Connect with us

ចរាចរណ៍

រថយន្ត ១ គ្រឿង រេចង្កូតឡើងសួនចែកទ្រូងផ្លូវបុកស្លាកប៉ាណូ បង្កគ្រោះថ្នាក់ដល់រថយន្ត ១ គ្រឿងទៀត រងរបួសធ្ងន់-ស្រាល ៣ នាក់

បានផុស

នៅ

រថយន្ត​កូរ៉េ ១ គ្រឿង សង្ស័យ​បើក​លឿន​ខ្វះ​ការ​ប្រុងប្រយ័ត្ន រេ​ចង្កូត​ឡើង​លើ​សួន​ពុះ​ចែក​ទ្រូងផ្លូវ ជ្រុល​បុក​បង្គោល​ស្លាក​ប៉ាណូ​បាក់​រលំ​គង​ទៅ​លើ​ផ្លូវ​ម្ខាង​ទៀត ខណៈ​នោះ​ក៏​មាន​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ ១ គ្រឿង​ទៀត បើក​មក​កិន​ស្លាក​ប៉ាណូ​បន្ថែម បណ្ដាល​ឱ្យ​រថយន្ត​ឡើង​រំលង​សួន​ផ្លូវ​ទៅ​បុក​បង្គោល​ភ្លើង ២ ដើម រួច​បន្ត​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​រង​ការ​ខូចខាត និង​មនុស្ស​ក្នុង​រថយន្ត​រង​របួស​ធ្ងន់-ស្រាល​ចំនួន ៣ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង ១ និង ៣០ នាទី រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី ៧ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ចំណុច​ផ្លូវជាតិ​លេខ ៥ ស្ថិត​ក្នុង​សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ។

ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឱ្យ​ដឹង​ថា នៅមុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​កូរ៉េ ១ គ្រឿង ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 2BV-3072 បើកបរ​ដោយ​បុរស​ម្នាក់ រួម​ដំណើរ​ជាមួយ​បុរស​ម្នាក់ទៀត ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ៥ ទិសដៅ​ពី​ជើង​មក​ត្បូង ក្នុង​ល្បឿន​លឿន។ លុះ​ពេល​បើក​មក​ដល់​ចំណុច​កើតហេតុ ក៏​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ​ឡើង​សួន​ផ្លូវ​បុក​បង្គោល​ស្លាក​ប៉ាណូ​បាក់​រលំ ១ ដើម ទៅ​លើ​ផ្លូវ​ម្ខាង​ទៀត។ ស្រប​គ្នា​នោះ​ដែរ គេ​ឃើញ​មាន​រថយន្ត​យី​ឌុប​ដឹក​ទំនិញ​ធុន​ធំ ១ គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 4A-3912 បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ៥ ទិសដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន ជ្រុល​ទៅ​បុក​កិន​ស្លាក​ប៉ាណូ​ហោះ​រំលង​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​ទៅ​ផ្លូវ​ម្ខាង និង​ជ្រុល​បុក​បង្គោល​ភ្លើង​បាក់​ចំនួន ២ ដើម រួច​បន្ត​បុក​រះ​របង​ដែក និង​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​រង​ការខូចខាត។

ប្រភព​ដដែល​បាន​បន្ត​ថា ភ្លាមៗ នោះ​ដែរ ប្រជាពលរដ្ឋ​ក្បែរ​ខាង​ក៏បាន​នាំគ្នា​មក​ជួយ​គាស់​តៃកុង​យក​ចេញ​ពី​រថយន្ត ហើយ​នាំគ្នា​ទាក់ទង​ទៅ​រថយន្ត​សាមុយ​ឱ្យ​មក​ដឹក​ជនរងគ្រោះ​ចំនួន ៣ នាក់ ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​ផង​ដែរ។

ក្រោយពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ខណ្ឌ​ព្រែក​ព្នៅ និង​ជំនាញ នៃ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី ដើម្បី​ធ្វើការ​វាស់វែង និង​ស្ទូច​រថយន្ត​ទាំង ២ គ្រឿង យក​ទៅ​រក្សាទុក​រង់ចាំ​ការ​ដោះស្រាយ​ថ្ងៃក្រោយ៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម