ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងធនធានទឹក ប្រាប់ពលរដ្ឋខេត្តតាកែវឱ្យប្រើប្រាស់ទឹកសន្សំសំចៃ ជៀសវាងខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ
ក្នុងឱកាសអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករក្នុងស្រុកបាទី និងស្រុកសំរោង ខេត្តតាកែវ នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥។ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានស្នើឱ្យនាយកដ្ឋានធារាសាស្ត្រកសិកម្ម ក៏ដូចជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យប្រើប្រាស់ទឹកដោយសន្សំសំចៃ ហើយចំគោលដៅ ជាពិសេស អាជ្ញាធរមូលដ្ឋានជួយជម្រាបដល់ប្រជាកសិករកុំឱ្យធ្វើស្រែប្រាំងជាលើកទី ២ទៀត ដើម្បីរក្សាទឹកទុកសម្រាប់បម្រើឱ្យការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី និងក្រុមការងារបានអញ្ជើញចុះពិនិត្យជាក់ស្តែងស្ថានភាពទឹក និងសកម្មភាពបូមទឹកបញ្ចូលស្រែរបស់ប្រជាកសិករ នៅតាមបណ្តោយប្រឡាយមេហនុមាន ចាប់ពីស្ថានីយបូមទឹកហ៊ុនសែនទី២២ និងទី២៣នៅចំណុចទន្លេបាទី ក្នុងស្រុកបាទី រហូតដល់ចុងប្រឡាយ ក្នុងស្រុកសំរោង ខេត្តតាកែវ ដែលមានប្រវែងសរុបប្រមាណជាង ៣០គីឡូម៉ែត្រ។
លោករដ្ឋមន្ត្រី បានឱ្យដឹងថា ស្ថានភាពទឹកជាទូទៅនៅក្នុងអាងទន្លេបាទីមានកម្ពស់ខ្ពស់ដែលអាចបម្រើឱ្យការស្រោចស្រព និងការប្រើប្រាស់ប្រចាំថ្ងៃបានគ្រប់គ្រាន់ ដោយឡែកការងារអន្តរាគមន៍បូមទឹកដើម្បីជួយសង្រ្គោះស្រូវប្រាំងប្រមាណជាង ៤ពាន់ហិកតា សម្រេចបានប្រមាណ ៩៥% ខណៈការបូមទឹកបញ្ចូលស្រែរបស់ប្រជាកសិករនៅក្នុងស្រុកបាទី មានសភាពធូរស្រាល ដោយចំនួនម៉ាស៊ីនបូមទឹកបានថយចុះពីប្រមាណជាង ២ពាន់គ្រឿង មកនៅត្រឹមប្រមាណ ៥០គ្រឿងប៉ុណ្ណោះ។

លោកបានបញ្ជាក់បន្ថែមថា ទឹកបានបញ្ជូនទៅដល់ចុងប្រឡាយក្នុងស្រុកសំរោង ដើម្បីអន្តរាគមន៍ជួយសង្គ្រោះស្រូវប្រាំងប្រមាណ ៣២០ហិកតា ក៏ប៉ុន្តែទឹកក្នុងប្រឡាយនៅមានកម្រិតទាបនៅឡើយ អាជ្ញាធរបានណែនាំដល់ប្រជាពលរដ្ឋកុំទាន់អាលបូមទឹកបញ្ចូលស្រែ ដោយត្រូវរង់ចាំរយៈពេលពីរបីថ្ងៃសិន ដើម្បីឱ្យទឹកហូរមកបំពេញប្រឡាយ ពេលនោះប្រជាកសិករអាចធ្វើការបូមទឹកដាក់ស្រែបាន។
ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានណែនាំឱ្យក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានធារាសាស្ត្រកសិកម្មធ្វើការសិក្សានៅទីតាំងខាងចុងប្រឡាយមេហនុមាន ដើម្បីសាងសង់ទ្វារទឹកសម្រាប់បិទទឹករក្សាទុកប្រើប្រាស់ក្នុងស្រុកបាទី និងបើកទឹក បញ្ជូនទៅប្រើប្រាស់ក្នុងស្រុកសំរោង និងស្រុកព្រៃកប្បាស។

សូមបញ្ជាក់ថា ក្នុងឱកាសជួបជាមួយប្រជាកសិករក្នុងឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ក្រោមកិច្ចសម្របសម្រួលរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងតាមការស្នើសុំរបស់ប្រជាកសិករដែលប្រឈមមុខនឹងបញ្ហាខ្វះខាតទឹកស្រោចស្រព ក្នុងស្រុកបាទី ខេត្តតាកែវ។ បន្ទាប់មកលោករដ្ឋមន្ត្រី ថោ ជេដ្ឋា បានចាត់ឱ្យក្រុមការងារបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បើកទ្វារទឹកទំនប់អាងទឹកតាសាល បញ្ជូនទឹកតាមស្ទឹងព្រែកត្នោត ឆ្លងតាមប្រឡាយ៧៨ ចូលក្នុងអាងទឹកទន្លេបាទី ហើយបញ្ជូនបន្តតាមប្រឡាយមេហនុមាន ដោយឆ្លងកាត់ស្ថានីយបូមទឹកហ៊ុនសែនទី២២ និងទី២៣ ដើម្បីយកទៅជួយស្រោចស្រពផ្ទៃដីស្រូវប្រាំងដែលកំពុងប្រឈមមុខនឹងការខ្វះខាតទឹកប្រមាណជាង ៤ពាន់ហិកតា ក្នុងស្រុកបាទី និងបណ្តាស្រុកមួយចំនួនទៀតរបស់ខេត្តតាកែវ៕




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ