ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ឈាង រ៉ា និងរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អំពាវនាវដល់កម្មកររោងចក្រ សហគ្រាស និងពលរដ្ឋទាំងអស់ឱ្យឈប់ពិសាភេសជ្ជៈផ្អែម និងប៉ូវកម្លាំង។ រដ្ឋមន្ត្រីទាំងពីរអំពាវនាវបែបនេះ ក្នុងពេលអញ្ជើញជាអធិបតីក្នុងយុទ្ធនាការផ្សព្វផ្សាយ ដើម្បីទប់ស្កាត់ជំងឺមិនឆ្លង ដល់កម្មករកម្មករនិយោជិត នៅតាមសហគ្រាស គ្រឹះស្ថាន ដែលរៀបចំធ្វើឡើងនៅក្នុងបរិវេណរោងចក្រ បូវឃើរ ហ្គាមេន ហ្វេកធើរី ស្ថិតក្នុងឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល នាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ។

យុទ្ធនាការនេះ រៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសុខាភិបាល ក្នុងគោលបំណងដើម្បីរួមចំណែកក្នុងការទប់ស្កាត់ជំងឺមិនឆ្លង បង្កើនការយល់ដឹង សកម្មភាពអប់រំសុខភាព ធានាឱ្យនូវសុខុមាលភាពរបស់កម្មករ និយោជិត និងសាធារណជន អំពីកត្តាហានិភ័យនៃជំងឺមិនឆ្លង ដើម្បីជំរុញការផ្លាស់ប្តូរឥរិយាបថរបស់បុគ្គលផ្ទាល់ គ្រួសារ សហគមន៍ ប្រកបដោយសុខភាព និងសុខុមាលភាព។

លោក ហេង សួរ បានគូសបញ្ជាក់ថា យុទ្ធនាការនេះ មានគោលបំណងចូលរួមចំណែកក្នុងបេសកកម្មរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ជំងឺមិនឆ្លង និងធានាឱ្យបាននូវសុខុមាលភាពរបស់កម្មករនិយោជិត។ ជាមួយគ្នានេះ យុទ្ធនាការនេះក៏នឹងរួមចំណែកក្នុងការអនុវត្តសកម្មភាព ដែលមានកំណត់នៅក្នុងផែនការយុទ្ធសាស្ត្រជាតិសម្រាប់ការពារ និងប្រយុទ្ធនឹងជំងឺមិនឆ្លងឆ្នាំ២០២២-២០៣០ និងការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈឆ្នាំ២០២៤-២០២៨ ក្នុងការលើកកម្ពស់លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិតនៅកន្លែងធ្វើការ ផងដែរ។

លោក ហេង សួរ បានថ្លែងបញ្ជាក់ថា សុខភាព សុខទុក្ខ សិទ្ធិសេរីភាព កិត្តិយស សេចក្ដីថ្លៃថ្នូរ ផលប្រយោជន៍ និងការបង្កើនប្រាក់ចំណូលរបស់កម្មករកម្មករនិយោជិត គឺជាកិច្ចការអាទិភាព និងជាក្តីបារម្ភរបស់រាជរដ្ឋាភិបាល ក្រោមការយកចិត្តទុកខ្ពស់ និងការចង្អុលបង្ហាញពីសំណាក់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ ទន្ទឹមនេះ ដើម្បីលើកកម្ពស់លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងបន្តកិច្ចសហការជាមួយក្រសួងសុខាភិបាល ក្នុងការចុះផ្សព្វផ្សាយ ណែនាំ និងក្រើនរំលឹកដល់កម្មករជានិច្ច។ ជាក់ស្តែង ក្រសួងបានជំរុញកម្មវិធីអប់រំផ្សព្វផ្សាយ និងបណ្តុះបណ្តាលស្តីពីសុវត្ថិភាព និងសុខភាពការងារដល់កម្មករនិយោជិតនៅតាមសហគ្រាស គ្រឹះស្ថាន រួមទាំងការបង្ការជំងឺឆ្លង និងមិនឆ្លង, ការបោះពុម្ពសារអប់រំរបស់ក្រសួងសុខាភិបាល ដូចជា សារ៖ «តិចខ្លាញ់ តិចអំបិល តិចស្ករ សារគ្រឿងស្រវឹង សារថ្នាំជក់ និងសារសកម្មភាពរាងកាយ», ការចេញសេចក្តីជូនដំណឹង និងសេចក្តីណែនាំនានាពាក់ព័ន្ធនឹងការលើកកម្ពស់សុខុមាលភាពរបស់កម្មករនិយោជិត, និងកំពុងបន្តពង្រឹងលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ តាមរយៈយន្តការអធិការកិច្ចការងារ និងបានជំរុញគ្រូពេទ្យសហគ្រាស ដើម្បីធ្វើការឃ្លាំមើលស្ថានភាពសុខភាពការងាររបស់កម្មករ និយោជិត និងអប់រំផ្សព្វផ្សាយអំពីជំងឺឆ្លង និងជំងឺមិនឆ្លងនៅកន្លែងធ្វើការ ជាដើម។

លោក ហេង សួរ ក៏បានស្នើដល់ម្ចាស់សហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិតទាំងអស់បន្តយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយអំពីការបង្ការជំងឺមិនឆ្លងនេះនៅតាមសហគ្រាស គ្រឹះស្ថានឱ្យបានទូលំទូលាយ ដើម្បីចូលរួមលើកកម្ពស់លក្ខខណ្ឌសុវត្ថិភាព និងសុខភាពនៅកន្លែងធ្វើការ។
លោករដ្ឋមន្ត្រីការងារ ក៏បានណែនាំឱ្យរៀបចំកម្មវិធីលើកកម្ពស់ការយល់ដឹងអំពីសារអប់រំពាក់ព័ន្ធនឹងវិធានការបង្ការ និងប្រយុទ្ធនឹងជំងឺមិនឆ្លងដល់កម្មករនិយោជិត តាមរយៈការបណ្តុះបណ្តាល និងការចាក់ផ្សាយសារសំឡេង វីដេអូអប់រំ និងធ្វើការបិតផ្ទាំងផ្សព្វផ្សាយពាក់ព័ន្ធនឹងវិធានការបង្ការជំងឺមិនឆ្លងនៅក្នុងសហគ្រាស គ្រឹះស្ថាន។

លោក ហេង សួរ បានឱ្យចាត់វិធានការឃ្លាំមើលស្ថានភាពសុខភាពរបស់កម្មករនិយោជិត ដោយផ្ដល់ព័ត៌មាន ឬឱ្យដំបូន្មានដល់កម្មករនិយោជិតពាក់ព័ន្ធនឹងសុខុមាលភាពកម្មករ ។
លោក ក៏ស្នើឱ្យកម្មករកម្មករនិយោជិត ត្រូវចូលរួមផ្លាស់ប្តូរទម្លាប់ និងត្រូវប្រកាន់យកការណែនាំទាំងអស់ឱ្យបានខ្ជាប់ខ្ជួន និងទៀងទាត់ពីព្រោះ បើទោះបីជាខាងក្រសួងរបស់យើងទាំងពីរខិតខំ ផ្សព្វផ្សាយបែបណា តាមបដា រូបភាពផ្ទាំងធំ សន្លឹកបត់ ជើងបញ្ឈរ Facebook និង Tik Tok ក៏ដោយ ចុងក្រោយគឺមានតែកម្មករទេ ដែលជាអ្នកអនុវត្តផ្ទាល់។
ក្នុងឱកាសនោះដែរ លោកសាស្រ្តាចារ្យ ឈាង រ៉ា បានគូសរំលេចអំពីជំងឺមិនឆ្លង ១) ជំងឺមិនឆ្លង គឺមិនឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទេ ២) ជំងឺនេះនឹងឈឺបន្តិចម្តងៗ នាពេលខាងមុខ ៣) ជំងឺនេះ មានលក្ខណៈរ៉ាំរ៉ៃ និងស្មុគស្មាញ ៤) ជំងឺនេះនឹងប៉ះពាល់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។
លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមអំពាវនាវដល់កម្មករ និងប្រជាពលរដ្ឋទាំងអស់ ចូលរួមទាំងអស់គ្នា ត្រូវកាត់បន្ថយការទទួលផ្អែម ភេសជ្ជៈប៉ូវកម្លាំង កាត់បន្ថយការទទួលទានអំបិល ឱ្យបានពាក់កណ្តាលនៃទម្លាប់ហូបប្រៃកន្លងមក កាត់បន្ថយអាហារចៀន ឬបំពង អាហារដែលមានខ្លាញ់ច្រើន និងជៀងវាងការពិសាគ្រឿងស្រវឹង ការពិសាថ្នាំជក់ (បារី) និងត្រូវបេ្តជ្ញាចិត្តចៀសវាងការពារខ្លួនអ្នក និងក្រុមគ្រួសារ ពីជំងឺទឹកនោមផ្អែម គាំងបេះដូង ខ្សោយតំរង់នោម ស្ទះសរសៃឈាមបេះដូង និងជំងឺលើសឈាម (ដោយសារពិសាប្រៃ)៕

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់