Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ ក្រើនរំលឹកយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ បង្កើនការចុះឈ្មោះចូលរៀនជំនាញដោយឥតគិតថ្លៃ

បានផុស

នៅ

លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ក្រើនរំលឹក​ និង​លើកទឹកចិត្ត​ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​យុវជន​មកពី​គ្រួសារ​ងាយ​រង​ហានិភ័យ និង​យុវជន​ទូទៅ ចុះឈ្មោះ​ចូលរៀន​ជំនាញ​ដោយ​ឥតគិតថ្លៃ​ឱ្យបាន​ច្រើន​បន្ថែមទៀត ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារការងារ នាពេល​បច្ចុប្បន្ន និង​ទៅ​ថ្ងៃ​អនាគត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កត្តា អ៊ន បាន​មានប្រសាសន៍ថា ​«នៅពេល​បងប្អូន​មាន​ជំនាញ​មួយ​ច្បាស់លាស់ ​បងប្អូន​ទទួល​បាន​ការងារ​ធ្វើ​ និង​មាន​ប្រាក់ចំណូល​សមរម្យ​សម្រាប់​ចិញ្ចឹម​ខ្លួនឯង​ផង​ និង​ក្រុមគ្រួសារ បានធ្វើឱ្យ​ជីវភាព​រស់នៅ​បាន​កាន់​តែ​ប្រសើរ​ជាង​មុន​»។

លោក​បាន​បន្តថា ការចុះឈ្មោះ​ចូលរៀន​ជំនាញ​នេះ​គឺ​មិន​គិតថ្លៃ​ឡើយ​។ ចំពោះ​យុវជន​មកពី​គ្រួសារ​ក្រីក្រ​ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ចូលរៀន​មិន​ត្រឹមតែ​អត់​គិតថ្លៃ​ប៉ុណ្ណោះ​ទេ ថែមទាំង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ប្រមាណ ២៨ ម៉ឺន​រៀល សម្រាប់​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​ពេល​កំពុង​សិក្សា ៤ ខែ ទៀត​ផង។ រីឯ​យុវជន​មកពី​គ្រួសារ​ធម្មតា ក៏​អាច​ចូល​សិក្សា​ដោយ​ឥតគិតថ្លៃ​ដែរ តែ​មិន​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ដូច​យុវជន​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​នោះ​ទេ។

លោក កត្តា អ៊​ន បាន​បន្តទៀតថា កម្មវិធី​បណ្ដុះបណ្ដាល​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ​ប្រមាណ ១ លាន ៥ សែន​នាក់ នេះ ត្រូវបាន​រាជរដ្ឋាភិបាល​ប្រកាស​បើក​ជា​ផ្លូវការ កាលពី​ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ និង​បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​វគ្គ​ទី​ ១ ​កាលពី​ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤ ហើយ​គិត​ត្រឹម​គិត​ត្រឹម​ថ្ងៃទី​ ៣១ ​ខែមករា ​ឆ្នាំ ២០២៥​ មាន​សិស្ស​ស្នើ​ចុះឈ្មោះ​ចូលរៀន​សរុប​ចំនួន ៩២ ៦៧៣​នាក់ (​ស្រី ៣៧ ៥១៥​នាក់​) ក្នុងនោះ​ក្រុម គោលដៅ ចំនួន ៣៥ ១៥១ ​នាក់ (ស្រី ១៨ ៣៩៤​ នាក់​)​។ សិស្ស​កំពុង​រៀន​ចំនួន ៣០ ៩២២ នាក់ (​ស្រី ១៤ ១៣១ ​នាក់​) ក្នុងនោះ​ក្រុម​គោលដៅ​ចំនួន ១២ ៩៨០ ​នាក់ (​ស្រី ៧ ៩៣៩​នាក់​)។ សិស្ស​បានបញ្ចប់​ការសិក្សា​សរុប​ចំនួន ២១ ៨៥៦ ​នាក់ (​ស្រី ៨ ០៤១ ​នាក់​) ក្នុងនោះ​ ក្រុម​គោលដៅ​ចំនួន ៩ ៥៩៨​ នាក់ (​ស្រី ៤ ៨៣២ ​នាក់​)​ និង​សិស្ស​ទទួលបាន​ការងារ​ធ្វើ​សរុប​ចំនួន ១១ ០៨៤​ នាក់ (​ស្រី ៤ ១២៤ ​នាក់​) ក្នុងនោះ​ក្រុម​គោលដៅ​ចំនួន ៥ ១៩២ ​នាក់ (​ស្រី ២ ៣០៨​ នាក់​)។

លោក​បាន​បន្ថែមថា ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារការងារ​នាពេល​បច្ចុប្បន្ន និង​អនាគត ក្រសួង​បានរៀបចំ​វិស័យ​ចំនួន ១០ និង​ជំនាញ​អាទិភាព​ចំនួន ៤៥ មុខជំនាញ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ម្នាក់​មាន​ជំនាញ​មួយ​យ៉ាងតិច​ប្រចាំជីវិត និង​អាច​ប្រកបមុខរបរ​ការងារ​សម្រាប់​ចិញ្ចឹមជីវិត ដែល​ជំនាញ​ទាំងនោះ​រួមមាន ការដំឡើង​ដំបូល ,​ការថែទាំ និង​ជួសជុល​ទោចក្រយានយន្ត​,​ការថែទាំ និង​ជួសជុល​ម៉ាស៊ីន​ធុន​តូច​,​ការដំឡើង និង​ថែទាំ​បណ្ដាញ​កុំព្យូទ័រ​,​ការដំឡើង និង​អនុវត្ត​បច្ចេកវិទ្យា​ឌីជីថល​,​ការងារ​ការិយាល័យ​ជួរមុខ និង​សេវាកម្ម​ម្ហូបអាហារ និង​ភេសជ្ជៈ ,​សំណង់ អគ្គិសនី និង​ថាមពល ,​អេឡិចត្រូនិក , កម្មន្តសាល​, មេកានិច​ទូទៅ​/​មេកានិច​រថយន្ត , ធុរកិច្ច​និង​ព័ត៌មានវិទ្យា​, សេវាកម្ម , បរិក្ខារ​ត្រជាក់ និង​កម្តៅ ,​ទេសចរណ៍ និង​កសិកម្ម​ និង ក​សិ​-​ឧស្សាហកម្ម៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម