ព័ត៌មានជាតិ
រដ្ឋសភាកម្ពុជា-ហុងគ្រី ចាប់ដៃគ្នាពង្រឹងការទូតសភា ដើម្បីលើកកម្ពស់វប្បធម៌សន្ទនា
ក្នុងស្ថានការណ៍ពិភពលោកកំពុងបន្តប្រទាញប្រទុងផ្នែកភូមិសាស្រ្តនយោបាយ ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជា និងហុងគ្រី ប្រកាសចាប់ដៃគ្នាក្នុងការពង្រឹងវិស័យការទូតសភាដើម្បីលើកកម្ពស់វប្បធម៌សន្ទនា និងការតភ្ជាប់ទំនាក់ទំនងប្រជាជន និងប្រជាជន។

សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និងលោកស្រី ម៉ាតា ម៉ាត្រៃ អនុប្រធានទី១ រដ្ឋសភាហុងគ្រី បានវាយតម្លៃខ្ពស់ពីតួនាទី និងសារៈសំខាន់នៃការងារការទូតសភា ក្នុងការចូលរួមចំណែកបន្ថែមលើការងារការទូតរបស់រដ្ឋាភិបាល ដើម្បីលើកកម្ពស់វប្បធម៌សន្ទនា ថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍប្រកបដោយចីរភាព បរិយាប័ន្ន សម្រាប់មនុស្សជាតិនៅលើភពផែនដី ខណៈស្ថានការណ៍ពិភពលោកមានភាពមិនច្បាស់លាស់ ប្រែប្រួលឆាប់រហ័ស ដោយសារការប្រទាញប្រទុងបញ្ហាភូមិសាស្រ្តនយោបាយដូចពេលបច្ចុប្បន្ននេះ។

ការលើកឡើងរបស់ថ្នាក់ដឹកនាំរដ្ឋសភាទាំងពីរ បានធ្វើឡើងក្នុងជំនួបទ្វេភាគីនាព្រឹកថ្ងៃទី៦ ខែកុម្ភៈឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ក្នុងឱកាសដែលលោកស្រី ម៉ាតា ម៉ាត្រៃ (Marta MATRAI) បានដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្ដភាពនៅកម្ពុជា។ សម្តេចប្រធានរដ្ឋសភាកម្ពុជា បានចាត់ទុកវត្តមានលោកស្រី អនុប្រធានរដ្ឋសភាហុងគ្រីពេលនេះ គឺជាថ្នាក់ដឹកនាំស្រ្តីនៃស្ថាប័ននីតិប្បញ្ញត្តិដំបូងគេ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅរដ្ឋសភាកម្ពុជានាដើមឆ្នាំ២០២៥។ សម្តេចប្រធានរដ្ឋសភា សម្ដែងក្ដីមោទនភាព ដែលថ្នាក់ដឹកនាំប្រទេសទាំងពីរបានផ្តល់ឱកាស និងលើកទឹកចិត្តដល់ស្រ្តី ទទួលបានតួនាទីជាថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ ក្នុងការចូលរួមចំណែកបម្រើសង្គមជាតិ និងប្រជាពលរដ្ឋ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា ការផ្លាស់ប្តូរទស្សនកិច្ច ការប្រាស្រ័យទាក់ទងគ្នា និងការពិភាក្សាគ្នាត្រង់ទៅត្រង់មកជាប្រចាំ ជាយន្ដការដ៏ល្អប្រពៃ ដែលសភាទាំងពីរបានអនុវត្ដ ហើយដំណើរទស្សកិច្ចនាពេលនេះ គឺជាសក្ខីភាពជាក់ស្តែងមួយដែលឆ្លុះបញ្ចាំងឱ្យឃើញពីការជឿទុកចិត្ដគ្នា ការផ្តល់តម្លៃឱ្យគ្នា និងគាំទ្រគ្នាទៅវិញទៅមក ដែលការណ៍នេះញាំងឱ្យទំនាក់ទំនងទ្វេភាគីនៃប្រទេសទំាងពីរកាន់តែស្អិតល្មួត និងខ្លាំងក្លាឡើង។
លោកស្រី ម៉ាតា ម៉ាត្រៃ បានអរសាទរដែលសម្តេចប្រធានរដ្ឋសភាត្រូវបានជ្រើសតំាងជាប្រធានរដ្ឋសភា ហើយនេះក៏ជាមោទនភាពរបស់ហុងគ្រី ដែលមានអតីតនិស្សិតខ្មែរមួយរូបធ្លាប់បានសិក្សានៅប្រទេសហុងគ្រី បានក្លាយជាថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជាពេលនេះ។ មិនខុសពីសម្តេចប្រធានរដ្ឋសភានោះទេ លោកស្រីអនុប្រធានរដ្ឋសភាហុងគ្រី បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសកម្ពុជានិងហុងគ្រី ដែលមានតំាងពីយូរណាស់មកហើយ។

ក្រៅពីបំណងពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការសភាប្រទេសទាំងពីរ ការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជន ក៏ជាការពង្រឹងវិស័យការទូតសភា លោកស្រី អនុប្រធានរដ្ឋសភា បានបញ្ជាក់ថា ហុងគ្រីចង់ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម អប់រំជាមួយកម្ពុជា។ លោកស្រី គូសរំលេចថា វិស័យអប់រំហុងគ្រីនឹងផ្តល់អាហារូបករណ៍ចំនួន៣០កន្លែងដល់កម្ពុជា ដូច្នេះស្នើសម្តេចប្រធានរដ្ឋសភាជួយលើកទឹកចិត្តដល់យុវជន សិស្សនិស្សិតកម្ពុជា បានទៅសិក្សានៅប្រទេសហុងគ្រី។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណដល់ហុងគ្រី ដែលតែងតែជួយគំាទ្រដល់ការអភិវឌ្ឍនៅកម្ពុជា។ សម្តេចមានក្តីត្រេកអរជាខ្លាំងដែលប្រទេសហុងគ្រីបន្តផ្តល់អាហារូបករណ៍ជូនដល់កម្ពុជា ដែលអនុញ្ញាតឱ្យនិស្សិតខ្មែរបានទៅសិក្សានៅប្រទេសហុងគ្រី ដែលជាប្រទេសមួយមានការរីកចម្រើនលើគ្រប់វិស័យ។ សម្តេចបានគូសបញ្ជាក់ថា ធនធានមនុស្សជាផ្នែកសំខាន់ចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ ស្របតាមគោលនយោបាយររាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ខ្ពស់បំផុតលើធនធានមនុស្សក្នុងការអភិវឌ្ឍប្រទេសជាតិឆ្ពោះទៅកាន់ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ចុងក្រោយ សម្តេចប្រធានរដ្ឋសភា ក៏បានទទួលយកការគោរពអញ្ជើញរបស់ប្រធានរដ្ឋសភាហុងគ្រី ដោយសន្យាថានឹងរកពេលវេលាសមស្របនៅក្នុងឆ្នាំ២០២៥នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសហុងគ្រី៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់