Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ នឹងអញ្ជើញធ្វើបាឋកថាស្ដីពីបទពិសោធន៍ស្វែងរកសន្តិភាព ឯកភាពទឹកដី និងការអភិវឌ្ឍកម្ពុជា នៅឥណ្ឌូនេស៊ី ឆាប់ៗនេះ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នឹងអញ្ជើញធ្វើបាឋកថា ពិសោធន៍របស់សម្តេចផ្ទាល់ អំពីដំណើរស្វែងរកសន្តិភាព ការឯកភាពទឹកដី និងការអភិវឌ្ឍកម្ពុជា នៅលើទឹកដីប្រទេសឥណ្ឌូនេស៊ីនាពេលឆាប់ៗខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណឹងនេះ ត្រូវបានលើកមកពិភាក្សានៅក្នុងជំនួបដែលសម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យប្រតិភូវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់កិច្ចការអាស៊ាន និង អាស៊ីបូព៌ា (ERIA) ដឹកនាំដោយលោកសាស្រ្តាចារ្យតេតស៊ូយ៉ា វ៉ាតាណាបេ (Tetsuya Watanabe) ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា(ERIA) ចូលជួបសម្ដែងការគួរសម នៅវិមាន៧មករា។​

ជាកិច្ចចាប់ផ្តើម សម្តេចតេជោ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅលោកសាស្រ្តាចារ្យ Tetsuya Watanabe និងសហការី ដែលបានចូលជួបសម្តែងការគួរសម និងពិភាក្សាអំពីការរៀបចំដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ នៅឥណ្ឌូនេស៊ី ជាពិសេស ការៀបចំបាឋកថាគន្លឹះស្តីពីភាពជាអ្នកដឹកនាំ នៅវិទ្យាស្ថាន ERIA។ ជាមួយគ្នានេះ នៅដំណើរទស្សនកិច្ចខាងមុខនេះ សម្តេចតេជោ បានសម្តែងនូវក្តីរីករាយនឹងជួប លោកប្រធានាធិបតី ឥណ្ឌូនេស៊ី Prabowo Subianto ដែលជាមិត្តចាស់ និង ទស្សនាអគ្គលេខាធិការដ្ឋានអាស៊ានផងដែរ។ សម្តេចតេជោ បានអបអរសាទរ សាលាសិក្សាស្តីពីរដ្ឋាភិបាលនៃវិទ្យាស្ថាន ERIA ដែលទើបសម្ពោធកាលពីពេលថ្មីៗ ក្នុងឆ្នាំ២០២៤ នៅរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី និង សង្ឃឹមថាសាលាសិក្សាស្តីពីរដ្ឋាភិបាលនេះ នឹងសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន ដើម្បីជំរុញភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អ នៅក្នុងតំបន់អាស៊ាន។

នាឱកាសជំនួបនេះ លោកសាស្រ្តាចារ្យ Tetsuya Watanabe បានសម្តែងនូវក្តីសោមនស្សរីករាយ និង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃទទួលជួបជាមួយលោក និងសហការី ជាពិសេស ការទទួលយកការអញ្ជើញរបស់វិទ្យាស្ថាន ERIA ក្នុងការថ្លែងបាឋកថាពិសេស ស្តីពីបទពិសោធន៍របស់សម្តេចផ្ទាល់ អំពីដំណើរស្វែងរកសន្តិភាព ការឯកភាពទឹកដី និងការអភិវឌ្ឍកម្ពុជា។ លោកសាស្រ្តាចារ្យ Tetsuya Watanabe បានវាយតម្លៃខ្ពស់ចំពោះការគាំទ្រដ៏រឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ពីពេលសម្តេចតេជោនៅជានាយករដ្ឋមន្ត្រី ចាប់តាំងពីដំណាក់កាលផ្តួចផ្តើមបង្កើតវិទ្យាស្ថាននៅឆ្នាំ២០០៧ និងដំណើរការរហូតមកដល់ពេលនេះ។

លោកសាស្រ្តាចារ្យ Tetsuya Watanabe បានបន្តថា ក្នុងនាមជាអ្នកបន្តវេនពីលោកសាស្រ្តាចារ្យ Hidetoshi Nishimura, លោកកំពុងធ្វើការងារយ៉ាងជិតស្និតជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងបានពិភាក្សាភាពជាដៃគូរវាងវិទ្យាស្ថាន ERIA និងកម្ពុជា លើកិច្ចការស្រាវជ្រាវ និងសហប្រតិបត្តិការលើវិស័យនានា រួមមាន ធនធានមនុស្ស សេដ្ឋកិច្ច ឧស្សហកម្ម ថាមពល បច្ចេកវិទ្យា និងនវានុវត្តន៍….។ លោកសាស្រ្តាចា្យ ក៏បានសហការជាមួយ លោកបណ្ឌិត កៅ គឹមហ៊ួន អគ្គលេខាធិការអាស៊ាន ដើម្បីជំរុញសមាហរណកម្ម សេដ្ឋ កិច្ច អាស៊ាន ជាពិសេសតួនាទីរបស់សាលាសិក្សាអំពីរដ្ឋាភិបាលនៃវិទ្យាស្ថាន ERIA ដើម្បីជំរុញ និងចែករំលែកភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចឱ្យបានល្អប្រសើរនៅក្នុងអាស៊ាន និងតំបន់អាស៊ីអាគ្នេយ៍ ដល់ថ្នាក់ដឹកនាំវ័យក្មេង។

លោកសាស្រ្តាចារ្យ Nobuhiro Aizawa ព្រឹទ្ធបុរស និងជាប្រធានសាលាសិក្សាអំពីរដ្ឋាភិបាលនៃវិទ្យាស្ថាន ERIA បានសង្កត់ធ្ងន់អំពីភាពចាំបាច់មិនអាចខ្វះបាន ដែលពិភពលោកគួររៀនសូត្រពីតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចតេជោ ដែលត្រូវបានអនុវត្តជាក់ស្តែងនៅក្នុងប្រទេសកម្ពុជា និងតំបន់ផងដែរ។ លោកសាស្រ្តាចារ្យ ក៏បានគូសបញ្ជាក់ថា កិច្ចការជាច្រើនដែលសម្តេចតេជោបានធ្វើ និងសម្រេចបានមិនទាន់ត្រូវបានសិក្សាស្រាវជ្រាវវាយតម្លៃ និងទាញយកបទពិសោធដ៏មានតម្លៃនេះ គ្រប់គ្រាន់នៅឡើយ។លោកសាស្រ្តាចារ្យ បានបន្តថា លោក ចង់ឱ្យអាស៊ាន និងតំបន់អាស៊ីអាគ្នេយ៍បានស្តាប់អំពីកិច្ចការដែលសម្តេចតេជោសម្រេចបាននៅកម្ពុជា និងជាមួយដៃគូនានា រួមទាំងប្រទេសជិតខាងក្នុងការកសាងមូលដ្ឋានគ្រឹះសេដ្ឋកិច្ច និងអនាគតរបស់កម្ពុជា និងតំបន់។ លោកសាស្រ្តាចារ្យ បានវាយតម្លៃខ្ពស់ចំពោះបាឋកថាគន្លឹះ របស់សម្តេចតេជា ថានឹងជួយឱ្យអ្នកជំនាន់ក្រោយ សិក្សារៀនសូត្រកាន់តែស៊ីជម្រៅអំពីអាស៊ាន និងថ្នាក់ដឹកនាំកំពូលរបស់អាស៊ាន តួយ៉ាង សម្តេចតេជោ។

ជាកិច្ចឆ្លើយតប សម្តេចតេជោ បានអរគុណ លោកសាស្រ្តាចារ្យ Tetsuya Watanabe និង លោកសាស្រ្តាចារ្យ Nobuhiro Aizawa ចំពោះពាក្យពេចន៍ និងការវាយតម្លៃខ្ពស់ចំពោះបទពិសោធ និងតួនាទីសម្តេចតេជោ ក្នុងការកសាងសន្តិភាពនៅកម្ពុជា និងតំបន់។ សម្តេចតេជោ បានកត់សម្គាល់អំពីតួនាទីនិងសារៈសំខាន់នៃវិទ្យាស្ថាន ERIA ក្នុងការសិក្សាស្រាវជ្រាវ និងការរៀបចំវេទិកាសេដ្ឋកិច្ចតំបន់ ដោយមានការចូលរួមពីប្រទេសអាស៊ីបូព៌ា ប្រទេសសេដ្ឋកិច្ចធំ និងប្រទេសនានាលើពិភពលោកផងដែរ។ សម្តេចតេជោ បានបន្តថា ការរៀបចំវេទិកាក្នុងទម្រងង់ពីតូចទៅធំរបៀបនេះ ជាជំហានយុទ្ធសាស្រ្តដែលវិទ្យាស្ថាន ERIA គួរគិតគូរ។

សម្តេចតេជោ បានបញ្ជាក់ថា សម្តេចរីករាយនឹងចែករំលែកនូវ បទពិសោធគន្លឹះជាច្រើនដែល សម្តេច មិនមានពេលគ្រប់គ្រាន់ក្នុងការចែករំលែកក្នុងវេទិកានានា ក្នុងពេលកន្លងទៅ។ សម្តេច បានលើកឡើងថា បទពិសោធរបស់ សម្តេច ក្នុងការបញ្ចប់សង្រ្គាមនៅកម្ពុជា តាមរយៈគោលនយោបាយឈ្នះ-ឈ្នះ ដោយមិនប្រើគ្រាប់កាំភ្លើងសូម្បីមួយគ្រាប់ ប្រហែលជាគ្មានទេនៅលើពិភពលោក។ សម្តេចតេជោ ក៏បានរំឭកអំពីការយកជីវិតទៅប្តូរនឹងការទទួលបានសន្តិភាពទាំងមូលនៅកម្ពុជាសម្រាប់រយៈពេលវែងនេះ។ សម្តេចតេជោ គូសបញ្ជាក់ថា រយៈកាល ២៦ឆ្នាំកន្លងមកនេះ កម្ពុជាកសាងនិង រក្សាបានសន្តិភាព ដែលជាសន្តិភាពវែងជាងគេក្នុងប្រវត្តិសាស្រ្ត ៥០០ឆ្នាំចុងក្រោយរបស់កម្ពុជា។ សម្តេចតេជោ បានបន្ថែមថា ក្រោយពីបញ្ចប់សង្រ្គាមផ្ទៃក្នុងទាំងស្រុង សម្តេចបានដាក់ចេញនូវគោលដៅយុទ្ធសាស្រ្តប្រែក្លាយតំបន់អតីតសមរភូមិឱ្យទៅជាទីផ្សារនិងតំបន់អភិវឌ្ឍ និងការប្រែក្លាយតំបន់តាមព្រំដែនជាតំបន់កិច្ចសហប្រតិបត្តិការល្អ។ សម្តេចតេជោ ក៏បានថ្លែងថាគោលដៅយុទ្ធសាស្រ្តទាំងពីរនេះ សម្តេច សម្រេចបានជាង ៩០% រួចហើយមកទល់នឹងពេលនេះ ហើយទំហំពាណិជ្ជកម្មរវាងកម្ពុជានិងប្រទេសជិតខាងយើងក៏បានកើនឡើងជាលំដាប់។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា ទាំងនេះ គឺជាទ្រឹស្តី និងយុទ្ធសាស្រ្តរបស់ សម្តេច ផ្ទាល់ដែលនៅកម្ពុជា គេស្គាល់ថាជា “ទ្រឹស្តី និងយុទ្ធសាស្រ្ត ហ៊ុន សែន”។

សម្តេចតេជោ បានរំឭកផងដែរពីមូលហេតុដែលសម្តេច ត្រូវតែដឹកនាំកម្ពុជាចូលជាសមាជិកអាស៊ាន។ សម្តេចតេជោ បន្តបញ្ជាក់ថា ប្រទេសសមាជិកអាស៊ានមានវប្បធម៌ប្រហាក់ប្រហែលគ្នា ដែលនេះជាកាលានុវត្តភាពក្នុងការផ្លាស់ប្តូរពាណិជ្ជកម្មរវាងគ្នា និងរវាងអាស៊ានជាមួយដៃគូផ្សេងៗទៀត តាមរយៈ កិច្ចព្រមព្រៀងផ្លាស់ប្តូរពាណិជ្ជកម្មសេរី កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ជាដើម។ សម្តេចតេជោ ក៏បានបន្តថា យើងមិនអាចធៀបខ្លួនជាមួយនឹងតំបន់ណាមួយទេ គួរសំលឹងមើលអាស៊ានខ្លួនឯង តាមបែបប្រាកដនិយម និងសិក្សាពីខ្លួនឯង និងអ្នកជិតខាងឱ្យបានម៉ត់ចត់ ដោយ “យើងមិនអាចរត់រកឡានទឹកឆ្ងាយ នៅពេលភ្លើងឆេះផ្ទះនោះទេ”។

លោកសាស្រ្តាចារ្យ Tetsuya Watanabe បានសម្តែងនូវក្តីសោមនស្សរីករាយជាទីបំផុតដោយបានសិក្សារៀនសូត្របានច្រើននាឱកាសជំនួបនេះ និងថ្លែងថា បាឋកថារបស់សម្តេចតេជោ នៅវិទ្យាស្ថាន ERIA នាពេលខាងមុខនេះ គឺជាប្រវត្តិសាស្រ្ត ដើម្បីអាចឱ្យតំបន់បានសិក្សារៀនសូត្របន្ថែម។ តាមរយៈបាឋកថានេះ លោកសាស្រ្តាចារ្យ យល់ថា ប្រទេសជាសមាជិកអាស៊ាន ប្រទេសនានានៅក្នុងតំបន់ និងក្រៅតំបន់ នឹងបានស្តាប់ឮអំពីកិច្ចខិតខំប្រឹងប្រែង និងកិច្ចផ្តួចផ្តើម របស់កម្ពុជាក្នុងការកសាង និងរក្សាបានសន្តិភាពក្នុងប្រទេស ក៏ដូចជាតំបន់ និងពិភពលោក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៩ នាទីutes មុន

សំណង់​ទ្វារ​ទឹកព្រែកតាយី ដែលមានលទ្ធភាព​ស្តុក​ទឹក​ជាង​៤០ម៉ឺនម៉ែត្រគូប នឹង​បើកការដ្ឋានសាងសង់នៅថ្ងៃទី១៩ មីនា ២០២៥នេះ

ព័ត៌មានជាតិ១ ម៉ោង មុន

លោកនេត្រ ភក្ត្រា ជួប​ប្រជុំ​ជា​មួយ លោក ជា វ៉ាន់ដេត ដើម្បី​ពិនិត្យ​និង​ពិភាក្សា​លើ​សេចក្តីព្រាងអនុក្រឹត្យ​ស្តី​ពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃក្រសួងព័ត៌មាន

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ ៖ ​រាជរដ្ឋាភិបាល​ តែងតែ​គាំទ្រ​លើកស្ទួយ​យក​ចិត្ត​ទុកដាក់​ខ្ពស់​ចំពោះ​ជន​មាន​ពិការភាព​

ព័ត៌មានជាតិ២ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង បង្កើត​កំណត់​ត្រា​ថ្មី ឡើង​វគ្គ​៤​ក្រុមពានក្លិប​អាស៊ីកម្រិតទី​៣

សន្តិសុខសង្គម៣ ម៉ោង មុន

​ប្រទះឃើញ​សត្វ​ក្រពើ​មួយក្បាលនៅ​ក្នុង​ស្រះ​មុខ​ផ្ទះប្រជាពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម