Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ ៖ សមាជិក ប.ស.ស និងគ្រូពេទ្យ មិនត្រូវសមគំនិតគ្នា កេងផលប្រយោជន៍ពី ប.ស.ស ចៀសវាងប្រឈមនឹងផ្លូវច្បាប់

បានផុស

នៅ

លោក កត្តា អ៊ន រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​អះអាងថា​ សមាជិក ​ប​.​ស​.​ស​.​ និង​គ្រូពេទ្យ​ព្យាបាល​ មិនត្រូវ​សមគំនិត​គ្នា​ដោយ​ចេតនា​ក្នុង​គោល​បំណង​កេង​ផលប្រយោជន៍​ពី ប​.​ស​.​ស​.​ឡើយ​ ដើម្បី​ចៀសវាង​ការ​លុបឈ្មោះ​ចេញពី ប​.​ស​.​ស ពិសេស​ប្រឈម​នឹង​ផ្លូវច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កត្តា អ៊​ន បាន​បន្តថា គ្រប់​សមាជិក ប​.​ស​.​ស​. ត្រូវតែ​ទទួលបាន​ការពិគ្រោះ និង​ពិនិត្យ​ជំងឺ​ត្រឹមត្រូវ​ពី​គ្រូពេទ្យ​ព្យាបាល មុនពេល​គ្រូពេទ្យ​ចេញ​វេជ្ជបញ្ជា​ឱ្យ​បើក​ថ្នាំ​ ហើយ​មិនត្រូវ​ទទួល​ថ្នាំ ឬ​ទទួលទាន​ថ្នាំ ដោយ​មិនទាន់បាន​ពិគ្រោះ និង​ពិនិត្យ​ជំងឺ​ត្រឹមត្រូវ​ពី​គ្រូពេទ្យ​ព្យាបាល​នោះឡើយ។ លើសពី​នេះ​ទៀត សមាជិក ប​.​ស​.​ស​. ត្រូវ​ហ៊ាន​សួរ​ទៅកាន់​គ្រូពេទ្យ ពេល​គ្រូពេទ្យ​បើក​ផ្តល់​ថ្នាំ​ដោយ​មិនបាន​ពិគ្រោះ ឬ​ពិនិត្យ​ជំងឺ​ត្រឹមត្រូវ។

ចំណែក​គ្រូពេទ្យ​ព្យាបាល ត្រូវ​ផ្តល់​ការព្យាបាល​ត្រឹមត្រូវ​ជូន​សមាជិក ប​.​ស​.​ស​. ស្របទៅតាម​ក្រម​សីលធម៌​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ ដែល​បាន​ដាក់ចេញ​ដោយ​ក្រសួងសុខាភិបាល​។ គ្រូពេទ្យ​ព្យាបាល ត្រូវ​ណែនាំ​សមាជិក ប​.​ស​.​ស​. ដែល​ត្រូវ​ទទួល​សេវាឱ្យបាន​យល់ច្បាស់​ពី​សិទ្ធិ​ទទួលបាន​សេវា​ប្រកប​ដោយ​ភាពត្រឹមត្រូវ​ ហើយ​គ្រូពេទ្យ​ព្យាបាល មិនត្រូវ​បើក​ថ្នាំ​ឱ្យ​សមាជិក ប​.​ស​.​ស​. ដោយ​មិនបាន​ពិគ្រោះ និង​ពិនិត្យ​ព្យាបាល​ជំងឺ​ឡើយ។

លោក កត្តា អ៊ន បាន​បញ្ជាក់ថា ក្នុងករណី​រកឃើញថា សមាជិក ប​.​ស​.​ស និង​គ្រូពេទ្យ​ព្យាបាល បាន​សមគំនិត​គ្នា​ដោយ​ចេតនា ក្នុង​គោលបំណង​កេងចំណេញ​ផលប្រយោជន៍​ណាមួយ​ពី ប​.​ស​.​ស​. នោះ ប​.​ស​.​ស​. នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នឹង​អនុវត្ត​វិធានការ​រួមមាន​សម្រាប់​សមាជិក ប​.​ស​.​ស​. នឹងត្រូវ​លុបឈ្មោះ​ចេញពី ប​.​ស​.​ស​. ដោយ​មិន​អនុញ្ញាតឱ្យ​បន្ត​ប្រើប្រាស់​សេវា ប​.​ស​.​ស​. បន្ត​ទៀត​ឡើយ និង​ត្រូវ​សង​ត្រឡប់មកវិញ​នូវ​ទឹកប្រាក់​ដែល​បាន​កេងចំណេញ​ស្របទៅតាម​ការខាតបង់​របស់​មូលនិធិ​សន្តិសុខ​សង្គម។

ដោយឡែក​សម្រាប់​មូលដ្ឋាន​សុខាភិបាល​ដៃគូ នឹងត្រូវ​ផ្តាច់​កិច្ចព្រមព្រៀង​ជាមួយ ប​.​ស​.​ស​. ដោយ​មិន​អនុញ្ញាតឱ្យ​បន្ត​ផ្តល់​សេវា​ជូន​សមាជិក ប​.​ស​.​ស​. ទៀតឡើយ និង​ត្រូវ​សង​ត្រឡប់មកវិញ​នូវ​ទឹកប្រាក់​ដែល​បាន​កេងចំណេញ​ស្របទៅតាម​ការខាតបង់​របស់​មូលនិធិ​សន្តិសុខ​សង្គម​។ ប​.​ស​.​ស​. នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នឹង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ជា​ធរមាន។

លោក កត្តា អ៊ន បាន​បន្ថែម​ថា «ចូលរួម​ទាំងអស់គ្នា ដើម្បី​ពង្រឹង និង​ពង្រីក​ការអនុវត្ត​របប​សន្តិ​សុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព ឱ្យមាន គណនេយ្យភាព សុចរិត​ភាព តម្លាភាព និង​និរន្តរភាព នៃ​ការ​ផ្តល់​សេវា​របស់​បេឡា​ជាតិ​សន្តិសុខ​សង្គម នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​»។

លោក កត្តា អ៊ន បាន​បន្ថែមទៀតថា គិត​ត្រឹម​សប្ដាហ៍​ទី​ ៤ ​ខែមករា​ ឆ្នាំ​ ២០២៥​ នេះ ប​.​ស​.​ស មាន​សមាជិក​កើនឡើង​ដល់​ ២ ៧៨៥ ៥២៦ នាក់ ស្រី ១ ៥៤៤ ២២៣ នាក់​ ក្នុងនោះ​ បុគ្គល​ស្ថិតក្នុង​វិស័យ​សាធារណៈ​ចំនួន​ ៤៩៥ ៥៩៣​ នាក់ ​, បុគ្គល​ក្រោម​បទប្បញ្ញត្តិ​ច្បាប់​ស្ដីពី​ការងារ​ចំនួន ១ ៦០៣ ៤៨២ នាក់ ​, បុគ្គល​ស្វ័យ​និ​យោជន៍ ចំនួន ​៥២៣ ០១៣​ នាក់ ​, និង​អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស​. ចំនួន ​១៦៣ ៤៣៨ នាក់៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១២ នាទីutes មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម២ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ២ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៤ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា៤ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម