ព័ត៌មានជាតិ
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានយុវជនបូជាការពារយុត្តិធម៌ ជួបជុំអាហារសាមគ្គីជាមួយសមាជិក ឈរលើឆន្ទៈតែមួយ តម្កល់ផលប្រយោជន៍ជាតិជាធំ
«យុវជនបូជាការពារយុត្តិធម៌» បានរៀបចំកម្មវិធីជួបជុំដ៏ធំប្រចាំឆ្នាំ ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានយុវជនបូជាការពារយុត្តិធម៌ អនុប្រធាន សមាជិក សមាជិកា កាលពីល្ងាចថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៥។

កម្មវិធីជួបជុំសមាជិកដ៏ធំនេះ ដើម្បីជាការដាស់ស្មារតីប្រជាពលរដ្ឋ ពិសេសយុវជនជំនាន់ក្រោយឱ្យចេះស្រឡាញ់សន្តិភាព ការពារសន្តិភាព និងស្អប់ខ្ពើមភ្លើងសង្គ្រាម ហើយបញ្ចៀសកុំឱ្យប្រវត្តិសាស្ត្រច្រំដែល។

នៅចំពោះមុខសមាជិក សមាជិកា នាឱកាសនោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានយុវជនបូជាការពារយុត្តិធម៌ បានថ្លែងដោយការពន្លឺសំឡេងជយឃោសសម្តែងនូវការ«អរគុណសន្តិភាព, អរគុណ សម្តេចតេជោ ដែលស្វែងរកសន្តិភាព អរគុណ សម្តេចបវរធិបតី ដែលបន្តការពារសន្តិភាព សន្តិភាពជារនាំងការពារជីវិតរបស់យើងទាំងអស់គ្នា»។

អ្នកឧកញ៉ាប្រធានយុវជនបូជាការពារយុត្តិធម៌ បានថ្លែងថា ថ្ងៃនេះគឺជាថ្ងៃដែលជួបជុំគ្នាដំបូងបន្ទាប់ពីផ្ដួចផ្ដើមក្រុមយុវជនបូជាការពារយុត្តិធម៌ ដែលមានបេសកកម្មចូលរួមកសាងនូវអំពើល្អ ខិតខំកសាងបុណ្យកុសលរួមគ្នា ជួយគ្នាជ្រោមជ្រែងគ្នា មិនថាបងប្អូនយើងមានការលំបាក ឬមានបញ្ហាអ្វីមួយគឺយើងចូលរួមជួយគ្នា ប៉ុន្តែសូមកុំធ្វើរឿងដែលខុសច្បាប់។

អ្នកឧកញ៉ាមានប្រសាសន៍ថា ៖ «នៅពេលដែលបងប្អូនមានផលវិបាកអ្វីផ្សេងៗ ក្នុងនាមខ្ញុំបាទជាប្រធានយុវជនបូជាការពារយុត្តិធម៌ ក៏ដូចជាបងប្អូនអនុប្រធានទាំងអស់នឹងរកដំណោះស្រាយ ដើម្បីចូលរួមជួយគ្នា ដោយចាត់ទុកជាបងប្អូន និងជាគ្រួសារតែមួយ»។

អ្នកឧកញ៉ាមានប្រសាសន៍បន្តថា ចាប់ពីថ្ងៃនេះតទៅក្រុមយុវជនបូជាការពារយុត្តិធម៌ ត្រូវខិតខំកសាងនូវអំពើល្អជាមួយគ្នា ទោះធ្វើតិច ឬធ្វើច្រើន តែត្រូវខំធ្វើជាមួយគ្នា។ កន្លងទៅ រយៈពេលប៉ុន្មានខែមកនេះ ឃើញប្រធានក្រុមទាំងអស់តែងតែបានចុះចេញជួយដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងលំបាក ក្នុងបុព្វហេតុការងារមនុស្សធម៌។ ការណ៍នេះ អ្នកឧកញ៉ាថ្លែងបញ្ជាក់ថា ការចូលរួមជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា ក្នុងនាមយើងជាជនជាតិខ្មែរ យើងសញ្ជាតិតែមួយ យើងត្រូវចេះស្រឡាញ់គ្នា យើងត្រូវចេះឱបក្រសោបគ្នា ពេលមានទុក្ខលំបាកយើងខិតខំក្នុងការជួយ ទោះបីយើងមិនអាចជួយសម្រាលទុក្ខបានទាំងស្រុងក៏ដោយ តែយើងត្រូវតែខិតខំជួយគ្នា មានតែការសាមគ្គីគ្នា ការយកចិត្តទុកដាក់ជួយគ្នាទើបយើងអាចបន្តដំណើរទៅមុខជាមួយគ្នាបាន។

អ្នកឧកញ៉ាសង្កត់ធ្ងន់ថា ៖ «កម្ពុជាយើងកម្សត់ណាស់ ៤០០ – ៥០០ ឆ្នាំចុងក្រោយនេះ កម្ពុជាមិនដែលមានសន្តិភាពរយៈពេលវែងនោះទេ មានតែការកាប់សម្លាប់គ្នា ការដណ្តើមអំណាចគ្នា រហូតដល់ចុងក្រោយជំនាន់ ប៉ុល ពត យើងបាត់បង់ជីវិតប្រជាជនខ្មែរអស់ជាច្រើនលាន»។ ទន្ទឹមគ្នានេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានថ្លែងគូសបញ្ជាក់ថា ៖ «ខ្ញុំមិនមែនជាអ្នកនយោបាយទេ ប៉ុន្តែខ្ញុំត្រូវតែចូលរួមជួយជាតិរបស់ខ្ញុំ បើសិនជាគ្មានជាតិ ក៏គ្មានអាជីវកម្មរបស់ខ្ញុំ ក៏គ្មានជីវិតខ្ញុំដែរ»។

អ្នកឧកញ៉ាប្រធានយុវជនបូជាការពារយុត្តិធម៌ បានអំពាវនាវយ៉ាងដូច្នេះថា ក្នុងនាមយើងជាយុវជនជំនាន់ក្រោយ យើងត្រូវតែចូលរួមក្នុងការការពារជាតិ មិនបណ្តោយឱ្យគេបន្តញុះញង់ លាបពណ៌ធ្វើឱ្យយើងស្អប់គ្នា ធ្វើឱ្យយើងកាប់សម្លាប់គ្នា ទីបំផុតអ្នកដែលស្លាប់គឺយើងទាំងអស់គ្នា។ យើងមិនចង់ត្រឡប់ទៅរកអតីតកាលយើងវិញទេ ទោះបីថាបងប្អូនទាំងអស់គ្នាមួយចំនួនមិនធ្លាប់ជួបហេតុការណ៍នឹង ប៉ុន្តែឯកសារពិតប្រាកដយើងមាន។

លើសពីនេះ អ្នកឧកញ៉ាថ្លែងបញ្ជាក់ថា «កម្ពុជា បើគ្មានក្រុមគ្រួសារត្រកូល«ហ៊ុន» បើគ្មានឥស្សរជនជាន់ខ្ពស់ទាំងអស់ចូលរួមរំដោះជាតិម្ល៉េះខ្មែរយើងដាច់ពូជបាត់ទៅហើយ…! អ្នកឧកញ៉ាអះអាងថា សម្ដេចតេជោ បានរំដោះជាតិ យើងបាត់បង់អាយុជីវិតអស់រាប់លាននាក់ ហើយយើងសល់ប៉ុន្មានលាននាក់ដែល សម្តេចតេជោ លោកបានដឹកនាំសង្គ្រោះជាតិជាមួយនឹងឥស្សរជនជាន់ខ្ពស់ផ្សេងទៀត បច្ចុប្បន្នលោកមានព្រះជន្មច្រើន ហើយឥស្សរជនទាំងអស់លោកក៏មានព្រះជន្មច្រើន។

អ្នកឧកញ៉ាប្រធានយុវជនបូជាការពារយុត្តិធម៌មានប្រសាសន៍ទៀតថា ៖ «យើងជាយុវជនជំនាន់ក្រោយ យើងចូលរួមជឿជាក់លើកម្ពុជា ជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជាយើង ដើម្បីបន្តដឹកនាំទៅមុខ ដើម្បីរស់ជាមួយគ្នា ដើម្បីអនាគតជាមួយគ្នា។ យើងមិនលោភលន់ យើងមិនត្រូវការអ្វីដែលមិនមែនជាកម្លាំងញើសឈាមរបស់យើង តែយើងត្រូវតែរួមគ្នា យើងមានកម្លាំង យើងរួមកម្លាំង យើងមានថវិកា យើងរួមថវិកា យើងមានចំណេះដឹង យើងរួមចំណេះដឹង ដើម្បីចូលរួមការពារជាតិយើងឲ្យបាន។ កម្ពុជា…! ជារបស់យើងទាំងអស់គ្នា យើងមិនត្រូវបែកបាក់គ្នាដោយសារការញុះញង់របស់ជនបរទេស ជាពិសេស គឺជនឧទ្ទាមក្បត់ជាតិ ៣ ជំនាន់ សម រង្ស៊ី ដែលគាត់មានគំនិតទុច្ចរិតដែលចង់បំបះបំបោរដើម្បីលាបពណ៌ និងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ដូច្នេះយើងត្រូវតែការពារឲ្យបានជាដាច់ខាត»។

សូមជម្រាបថា នៅក្នុងកម្មវិធីជួបជុំ «យុវជនបូជាការពារយុត្តិធម៌» ដែលសុទ្ធសឹងតែជាយុវជន សិល្បករ និងមហាជនដែលជាអ្នកស្រឡាញ់សន្តិភាព ប្ដេជ្ញាការពារសន្តិភាព ក៏មានការច្រៀងរួមគ្នាដើម្បីទុកជាសក្ខីភាពជាបងប្អូនមិនមែនរួមផ្ទៃតែមួយ ប៉ុន្តែរស់ក្រោមដំបូលសន្តិភាពកម្ពុជាតែមួយ ទុកជាអនុស្សាវរីយ៍ក្នុងបុព្វហេតុ នៃស្មារតីស្រឡាញ់ជាតិមាតុភូមិ៕







-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល