ព័ត៌មានជាតិ
ពលរដ្ឋសប្បាយចិត្តពេលសេវាធ្វើសៀវភៅស្នាក់នៅ ផ្ទេរមកនៅត្រឹមប៉ុស្តិ៍ឃុំ សង្កាត់
ប្រជាពលរដ្ឋ សម្ដែងការពេញចិត្ត និងរីករាយនៅពេលរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរសិទ្ធិអំណាចនៃការធ្វើសៀវភៅស្នាក់នៅ ដែលពីមុនស្ថិតក្រោមសមត្ថកិច្ចអធិការដ្ឋានក្រុង ស្រុក ខណ្ឌ ឱ្យមកនៅត្រឹមប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់។ ពលរដ្ឋសប្បាយចិត្ត ក៏ដោយសារតែសេវានេះកាន់តែនៅកៀកពួកគាត់ ហើយពួកគាត់ ក៏មានទំនាក់ទំនងល្អជាមួយមន្ត្រីនគរបាលនៃឃុំ សង្កាត់ នោះស្រាប់។

បើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ភារកិច្ចផ្ដល់សេវានេះ អាចជាបន្ទុកការងារថ្មីមួយទៀត បន្ថែមលើតួនាទី និងភារកិច្ចស្នូលរបស់នគរបាលប៉ុស្ដិ៍រដ្ឋបាលឃុំ សង្កាត់ លើការធានាថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងការផ្ដល់សេវាផ្សេងទៀត។
កញ្ញា ស៊ាន ធីតា មន្រ្តីសុខាភិបាលរស់នៅខណ្ឌច្បារអំពៅ ថ្លែងថា នាងពិតជាមានការភ្ញាក់ផ្អើលនៅពេលដឹងថា សេវាធ្វើសៀវភៅស្នាក់នៅឥឡូវ ត្រូវទៅសុំត្រឹមតែប៉ុស្តិ៍នគរបាលសង្កាត់ ពីព្រោះតាមបទពិសោធន៍ដែលនាងមករស់នៅរាជធានីភ្នំពេញដំបូង គឺបានទៅស្នើសុំសេវានេះ២ដំណាក់កាលឯណោះ គឺពីប៉ុស្តិ៍ដល់អធិការដ្ឋាន។ បើតាមពលរដ្ឋជាយុវជនរូបនេះ ការផ្ទេរតួនាទីបម្រើសេវាសាមញ្ញៗពីថ្នាក់លើមកឱ្យសមត្ថកិច្ចថ្នាក់ក្រោម គឺពិតជាផ្ដល់ភាពងាយស្រួលច្រើនដល់ពលរដ្ឋ ប៉ុន្តែនាងក៏ដឹងដែរថា តាមការសង្កេតរាល់ថ្ងៃ មន្រ្តីនគរបាលប៉ុស្តិ៍របស់នាង គឺប៉ុស្តិ៍នគរបាលសង្កាត់និរោធិ៍ រវល់ទាំងការងារសេវាខាងក្នុង ការងារចរាចរណ៍ខាងក្រៅ និងការងារល្បាតពេលយប់។

មន្ត្រីនគរបាលនៃប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ពិតជាបានផ្ដល់សេវាសៀវភៅស្នាក់នៅបានលឿនរហ័សជាងមុន។ ជាក់ស្ដែងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរបែកក្អម នៃខណ្ឌសែនសុខ បានផ្ដល់សេវាសៀវភៅស្នាក់នៅជូនប្រជាពលរដ្ឋ លឿនជាងពេលកំណត់ ពោលគឺឱ្យតែពលរដ្ឋមានឯកសារគ្រប់គ្រាន់ មន្រ្តីនឹងលៃលកពេលវេលាចាត់នីតិវិធីជូន ដោយពេលខ្លះត្រឹមតែ៣ថ្ងៃ ទៅ១សប្ដាហ៍ប៉ុណ្ណោះ។ នេះបើតាមការឱ្យដឹងពីលោកវរសេនីយ៍ត្រី នាង ផល្លី នាយប៉ុស្តិ៍ នៃប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរបែកក្អម។ លោកបន្ថែមថា ថ្វីដ្បិតការងារនេះថ្មី ប៉ុន្តែទាំងរូបលោក និងមន្រ្តីជំនាញ ក៏មានបទពិសោធន៍ជាច្រើនឆ្នាំមកហើយដែរ។

សូមបញ្ជាក់ថា សៀវភៅស្នាក់នៅ គឺជាសៀវភៅប្រើប្រាស់សម្រាប់ជាវិធានការនគរបាល ដើម្បីស្រង់ព័ត៌មានអំពីចំនួនមនុស្សដែលស្នាក់នៅក្នុងលំនៅឋាននីមួយៗ រួមទាំងលំនៅឋាននៃទីតាំងប្រមូលផ្ដុំ។ សៀវភៅនេះ ពុំអាចត្រូវបានប្រើប្រាស់ធ្វើជាឯកសារសម្រាប់អះអាងឬបញ្ជាក់ពីភាពជាកម្មសិទ្ធិលើលំនៅឋានបានឡើយ និងផ្ដល់បានតែមួយគត់ចំពោះបុគ្គលឬគ្រួសារ ឬក្រុមគ្រួសារដែលជាម្ចាស់ ឬជាអ្នកជួលកំពុងស្នាក់នៅក្នុងលំនៅឋានអចិន្ត្រៃយ៍ណាមួយជាកំណត់ ទោះបុគ្គល ឬគ្រួសារ ឬក្រុមគ្រួសារនោះមានលំនៅឋានលើសពីមួយក៏ដោយ។ សេវាធ្វើសៀវភៅស្នាក់នៅពុំមានបង់ប្រាក់ទេ និងមានរយៈពេលមិនលើសពី ១០ (ដប់) ថ្ងៃឡើយ ក្នុងករណីមានឯកសារគ្រប់តាមច្បាប់។
ដើម្បីស្នើសុំសេវានេះ ពលរដ្ឋត្រូវមានឯកសារណាមួយ ដូចជា បើពលរដ្ឋខ្មែរ ត្រូវមានសេចក្ដីចម្លងសំបុត្រកំណើតឬសំបុត្របញ្ជាក់កំណើត (ក្នុងករណីអ្នកទើបរៀបអាពាហ៍ពិពាហ៍ត្រូវភ្ជាប់ជាមួយសេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ឬសំបុត្របញ្ជាក់អាពាហ៍ពិពាហ៍)។ បើជាអ្នកជួលលំនៅឋានដែលពុំទាន់បានចុះបញ្ជីស្នាក់នៅអចិន្ត្រៃយ៍នៅតាមលំនៅឋានណាមួយ ត្រូវមានឯកសារបន្ថែមដូចជាកិច្ចសន្យាជួលលំនៅឋាន និងលិខិតបញ្ជាក់ពី ម្ចាស់លំនៅឋាន ឱ្យប្រើប្រាស់អាសយដ្ឋានដែលមានការបញ្ជាក់ទទួលស្គាល់ពីមេឃុំ ឬចៅសង្កាត់៕

-
សន្តិសុខសង្គម៩ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម២២ ម៉ោង ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន