថែមទៀត។

កិច្ចសន្ទនាក៏បានផ្តោតជាពិសេសលើ កិច្ចព្រមព្រៀងអាស៊ានបៃតង – ASEAN Green Deal ដែលផ្តួចផ្តើមដោយកម្ពុជាក្នុងឆ្នាំ២០២២។ ភាគីទាំងពីរបានទទួលស្គាល់សារៈសំខាន់នៃការពង្រីកគំនិតផ្តួចផ្តើមទាំងនេះ និងបានបង្ហាញពីក្តីប្រាថ្នាស្វែងរកឱកាសកិច្ចសហប្រតិបត្តិការ។ លោករដ្ឋមន្ត្រី បានស្នើឱ្យផ្តោតលើការដាំព្រៃឡើងវិញ និងការអភិវឌ្ឍប្រភេទដើមឈើដែលមានភាពធន់តាមរយៈបច្ចេកវិទ្យាទំនើបក្នុងការថែទាំ និងបណ្តុះកូនឈើប្រើប្រាស់ជាលិកា (Tissue Culture Technologies) ។

លោករដ្ឋមន្ត្រីបានថ្លែងថា “គោលដៅរបស់យើងគឺធ្វើឱ្យកម្ពុជាកាន់តែមានភាពបៃតង តាមរយៈការដាំស្តារព្រៃឡើងវិញនៅតំបន់ដែលរងផលប៉ះពាល់ដោយការកាប់ឈើខុសច្បាប់ និងភ្លើងឆេះព្រៃ“។ “តាមរយៈការសហការជាមួយម៉ាឡេស៊ី យើងមានគោលបំណងប្រើប្រាស់បទពិសោធន៍ និងជំនាញរបស់ពួកគាត់ក្នុងការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍លើការដាំដើមឈើ ដោយផ្តោតលើប្រភេទដែលធន់នឹងការប្រែប្រួលអាកាសធាតុ“។
ជាការឆ្លើយតប លោកឯកអគ្គរាជទូតម៉ាឡេស៊ី បានគាំទ្រសំណើនេះ ដោយគូសបញ្ជាក់ពីការចូលរួមរបស់ក្រុមហ៊ុនវិនិយោគម៉ាឡេស៊ីនៅកម្ពុជា តាមរយៈកម្មវិធីទំនួលខុសត្រូវសង្គមសាជីវកម្ម (Corporate Social Responsibility:CSR) លើសកម្មភាពដាំដើមឈើ និងសកម្មភាពសម្អាតទន្លេជាដើម។ កំឡុងពេលដែលម៉ាឡេស៊ីកាន់តំណែងជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២៥ ប្រទេសទាំងពីរចាត់ទុកកិច្ចប្រជុំកំពូលអាស៊ាននាពេលខាងមុខនេះជាឱកាសដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ដែលផ្តោតលើវិស័យបរិស្ថាន។

លោកឯកអគ្គរាជទូត បានគូសបញ្ជាក់ពីការត្រៀមខ្លួនរបស់ម៉ាឡេស៊ីក្នុងការចែករំលែកជំនាញ និងធនធានដើម្បីគាំទ្រគោលដៅបរិស្ថានរបស់កម្ពុជា។ កិច្ចជំនួបនេះគឺជាជំហានដ៏សំខាន់មួយក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងម៉ាឡេស៊ី ដោយសង្កត់ធ្ងន់លើតម្លៃបរិស្ថានរួមគ្នា និងសកម្មភាពរួមគ្នានៅក្នុងសហគមន៍អាស៊ាន៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី