ព័ត៌មានជាតិ
ក្រោយអាមេរិកផ្អាកជំនួយ៖ ចិនផ្ដល់ជំនួយឥតសំណង៤.៤លានដុល្លារឱ្យកម្ពុជាដោះមីន១ឆ្នាំ
កាលពីសប្ដាហ៍មុន អគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីន (CMAC) បានប្រកាសអំពីការផ្អាកបោសសម្អាត មីននៅខេត្តចំនួន៨ ព្រោះតែសហរដ្ឋអាមេរិកផ្អាកជំនួយ បន្ទាប់មកនៅរាត្រីថ្ងៃទី០៥ ខែកុម្ភៈ អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីន បានប្រកាសថា រដ្ឋាភិបាលចិនផ្តល់ជំនួយឥតសំណងចំនួន៤.៤លានដុល្លារគាំទ្រអង្គភាពសុីម៉ាក់របស់កម្ពុជា ដើម្បីដោះមីនរយៈពេល១ឆ្នាំ នៅខេត្តចំនួន៧។

លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីន (CMAC) សរសេរលើទំព័រហ្វេសប៊ុកផ្លូវការដូច្នេះ ៖«នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ រដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតចិនបានសម្រេចផ្តល់ជំនួយឥតសំណងជូនរាជរដ្ឋាភិបាលដេីម្បីគាំទ្រដល់អង្គភាពCMACក្នុងការបោសសម្អាតមីននៃ”គម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា” (The China-Aided Cambodia Landmine Elimination Projection)មានថវិកាសរុបចំនួន៤.៤០០.០០០ដុល្លារអាមេរិក សម្រាប់រយៈពេល១២ខែ (០១ មីនា ២០២៥-២៨ កុម្ភៈ ២០២៦) »។

តាមអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីន ជំនួយសម្រាប់ដោះមីនរបស់ចិនរយៈពេល១ឆ្នាំនេះ នឹងគាំទ្រកិច្ចប្រតិបត្តិការបោសសម្អាតមីននៅខេត្តចំនួន៧រួមមាន ខេត្តកំពង់ធំ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង និងខេត្តក្រចេះ ព្រមទាំងមណ្ឌលសុនខស្ថិតនៅខេត្តកំពង់ឆ្នាំង។

លោក ហេង រតនា ឱ្យដឹងថា តាមរយៈគម្រោងជំនួយនេះ ក៏នឹងគាំទ្រអ្នកជំនាញបច្ចេកទេសជាង៤០០នាក់របស់អង្គភាពCMAC និងត្រូវអនុវត្តកិច្ចប្រតិបត្តិការសកម្មភាពសំខាន់ៗមួយចំនួនដូចជា៖ ១)ការបោសសម្អាតផ្ទៃដីដែលមានបញ្ហាគ្រាប់មីន និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះសង្រ្គាម ចំនួនជាង៣.៤០០ហិកតា, ២) ការស្រាវជ្រាវព័ត៌មានសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះសង្ក្រាមនិងគ្រាប់បែកចង្កោម តាមខេត្តគោលដៅខាងលើ, ៣) ពង្រឹងសមត្ថភាពវិទ្យាស្ថានបច្ចេកទេសសុនខ, ៤) ពង្រឹងសមត្ថភាពថ្នាក់ក្រោមជាតិលើការអប់រំគ្រោះថ្នាក់ដោយសារមីន និងសង្គ្រោះជនពិការដោយសារមីន។

លោក ហេង រតនា បន្ថែមថា គម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា ក្នុងឆ្នាំ២០២៥នេះ គឺជាជំនួយឆ្នាំទី៣ នៃដំណាក់កាលទី៣ ដែលមានកញ្ចប់ថវិកាសរុបចំនួន ១៣.២លានដុល្លារសហរដ្ឋអាមេរិក។
គួរឱ្យដឹងថា ក្រោយលោក ដូណាល់ ត្រាំ ឡើងកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិក, ត្រាំ បានប្រកាសផ្អាកផ្ដល់ជំនួយតាមរយៈ USAID ទៅកាន់ភាគីទទួលជំនួយរយៈពេល៣ខែ។

ក្រោយការផ្អាកនេះ អគ្គនាយក ស៊ីម៉ាក់ លោក ហេង រតនា បានប្រកាសផ្អាកកិច្ចប្រតិបត្តិការបោសសម្អាតមីនបណ្តោះអាសន្នរយៈពេល៨៥ថ្ងៃគិតពីថ្ងៃទី២៥ខែមករា ឆ្នាំ២០២៥ នៅខេត្តចំនួន៨ រួមមានខេត្តកំពង់ចាម ក្រចេះ មណ្ឌលគីរី រតនគីរី ស្ទឹងត្រែង ត្បូងឃ្មុំ ស្វាយរៀង និងខេត្តព្រៃវែង រហូតដល់មានការជូនដំណឹងជាថ្មី។
អនុប្រធានទី១ នៃអាជ្ញាធរមីនកម្ពុជា លោក លី ធុជ អះអាងថា ការផ្អាកផ្ដល់ជំនួយរបស់សហរដ្ឋអាមេរិក បានប៉ះពាល់ដល់បុគ្គលិកដោះមីនកម្ពុជាជាង ១ពាន់នាក់៕
ដោយ៖ ង៉ិល ណារ៉ាត់
ចុចអាន៖ CMAC ផ្អាកដោះមីនបណ្ដោះអាសន្ន នៅខេត្តចំនួន៨ ក្រោយអាមេរិកផ្អាកផ្ដល់ជំនួយ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ