ព័ត៌មានជាតិ
កម្ពុជា-ឡាវ រក្សាជំហរមិនឱ្យមានកម្លាំងអមិត្តប្រើប្រាស់ទឹកដីខ្លួន ដើម្បីប្រឆាំងប្រទេសមួយទៀត
កម្ពុជា និងឡាវ នៅតែរក្សាជំហរមិនឱ្យមានកម្លាំងអមិត្តណាមួយដោយប្រើប្រាស់ទឹកដីរបស់ខ្លួន ទៅប្រឆាំងនឹងប្រទេសមួយទៀតឡើយ។ ការប្រកាសនេះ ត្រូវបានលើកឡើងជាថ្មីម្ដងទៀតដោយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅពេលជួបនាយករដ្ឋមន្ត្រីឡាវ ក្នុងរដ្ឋធានីវៀងចន្ទន៍ កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងឱកាសសម្ដេចអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសនេះ។

ក្នុងកិច្ចជំនួបនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៅកាន់លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ ថា បើទោះបីជាសម្តេចមិនស្ថិតក្នុងរាជរដ្ឋាភិបាលក៏ពិតមែន ក៏សម្តេចមានមោទនភាព និងវាយតម្លៃខ្ពស់ចំពោះមិត្តភាពជាបងប្អូនល្អនៃប្រទេសទាំងពីរ និងភាពដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង។ សម្តេចតេជោ គូសបញ្ជាក់ថា ជំនួបជាន់ខ្ពស់ជាញឹកញាប់ និងការប្រាស្រ័យទាក់ទងគ្នានៅគ្រប់កម្រិត ក៏ដូចជាការផ្លាស់ប្ដូរទស្សនកិច្ចទៅវិញទៅមករវាងបក្ស សភា និងរដ្ឋាភិបាល បានឆ្លុះបញ្ចាំពីការរីកចម្រើននៃទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។

សម្តេចតេជោ ក៏បានលើកឡើងពីបំណងចង់ឃើញអ្នកដឹកនាំបន្តវេនរបស់កម្ពុជា និងឡាវ យកគំរូបទពិសោធអ្នកជំនាន់ចាស់បន្តអភិវឌ្ឍ និងចងភ្ជាប់ចលនាបងប្អូនល្អនៃប្រទេសទាំងពីរ ជាការចងភ្ជាប់អតីតកាលទៅនឹងអនាគតកាល ដែលត្រូវខិតខំពូនជ្រំ ខណៈប្រទេសកម្ពុជា និងឡាវ បានផ្ដល់កិច្ចសហប្រតិបត្តិការល្អជាមួយគ្នាតាំងពីជំនាន់ចាស់រហូតដល់ពេលបច្ចុប្បន្នលើគ្រប់វិស័យ រួមទាំងផ្នែកសន្តិសុខ និងការពារជាតិ។
ក្នុងវិស័យសន្តិសុខ និងការពារជាតិ កម្ពុជា-ឡាវ សម្តេចតេជោ បានសង្កត់ធ្ងន់ថា ត្រូវយកចិត្តទុកដាក់ និងបន្តប្រកាន់ខ្ជាប់នូវគោលការណ៍មិនអនុញ្ញាតឱ្យកម្លាំងអមិត្តប្រើប្រាស់ទឹកដីរបស់ប្រទេសណាមួយ ដើម្បីបង្កគ្រោះថ្នាក់ អសន្ដិសុខ និងអស្ថិរភាពដល់ប្រទេសមួយទៀតឡើយ។

ស្របនឹងការលើកឡើងរបស់សម្ដេចតេជោ លោកនាយករដ្ឋមន្ត្រីឡាវ បានវាយតម្លៃខ្ពស់ចំពោះបរិយាកាសព្រំដែនល្អរួមគ្នា និងទំនាក់ទំនងអស់ពីចិត្តពីថ្លើម ត្រង់ទៅត្រង់មក សាមគ្គីល្អរវាងប្រទេសយើងទាំងពីរ កម្ពុជា និងឡាវ។
ជាការកត់សម្គាល់ សម្តេចតេជោ និងលោកនាយករដ្ឋមន្រ្តីឡាវ ក៏បានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងសកលោក ជាពិសេសភាពមិនប្រាកដប្រជានៃស្ថានការណ៍ពិភពលោកបច្ចុប្បន្ន ដែលទាមទារឱ្យមានការវាយតម្លៃជាប្រចាំ ដើម្បីកំណត់ជំហរសមស្រប និងជៀសវាងស្ថិតនៅក្នុងស្ថានការណ៍ជាស្មៅ ឬ ស្រមោចសង្អារ ឱ្យដំរីជាន់ពេលដំរីជល់គ្នា៕
ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម៩ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ