ព័ត៌មានជាតិ
ពលរដ្ឋកម្ពុជាថ្កោលទោស ស៊ន តារា ដែលកំពុងវង្វេងប្រវត្តិសាស្រ្តដោយលើកឡើងថា “អាមេរិកមិនដែលទម្លាក់គ្រាប់បែកសម្លាប់ខ្មែរ”
ភ្នំពេញ ៖ ពលរដ្ឋកម្ពុជា បានថ្កោលទោសលោក ស៊ន តារា អតីតសកម្មជនគណបក្សប្រឆាំងដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសតាមរយៈសំណេរមួយថា «អាមេរិកមិនដែលទម្លាក់គ្រាប់បែកសម្លាប់ខ្មែរទេ គឺទម្លាក់លើទ័ពយៀកកុងដែលប្រើទឹកដីខ្មែរសម្លាប់អាមេរិក» ដោយពលរដ្ឋចាត់ទុកស៊ន តារា កំពុងវង្វេងប្រវត្តិសាស្រ្តខ្លួនឯង។

លោក ទុយ កុសល ពលរដ្ឋមកពីខេត្តព្រៃវែងបាននិយាយថា «ខ្ញុំបានឃើញសំណេរស៊ន តារាដែរ ខ្ញុំគិតថា គាត់កំពុងវង្វេងប្រវត្តិសាស្រ្តខ្លួនឯង ព្រោះគាត់ជាអ្នកនយោបាយប្រឆាំងជ្រុលនិយមដែលកំពុងប្រើប្រាស់មូលដ្ឋានក្រៅប្រទេសវាយប្រហារលើរដ្ឋាភិបាលកម្ពុជាដែលកំពុងដឹកនាំប្រទេសដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ហើយខ្ញុំសូមថ្កោលទោសការលើកឡើងរបស់ស៊ន តារា ដែលប្រមាថធ្ងន់ធ្ងរដល់ជនរងគ្រោះក្នុងសម័យអាមេរិកទម្លាក់គ្រាប់បែក»។
លោកបន្តថា «សំណេររបស់ស៊ន តារា បែបនេះ គឺជាចេតនាបំភ្លៃប្រវត្តិសាស្ត្រពិត និងជាការប្រមាថយ៉ាងធ្ងន់ធ្ងរទៅដល់ជនជាតិខ្មែរស្លូតត្រង់ ដែលបានស្លាប់បាត់បង់ជីវិត និងរងរបួស ធ្លាក់ខ្លួនពិការរាប់សែននាក់ បង្កឡើងដោយគ្រាប់បែកអាមេរិក ដែលបានទម្លាក់ស្រោចមកលើទឹកដីកម្ពុជាចន្លោះទស្សវត្សឆ្នាំ៦០ និង៧០»។
ពលរដ្ឋរូបនេះបានបង្ហាញពីការឈឺចាប់នូវអ្វីដែលកើតឡើងពីអតីតកាលបានក្លាយជាប្រវត្តិសាស្ត្រដ៏ជូរចត់សម្រាប់ខ្មែរទៅហើយ ប៉ុន្ដែអ្វីដែលរឹតតែឈឺចាប់ជាងនេះទៅទៀតនោះ គឺការបកស្រាយបំភ្លៃប្រវត្តិសាស្ត្រពិត និងចេតនាកេងចំណេញនយោបាយរបស់ពួកជ្រុលនិយម វារឹតតែធ្វើឱ្យខ្មែរមិនអាចទទួលយកបានទៀត។
លោក ស៊ូ ស៊ាម ពលរដ្ឋម្នាក់ទៀតមកពីខេត្តព្រៃវែងបានថ្លែងថា «ស៊ន តារា ពិតជាបានប្រមាថធ្ងន់ធ្ងរខ្លាំងណាស់ដល់អាយុជីវិតរបស់ប្រជាជនខ្មែរដែលស្លាប់និងរងគ្រោះដោយសារគ្រប់បែកដែលទម្លាក់ដោយអាមេរិក។ ដូច្នេះ ស៊ន តារា មិនគួរហៅខ្លួនឯងថាជាខ្មែរទៀតឡើយ ព្រោះអ្នកមិនសមនឹងកើតជាជាតិសាសន៍ដ៏ស្លូតត្រង់ និងសុច្ចរិតមួយនេះទេ»។
លោកបន្តថា ប្រវត្តិសាស្ត្រពិតបានចារយ៉ាងច្បាស់ និងត្រូវបានទទួលស្គាល់ដោយភាគីអាមេរិកខ្លួនឯងផងដែរថា អាមេរិកគឺពិតជាបានទម្លាក់គ្រាប់បែកមកលើកម្ពុជា ដោយមានគោលដៅទៅលើយោធាយៀកកុងមែន ប៉ុន្តែការទម្លាក់គ្រាប់បែកដ៏ច្រើនសន្ធឹកសន្ធាប់អស់រយៈពេលជាច្រើនឆ្នាំលើទឹកដីកម្ពុជាដ៏កម្សត់ គឺបានសម្លាប់ប្រជាជនកម្ពុជាចន្លោះពី ៥ម៉ឺន ទៅដល់ ១៥ម៉ឺននាក់។
លោកបន្ថែមថា ឥទ្ធិពលគ្រាប់បែកអាមេរិក បានបង្កឱ្យមានជនពិការរហូតមកដល់ពេលបច្ចុប្បន្ន និងបំផ្លាញភូមិដ្ឋានប្រជាជនខ្មែរព្រមទាំងហេដ្ឋារចនាសម្ព័ន្ធខ្ទេចខ្ទី។ សព្វថ្ងៃគ្រាប់បែកដែលសេសសល់នៅកប់ក្នុងដីច្រើនណាស់ ដែលបាននឹងកំពុងតែបន្តសម្លាប់ប្រជាជនខ្មែរស្លូតត្រង់ដែលមិនដឹងអីរហូតដល់សព្វថ្ងៃ។
ពលរដ្ឋម្នាក់ទៀតលោក អ៊ុន គិនសេរីរដ្ឋា អាយុជិត ៦០ឆ្នាំ រស់នៅខេត្តស្វាយរៀងបានលើកឡើងថា «ខ្ញុំមានការឈឺចាប់ខ្លាំងណាស់ដែលមានជនអគតិជ្រុលនិយមក្រៅប្រទេសមួយក្ដាបតូចនេះព្យាយាមបង្វែរប្រវត្តិសាស្រ្ត និងព្យាយាមការពារជនល្មើសដែលធ្វើឱ្យពលរដ្ឋខ្មែរស្លាប់ទាំងដែលមិនមានកំហុសអ្វីទាំងអស់។ ខ្ញុំសូមថ្កោលទោសបុគ្គល ស៊ន តារា ដែលដើរតាមផ្លូវនយោនបាយជ្រុលនិយមរបស់ទណ្ឌិត សម រង្ស៊ី»។
លោកបន្តថា ជាការពិតសោកនាដកម្មនេះ កូនខ្មែរត្រូវតែចងចាំ និងមិនអាចបំភ្លេចបានឡើយ ចៀសវាងជនឆ្លៀតឱកាស បំភ្លៃប្រវត្តិសាស្ត្រ និងបោកប្រាស់យុវជនខ្មែរជំនាន់ក្រោយបាន។ ការបង្ហោះសាររបស់ ស៊ន តារា គឺបង្ហាញថាជននេះកំពុងវង្វេងផ្លូវកាន់តែធ្ងន់ធ្ងរ ដែលប្រហែលជាមិនអាចមានអ្នកណាដាស់តឿនក្រើនរំលឹកបានឡើយ។
ចំណែកលោក សំ សឿន អ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គម និងនយោបាយបានថ្លែងថា «បើទោះបីជាខ្ញុំមិនបានសិក្សាស៊ីជម្រៅទៅលើចំណុចនេះ ប៉ុន្ដែខ្ញុំបានដឹងថា អាមេរិកបានទម្លាក់គ្រាប់បែកយ៉ាងច្រើនលើទឹកដីកម្ពុជាក្នុងអំឡុងសង្គ្រាមយៀកកុង និងសង្គ្រាមត្រួតត្រាខ្មែរ»។
ជាក់ស្តែងគ្រាប់បែកដែលទម្លាក់ពីយន្តហោះរបស់សហរដ្ឋអាមេរិក ក្នុងរដ្ឋបាលលោកប្រធានាធិបតី ចនសុន (Johnson) ចាប់ពីឆ្នាំ១៩៦៥ ដល់១៩៧៣ មកលើទឹកដីកម្ពុជាចំនួនប្រមាណ ៤៧៥ ៥១៥តោន(ជិតកន្លះលានតោន) និងនៅក្នុងរដ្ឋបាលលោកប្រធានាធិបតី រីឆាត និចសុន (Richard Nixon) ចាប់ពីឆ្នាំ១៩៦៩ បានបញ្ជាដាច់ណាត់ឱ្យទម្លាក់គ្រាប់បែកសម្លាប់អ្វីៗដែលមានជីវិត ដោយកុំឱ្យកងទ័ពខ្វល់ពីអ្វីទាំងអស់ រួមទាំងការចំណាយ។
លោកបន្តថា ការទម្លាក់គ្រាប់បែកក្នុងរដ្ឋបាលលោក Nisxon កាន់តែខ្លាំងក្លា ពោលគឺមានចំនួនប្រមាណជាង ២លានតោនក្នុងរយៈពេល៥ឆ្នាំ (១៩៦៩-១៩៧៣) នាំឱ្យទិន្នន័យសរុបមានចំនួនជាង ២លាន ជ៨សែនតោន ក្នុងរយៈពេលជាង៨ឆ្នាំ គឺពីថ្ងៃទី៤ ខែតុលា ឆ្នាំ១៩៦៥ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៧៣។ ក្នុងនោះមានកូនគ្រាប់បែកចង្កោមជាង ២៨លានគ្រាប់ និងគ្រាប់បែកគីមីថែមទៀតផង។
ដូច្នេះ លោក សំ សឿនបានចាត់ទុកការនិយាយថា “អាមេរិកមិនដែលទម្លាក់គ្រាប់បែកសម្លាប់ខ្មែរទេ”គឺជាការនិយាយភូតកុហកបោកប្រាស់ប្រជាពលរដ្ឋខ្មែរ ពោលមិនមែនជាការពិតឡើយ។ គ្រាប់បែកអាមេរិកបានសម្លាប់ប្រជាជនកម្ពុជា បំផ្លាញភូមិដ្ឋានប្រជាជន និងបង្កឲ្យមានមហន្តរាយធ្ងន់ធ្ងរ ដែលបណ្តាលឱ្យកម្ពុជាបានធ្លាក់ក្នុងភាពអស្ថិរភាពនយោបាយ និងជំរុញឱ្យខ្មែរក្រហមមានឱកាសដណ្តើមបានជ័យជន្នះគ្រប់គ្រងកម្ពុជា។ នេះជាការពិតដែលមិនអាចប្រកែកបាន៕





-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី