ព័ត៌មានជាតិ
ឧបនាយករដ្ឋមន្ត្រី ស សុខា ចង់ឱ្យខេត្តបាត់ដំបង រៀបចំផ្លូវថ្មើរជើងពេលរាត្រីដូចនៅភ្នំពេញ
ឧបនាយករដ្ឋមន្ត្រី ស សុខា បានបង្ហាញបំណងចង់ឱ្យរដ្ឋបាលខេត្តបាត់ដំបង សិក្សាគម្រោងរៀបចំផ្លូវថ្មើរជើងពេលរាត្រី សម្រាប់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដូចនៅរាជធានីភ្នំពេញ ដែលកំពុងដាក់ឱ្យដំណើរការ ដើម្បីទាក់ទាញនូវប្រជាពលរដ្ឋដើរកម្សាន្ត។

ការកត់សម្គាល់របស់លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឃើញថា ការសាកល្បងផ្លូវថ្មើរជើងនៅរាជធានីភ្នំពេញ គឺទទួលបានការគាំទ្រពីសាធារណជន ទាំងអ្នកហាត់ប្រាណ និងអ្នកថ្មើរជើងកម្សាន្ត មិនថាមនុស្សចាស់ វ័យកណ្ដាល យុវជន និងកុមារ ដ្បិតពួកគាត់មិនព្រួយបារម្ភអំពីបញ្ហាចរាចរណ៍ និងក្លិនផ្សែងចេញពីយាន្ដយន្ត ខណៈអ្នកលក់ដូរបែបចល័ត ក៏ទទួលបានឱកាសលក់អាហារ និងវត្ថុអនុស្សាវរីយ៍ដាច់ជាងមុន។
ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យរដ្ឋបាលខេត្តបាត់ដំបង គប្បីគិតគូរលើចំណុចនេះ សិក្សាទីតាំងណាមួយក្នុងក្រុងបាត់ដំបង ដើម្បីរៀបចំតាមលំនាំរដ្ឋបាលរាជធានីភ្នំពេញ គឺផ្លូវថ្មើរជើងសម្រាប់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយកំណត់ក្នុងចន្លោះពេលវេលាណាមួយ ដើម្បីផ្តល់ជម្រើសដល់ប្រជាពលរដ្ឋទាំងអ្នករស់នៅក្នុងក្រុងបាត់ដំបង និងភ្ញៀវទេសចរ បន្ថែមលើអ្វីដែលមានស្រាប់ ដូចជា ផ្លូវជុំវិញស្ទឹងសង្កែ សួនវិមានឯករាជ្យ និងសួនសម្តេចក្រឡាហោម ជាដើម។

ការណែនាំរបស់ប្រមុខក្រសួងមហាផ្ទៃទៅកាន់អាជ្ញាធរខេត្តបាត់ដំបងដូច្នេះ បានធ្វើឡើងថ្លែងក្នុងពិធីបិទសន្និបាតការងារប្រចាំឆ្នាំ របស់រដ្ឋបាលខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥។ បើតាមការគូសបញ្ជាក់របស់លោក ស សុខា ដោយផ្អែកតាមការស្រាវជ្រាវមួយ គឺរកឃើញថា មានប្រជាជនប្រមាណ ១៤% បានកាត់បន្ថយភាពតានតឹង ឬស្ត្រេស ដោយសារតែអាជ្ញាធរបានរៀបចំទីតាំងសម្រាប់ពួកគាត់ដើរហាត់ប្រាណ និងទីតាំងសម្រាប់ថ្មើរជើងកម្សាន្តនៅពេលព្រឹក ពេលល្ងាច និងពេលយប់។

គួរជម្រាបថា រដ្ឋបាលរាជធានីភ្នំពេញ បានចាប់ផ្ដើមដាក់ឱ្យដំណើរការសាកល្បងគម្រោងផ្លូវថ្មើជើង (Walk Street) កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង សម្រាប់រយៈពេល ២ថ្ងៃក្នុងមួយសប្ដាហ៍ ពោលគឺនៅថ្ងៃសៅ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង១១យប់។ ផ្លូវថ្មើរជើងនេះ បានទាក់ទាញពលរដ្ឋ និងភ្ញៀវអន្តរជាតិ ដើរលេងកម្សាន្តយ៉ាងច្រើនកុះករ ខណៈអាជ្ញាធររាជធានីភ្នំពេញ ក៏បានរៀបចំកន្លែងសប្បាយៗ និងដាក់របស់របរសំរាប់កម្សាន្តច្រើនប្រភេទ៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៤ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី