ព័ត៌មានជាតិ
ប្រធានមន្ទីរ ៖ បញ្ហាខ្វះគ្រូបង្រៀន នៅសាលាបឋមសិក្សាទួលកី បានដោះស្រាយបញ្ចប់
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ០៤ កុម្ភៈ នេះថា បញ្ហាខ្វះគ្រូបង្រៀន នៅសាលាបឋមសិក្សាទួលកី ដែលធ្វើឱ្យសាលាត្រូវដាក់សិស្សក្នុង ០១ ថ្នាក់ ជិត ១៥០ នាក់ ត្រូវបានដោះស្រាយបញ្ចប់ជាស្ថាពរ បន្ទាប់ពីអភិបាលរាជធានីភ្នំពេញបានស្នើឱ្យគ្រូកិច្ចសន្យា ០២ នាក់ ដែលសាលាបានបញ្ឈប់ឱ្យចូលបង្រៀនធម្មតាវិញ និងជួយឧបត្ថម្ភថវិកាប្រចាំខែ។

លោកប្រធានមន្ទីរ បានបន្តថា បញ្ហាដែលសាលាបឋមសិក្សាទួលកីខ្វះគ្រូ និងធ្វើឱ្យចំនួនសិស្សកើនច្រើន ជាពិសេសថ្នាក់ទី ០១ និងថ្នាក់ទី ០២ មានចំនួន ១៤៨ នាក់ ក្នុង ០១ ថ្នាក់ នេះ ដោយសារសាលាមានសិស្សសរុប ៩២៨ នាក់ ចែកជា ១៣ ថ្នាក់ គ្រូបង្រៀនក្របខណ្ឌ ចំនួន ០៨ នាក់ គ្រូបង្រៀន ០២ ពេល ០៣ នាក់ និងគ្រូបង្រៀនចូលនិវត្តន៍ ចំនួន ០២ នាក់។

លោកប្រធានមន្ទីរ បានពន្យល់ថា ដូចនេះសាលាត្រូវការគ្រូបង្រៀន ០២ នាក់ បន្ថែមទៀត ហើយ ករណីនេះ សាលាបានប្រើប្រាស់គ្រូកិច្ចសន្យាចំនួន ០២ នាក់បន្ថែមទៀត រយៈពេល ០៣ ខែរួចមកហើយ គិតចាប់ពីដើមឆ្នាំសិក្សា ២០២៤-២០២៥ ដោយសាលាយល់ឃើញថា ក្រសួងអប់រំ យុវជន និងកីឡា និង ក្រសួងមុខងារសាធារណៈ នឹងផ្តល់គ្រូនៅដើមឆ្នាំ។ ប៉ុន្តែផ្ទុយទៅវិញ ក្របខណ្ឌដែលក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងមុខងារសាធារណៈ ផ្តល់ឱ្យសាលាបឋមសិក្សាទួលកី ទទួលបានតែគ្រូបង្រៀន ០២ ពេល ចំនួន ០៣ នាក់ តែប៉ុណ្ណោះ។ ចំពោះក្របខណ្ឌគ្រូកិច្ចសន្យាដែលសាលាបានស្នើសុំចំនួន ០២ នាក់ សាលាពុំទទួលបានតាមការស្នើសុំឡើយ ជាហេតុធ្វើឱ្យសាលាសម្រេចចិត្តបង្រួមថ្នាក់ទី ០១ និងថ្នាក់ទី ០២ បញ្ចូលគ្នា បណ្តាលឱ្យចំនួនសិស្សកើនឡើង ច្រើនក្នុងថ្នាក់នីមួយៗ ប៉ះពាល់ដល់ដំណើរការបង្រៀន និងរៀន។

លោកប្រធានមន្ទីរបានបន្ថែមថា បន្ទាប់ពីទទួលបានអនុសាសន៍ដឹកនាំពី លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ចំពោះបញ្ហាខ្វះគ្រូបង្រៀននៅសាលាបឋមសិក្សាទួលកី លោកបានស្នើសុំឱ្យគ្រូកិច្ចសន្យា ០២ នាក់ ដែលសាលាបានបញ្ឈប់ ឱ្យគាត់ចូលបង្រៀនធម្មតាវិញ។ ចំពោះថវិកាឧបត្ថម្ភប្រចាំខែ លោកអភិបាលនឹងចាត់ចែងដោះស្រាយជូន។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ អាណាព្យាបាលសិស្សដែលមានកូនចៅរៀននៅសាលាបឋមសិក្សាទួលកីបានជួបជុំគ្នាធ្វើការតវ៉ាដើម្បីឱ្យសាលាស្វែងរកដំណោះស្រាយចំពោះបញ្ហាខ្វះខាតគ្រូបង្រៀននេះហើយក៏មានការបើកកិច្ចប្រជុំបន្ទាន់មួយជាមួយតំណាងអាណាព្យាបាលសិស្ស និងលោកប្រធានមន្ទីរអប់រំ យុវជន និងកីឡា។

លោកប្រធានមន្ទីរ បានបញ្ជាក់ថា ក្រោយពីទទួលបានការធានាអះអាងខាងលើ តំណាងអ្នកអាណាព្យាបាលសិស្ស បានស្ងប់ចិត្ត ទទួលយកចំណាត់ការដ៏ត្រឹមត្រូវ និងទាន់ពេលវេលាពីសំណាក់ លោកអភិបាលរាជធានីភ្នំពេញ ហើយពួកគាត់រីករាយទទួលយក និងបានរំសាយទៅគេហដ្ឋានរៀងៗ ខ្លួន៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា