ព័ត៌មានជាតិ
ឡាវចង់ភ្ជាប់ខ្លួនទៅនឹងសមុទ្រតាមរយៈកម្ពុជា
ប្រធានរដ្ឋសភាឡាវលោក សាយសំផន ភុមវិហាន (Xaysomphone Phomvihane) បានបញ្ជាក់ប្រាប់ប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ពីគម្រោងចង់ប្រែក្លាយខ្លួនពីប្រទេសមិនជាប់សមុទ្រ ទៅជាប្រទេសជាប់នឹងសមុទ្រតាមរយៈការតភ្ជាប់ផ្លូវដែកជាមួយប្រទេសជិតខាង និងជំរុញធ្វើយ៉ាងណាឱ្យបន្តអនុវត្តអនុស្សារណៈយោគយល់គ្នាជាមួយកម្ពុជាសាងសង់តភ្ជាប់ផ្លូវដែកផងដែរ។

លោក សាយសំផន លើកឡើងបែបនេះក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន នៅវិមានរដ្ឋសភាឡាវ នៅរដ្ឋធានីវៀងចន្ទន៍ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយថាគម្រោងភ្ជាប់ទៅសមុទ្រនេះនឹងផ្ដល់ភាពងាយស្រួលក្នុងការដឹកទំនិញចេញចូល និងទាក់ទាញទេសចរមកទស្សនាប្រទេសឡាវផងដែរ។

លោកសង្ឃឹមថាកិច្ចខិតខំព្យាយាមក្នុងការបន្តអនុវត្ត MoU និងកិច្ចព្រមព្រៀងនានា ជាពិសេសលើវិស័យថាមពល និងសាងសង់ផ្លូវដែកតភ្ជាប់រវាងប្រទេសយើងទាំងពីរ នឹងផ្តល់កាលានុវត្តភាពដល់ទំនាក់ទំនងនិងការជំរុញពាណិជ្ជកម្មយើងទាំងពីរបន្ថែមទៀត។
ប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ពីការរីកចម្រើននៃទំនាក់ទំនងរវាងកម្ពុជា-ឡាវ តាមស្មារតី «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង» ដែលបានបង្កើតឡើងក្នុងឆ្នាំ២០១៩។ សម្ដេចតេជោបានជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យគ្រប់វិស័យរួមមាន កិច្ចការសន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ថាមពលជាដើម ដោយស្ថាប័ននីតិប្បញ្ញត្តិត្រូវចូលរួមគាំទ្រដល់រដ្ឋាភិបាល។

គោលបំណងក្នុងការភ្ជាប់ផ្លូវដែកកម្ពុជា-ឡាវគឺជាបំណងមួយរបស់សម្ដេចតេជោតាំងពីសម្ដេចកាន់នាទីជានាយករដ្ឋមន្ត្រីកម្ពុជាមកម្លេះ ដោយបានប្រគល់ភារកិច្ចដល់ក្រសួងសាធារណការ អាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន រដ្ឋបាលខេត្តព្រះវិហារ និងរដ្ឋបាលខេត្តរតនគិរី ត្រូវសហការសិក្សាលើគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ នៅតំបន់ទន្លេរពៅ ខេត្តព្រះវិហារ និងនៅតំបន់កន្ទុយនាគ ខេត្តរតនគិរី។

ក្នុងផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តមធ្យោបាយ និងភស្តុភារកម្ពុជាឆ្នាំ២០២៣ -២០៣៣ បណ្តាញផ្លូវដែកនៅកម្ពុជានឹងត្រូវអភិវឌ្ឍជាពីរដំណាក់កាល ដោយដំណាក់កាលទីមួយត្រឹមឆ្នាំ២០២៧ លើកកម្រិតបណ្តាញផ្លូវដែកភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ដែលមានស្រាប់ទៅជាផ្លូវដែកដែលមានសមត្ថភាពដូចផ្លូវដែកភាគខាងត្បូង និងដំណាក់កាលទីពីរគិតត្រឹមឆ្នាំ ២០៣៣ បណ្តាញផ្លូវដែកមានទម្រង់ជា «កាំ៣ខ្សែ» នឹងត្រូវបានសាងសង់រួមមាន ផ្លូវដែកល្បឿនលឿនភាគខាងជើងតភ្ជាប់ទៅកាន់ព្រំដែនកម្ពុជា-ថៃ ផ្លូវដែកល្បឿនលឿនភាគឦសានតភ្ជាប់ទៅកាន់ព្រំដែនកម្ពុជា-ឡាវ និងផ្លូវដែកល្បឿនលឿនតភ្ជាប់ទៅកាន់ព្រំដែនកម្ពុជា-វៀតណាម ក្នុងនោះក៏មាន ផ្លូវដែកល្បឿនលឿនភាគនិរតីតភ្ជាប់ទៅកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ និងផ្លូវដែកល្បឿនលឿនភាគពាយព្យតភ្ជាប់ពី ភ្នំពេញ-កំពង់ធំ-សៀមរាប-សិរីសោភ័ណ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៨ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី