ព័ត៌មានជាតិ
៣ ប្រទេស ប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify របស់ខ្មែរ គ្របណ្តប់ប្រជាជនជាង ១៤០ លាននាក់
ថ្នាល Verify.gov.kh ដែលអភិវឌ្ឍន៍ឡើងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កំពុងប្រើប្រាស់នៅប្រទេសចំនួន ៣ នៅតំបន់អាស៊ានដែលរួមមាន ឡាវ ទីម័រឡេស្តេ និងហ្វីលីពីន ដែលគ្របដណ្ដប់ពលរដ្ឋប្រមាណ ១៤០ លាននាក់។
ក្រោយដាក់ឲ្យដំណើរការថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.kh នៅឆ្នាំ ២០២៣ ថ្នាលកម្មវិធីនេះបានទទួលការចាប់អារម្មណ៍ពីបណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន ខណៈថ្នាល Verify.gov.kh ត្រូវបានទទួលស្គាល់ជាហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថល និងបានឈ្នះមេដាយមាសពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ ២០២៤។

លោក ជា សេរីវុឌ្ឍ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថលបានគូសបញ្ជាក់ថា ប្រទេសចំនួន ៣ នៅតំបន់អាស៊ាន បានកំពុងប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.kh ដែលគ្របដណ្តប់ការប្រើប្រាស់លើពលរដ្ឋប្រមាណ ១៤០ លាននាក់។
ដោយមើលឃើញពីភាពចាំបាច់ក្នុងការប្រើប្រាស់ លោក ជា សេរីវុឌ្ឍ បានបន្តទៀតថា ប្រទេសហ្វីលីពីនក៏គ្រោងដាក់ឲ្យប្រើប្រាស់ថ្នាល Verify.gov.kh ទៅលើអត្តសញ្ញាណប័ណ្ណ និងឯកសារផ្សេងៗថែមទៀត។
ថ្នាល verify.gov.kh ជាថ្នាលផ្ទៀងផ្ទាត់ឯកសារ ដែលអាចលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយការចំណាយនានា។
ការផ្ទៀងផ្ទាត់ឯកសារនៅលើថ្នាលនេះ ធ្វើឡើងតាមរយៈការដាក់បញ្ចូល QR Code ស្តង់ដា ដោយប្រើបច្ចេកវិទ្យាប្លុកឆេន (Blockchain) ដែលមានសុវត្ថិភាពខ្ពស់នៅលើសន្លឹកនៃឯកសារនីមួយៗ។ ឯកសារដែលដាក់បញ្ចូល QR Code ស្តង់ដា គឺអាចប្រើប្រាស់ជាផ្លូវការបាន ដោយមិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្មលើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ។

បើតាមលោក ជា សេរីវឌ្ឍ ថ្នាលផ្ទៀងផ្ទាត់ឯកសារកម្ពុជា Verify.gov.kh បច្ចុប្បន្នត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ដែលបានជួយសម្រួលដល់ការផ្ទៀងផ្ទាត់ឯកសារឆ្លងកាត់ព្រំដែននៅប្រទេសក្នុងតំបន់អាស៊ាន។
ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh ដែលអភិវឌ្ឍដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីឆ្នាំ ២០២៤ បានឈ្នះមេដាយមាសនៃពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៤ នៅប្រទេសសិង្ហបុរី។
ក្នុងការប្រកួតប្រជែងពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ ២០២៤ ដែលមានប្រទេសសមាជិកចំនួន ១០ បានសម្រិតសម្រាំងផលិតផលឌីជីថល សេវា និងកម្មវិធី (Digital Products, Services and Programs) ចំនួន ១២៥ មកប្រកួតប្រជែង។
ឆ្លងកាត់វគ្គជម្រុះជាច្រើនលើក ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh បានឈានដល់វគ្គផ្តាច់ព្រ័ត្រ និងបានឈ្នះមេដាយមាសលើផ្នែកដំណោះស្រាយឌីជីថលក្នុងការផ្តល់សេវាសាធារណៈល្អបំផុតរបស់អាស៊ាន៕

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?