ព័ត៌មានជាតិ
អគ្គនាយកស៊ីម៉ាក់ថាការជួយបណ្ដុះបណ្ដាលអ្នកដោះមីនអ៊ុយក្រែនគឺនៅតែបន្ត
អគ្គនាយកស៊ីម៉ាក់លោក ហេង រតនា បានលើកឡើងថាការងារជួយបណ្ដុះបណ្ដាលអ្នកដោះមីនអ៊ុយក្រែននេះគឺនៅតែបន្តរហូតមកដល់ពេលនេះដែលជាកិច្ចការមនុស្សធម៌សុទ្ធសាធ មិនប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការរបស់កម្ពុជាជាមួយដៃគូដទៃទៀតទេ។

ថ្លែងក្នុងវីដេអូបទសម្ភាសន៍ពីវឌ្ឍនភាពរបស់ស៊ីម៉ាក់នឹងត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ លោក ហេង រតនា បានលើកឡើងថា រដ្ឋាភិបាលអាណិត្តទី៧គឺនៅតែបន្តសកម្មភាពនៃរដ្ឋាភិបាលអាណត្តិមុនដោយបន្តជួយលើអ្នកដោះមីនអ៊ុយក្រែនដដែលក្នុងសកម្មភាពនៃការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
លោកបន្ថែមថា៖ «សម្ដេចធិបតីលោកកបន្តខិតខំជំរុញឱ្យបន្តលើកិច្ចការមនុស្សធម៌នេះដែលជាភារកិច្ចមួយសំខាន់ដែលយើងបន្តកិច្ចសហប្រតិបត្តិការ។ ជៀសវាងការយល់ច្រលំការធ្វើកិច្ចសហប្រតិបត្តិការជាមួយអ៊ុយក្រែន ជាកងទ័ព ជាកម្លាំងប្រដាប់អាវុធអីយើងអត់ទេ! យើងធ្វើតែមនុស្សធម៌សុទ្ធសាធ»។
បើតាមលោក ហេង រតនា កិច្ចការមនុស្សធម៌នេះកម្ពុជាធ្វើជាមួយគ្រប់បណ្ដាប្រទេសដែលអាចជួយបាន។ លោកបន្ថែមថានៅឆ្នាំនេះកម្ពុជានឹងពង្រីកការបណ្ដុះបណ្ដាលទៅកាន់ប្រទេសនៅតំបន់អាហ្វ្រិកថែមទៀតផងដែរ។

កន្លងទៅកម្ពុជាបានបញ្ជូនអ្នកដោះមីនទៅក្រៅប្រទេសក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ ទោះជាយ៉ាងណាក្រោយផ្ទុះសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងតាមរយៈគំនិតផ្ដួចផ្ដើមនិងសម្របសម្រួលពីប្រទេសជប៉ុន កម្ពុជាក៏បានបញ្ជូនទៅជួយបណ្ដុះបណ្ដាលអ្នកដោះមីនអ៊ុយក្រែននៅប្រទេសអ៊ុយក្រែនផងដែរនៅឆ្នាំ២០២២។
ក្នុងជំនួបមួយរវាងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រីលោក វង្សី វិស្សុត រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីជប៉ុនលោក HAYASHI Yoshimasa នៅប្រទេសជប៉ុនកាលពីល្ងាចថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ ភាគីទាំងពីរបានពិភាក្សាគ្នាកិច្ចសហប្រតិបត្តិការទ្វេភាគីនៃប្រទេសទាំងពីរក្នុងនោះក៏មានពាក់ព័ន្ធការជួយដោះមីននៅប្រទេសទី៣ផងដែរ។

អ្នកវិភាគសង្គមសេដ្ឋកិច្ចលោកបណ្ឌិត ជ័យ តិច មានប្រសាសន៍ថាការបន្តផ្ដល់ជំនួយបច្ចេកទេសលើវិស័យមីននេះបានបង្ហាញពីសកម្មភាពរបស់កម្ពុជាក្នុងការគាំទ្រដល់កិច្ចការមនុស្សធម៌លើពិភពលោក។ លោកយល់ថាកម្ពុជាទទួលបានផលចំណេញច្រើនលើទំនាក់ទំនងការបរទេសដោយសារការជួយនេះ។
លោកបណ្ឌិត ជ័យ តិច៖ «ជាផលប្រយោជន៍ដែលអន្តរជាតិនឹងមើលមកកម្ពុជាក្នុងផ្លូវល្អ ក្នុងការងារមនុស្សធម៌ បង្កើននួវទំនាក់ទំនងអន្តរជាតិ គោលនយោបាយការបរទេសកម្ពុជា បង្កើនភាពស្និតស្នាលជាមួយបណ្ដាប្រទេសផ្សេងៗដែលអាចផ្សាភ្ជាប់ទៅនឹងវប្បធម៌សេដ្ឋកិច្ច និងកិច្ចការងារទំនាក់ទំនងអន្តរជាតិ ហើយកម្ពុជាក៏អាចផ្លាស់ប្ដូរបច្ចេកទេសបទពិសោធន៍ថ្មីៗផ្សេងៗទៀតផងដែរទាក់ទងនឹងវិស័យមីននេះ»។

បន្ទាប់ពីមានសង្គ្រាមជាមួយរុស្ស៊ី ប្រទេសអ៊ុយក្រែនបានក្លាយជាប្រទេសមួយដែលមានមីនច្រើនជាងគេ។ តាមរយបាយការណ៍ប្រទេសនេះមានចំការមីនប្រមាណ២លានចំការមីន ដែលគ្របដណ្ដប់លើផ្ទៃដីជាង៤០%នៃផ្ទៃប្រទេសគំរាមកំហែងដល់ជនស៊ីវិលជាខ្លាំង៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?