ព័ត៌មានជាតិ
លោក ប៉ែន បូណា៖ សមិទ្ធផលរបស់រដ្ឋាភិបាលដូចទៅនឹងពន្លឺព្រះអាទិត្យបំភ្លឺដែនដីគ្មានអ្នកណាអាចយកបាតដៃទៅបិទបាំងបានឡើយ
«រយៈពេល៤៦ឆ្នាំក្រោយចេញពីរបប ប៉ុល ពត រាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា បានសាងសមិទ្ធផលធំធេងណាស់សម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋជាពិសេសការអភិវឌ្ឍមានសន្ទុះខ្លាំងក្លាចាប់តាំងពីកម្ពុជាមានសុខសន្តិភាពពេញលេញរយៈពេល២៦ឆ្នាំចុងក្រោយ»។ នេះជាការគូសបញ្ជាក់របស់ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» ជូនថ្នាក់ដឹកនាំ មន្ត្រីអ្នកនាំពាក្យ និងរដ្ឋបាលខេត្តសៀមរាប មន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ សរុបចំនួនជាង ៤០០នាក់ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។
![](https://www.kampucheathmey.com/wp-content/uploads/2025/02/image-899-edited.png)
លោកបន្តថា សមិទ្ធផលទាំងនេះបានទាញកម្ពុជាចេញពីគំនរផេះផង់ ចេញពីសោកនាដកម្មឈាមនិងទឹកភ្នែកក្នុងសម័យសង្គ្រាមនិងរបបប្រល័យពូជសាសន៍ឱ្យក្លាយជាប្រទេសសម្បូរសប្បាយមិនធ្លាប់ដែលមានពីមុន។ បើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាល ប្រជាពលរដ្ឋខ្មែរដែលត្រូវបានគេកាប់សម្លាប់ស្ទើរតែអស់ពីភពផែនដីទៅហើយនោះ ស្រាប់តែមានភ័ព្វសំណាងបានរស់ឡើងវិញម្តងទៀត និងបានស្តារប្រទេសឡើងវិញឱ្យស្គាល់យុគសម័យទំនើបដូចបច្ចុប្បន្ន។ នេះគឺជាមហាសមិទ្ធផលដែលជាស្នាដៃដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តថែរក្សានិងពូនជ្រុំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន។
![](https://www.kampucheathmey.com/wp-content/uploads/2025/02/image-900-1024x562.png)
ទន្ទឹមនឹងនោះ លោក ប៉ែន បូណា កត់សម្គាល់ទៀតថា ក្រុមប្រឆាំងជ្រុលនិយមបាននិងកំពុងព្យាយាមមួលបង្កាច់ លាបពណ៌ ញុះញង់ ដោយបង្កើតព័ត៌មានក្លែងក្លាយយ៉ាងច្រើនចាក់ចូលក្នុងបណ្តាញសង្គមជារៀងរាល់ថ្ងៃ ក្នុងគោលបំណងបំផ្លាញសមិទ្ធផលរបស់រាជរដ្ឋាភិបាល ហើយអូសទាញប្រទេសទៅរកអតីតកាលខ្មៅងងឹតឡើងវិញ។ ប៉ុន្តែ អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ថា សមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបានមានទំហំធំធេងណាស់ ដែលគ្មានអ្នកណាអាចបំភ្លៃបានឡើយ ដូចពាក្យចាស់បូរាណពោលថា «គ្មានអ្នកណាអាចយកបាតដៃទៅបិទបាំងព្រះអាទិត្យបានឡើយ» ពោលគឺ ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចអាចត្រឹមយកបាតដៃទៅបាំងភ្នែកខ្លួនឯងកុំឱ្យឃើញពន្លឺព្រះអាទិត្យបាន ប៉ុន្តែមិនអាចបាំងភ្នែកអ្នកដទៃបានទេ។ យ៉ាងណាមិញ ក៏គ្មានអ្នកណាអាចបិទបាំងសមិទ្ធផលដ៏ធំធេងរបស់រាជរដ្ឋាភិបាលពីភ្នែករបស់ប្រជាពលរដ្ឋខ្មែរនិងសហគមន៍អន្តរជាតិបានដែរ។ ជាក់ស្តែង អង្គការសហប្រជាជាតិបានទទួលស្គាល់ការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា និងបានសម្រេចឱ្យកម្ពុជាត្រៀមខ្លួនចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួចក្នុងពេលឆាប់ៗខាងមុខនេះ។ នេះជាការគូសបញ្ជាក់របស់ លោក ប៉ែន បូណា។
![](https://www.kampucheathmey.com/wp-content/uploads/2025/02/image-901-1024x682.png)
ក្នុងន័យនេះ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានស្នើឱ្យក្រុមការងារទទួលបន្ទុកព័ត៌មាន អ្នកនាំពាក្យ និងមន្ត្រីអាជ្ញាធរពាក់ព័ន្ធទាំងអស់ធ្វើការងារបុរេសកម្មឱ្យបានខ្លាំងក្លា ដើម្បីបញ្ជ្រាបសមិទ្ធផលដ៏ធំធេងទាំងនេះដល់ប្រជាពលរដ្ឋ ហើយរួមគ្នាសម្លឹងឆ្ពោះទៅចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់ប្រកបដោយមោទនភាព។
លោក សុខ ថុល អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងលោក ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងជាអ្នកនាំពាក្យខេត្ត បានកត់សម្គាល់ថា នៅក្នុងសម័យបច្ចេកវិទ្យាឌីជីថលនេះ ការចែករំលែកនូវព័ត៌មានជាច្រើននៅលើបណ្តាញ-សង្គមឌីជីថលរបស់ប្រជាពលរដ្ឋក៏កាន់តែកើនឡើងគួរឱ្យកត់សម្គាល់ ដោយនៅក្នុងបណ្តាញសង្គមទាំងនោះ មានការចែករំលែកនូវមតិយោបល់ សំណួរ សំណូមពរ ព័ត៌មានពិត និងព័ត៌មានមិនពិតដែលធ្វើឱ្យមហាជនមានការពេញចិត្ត មិនពេញចិត្ត យល់ស្រប មិនយល់ស្រប យល់ច្រឡំ និងពិបាកក្នុងការបែងចែកខុសឬត្រូវ អាចទុកចិត្តបាន ឬមិនអាចទុកចិត្តបាន ដែលនេះអាចជាឱកាសមួយសម្រាប់ក្រុមមានគំនិតមិនល្អមួយចំនួនបង្កើតនូវព័ត៌មានមិនពិត ក្នុងគោលបំណងបោកប្រាស់បង្ករភាពវិកវរ ក្នុង សង្គម និងកេងចំណេញផ្នែកនយោបាយជាដើម។
![](https://www.kampucheathmey.com/wp-content/uploads/2025/02/image-902-1024x682.png)
លោកសង្ឃឹមយ៉ាងមុតមាំថា តាមរយៈវគ្គបណ្តុះបណ្តាលនាពេលនេះ នឹងផ្តល់ជាធាតុចូលដល់លោក លោកស្រី ជាសក្ខាកាមទាំងអស់ទទួលបាននូវឱកាសក្នុងការយល់ដឹងអំពីតួនាទី ភារកិច្ច វិធីសាស្ត្រឆ្លើយតប ជាមួយអ្នកសារព័ត៌មាន ការផ្សព្វផ្សាយព័ត៌មាន ជាពិសេសនឹងក្លាយខ្លួនជាអ្នកនាំពាក្យប្រចាំអង្គភាព ដែលពោពេញដោយគុណវុឌ្ឍិ វិជ្ជាជីវៈ គុណភាព ប្រសិទ្ធិភាព និងគុណធម៌សម្រាប់បម្រើដល់ឧត្តមប្រយោជន៍ជូនសង្គមជាតិទាំងមូល និងជាចំណែកនៃការចូលរួមអភិវឌ្ឍន៍សង្គមជាតិឱ្យសម្រេចគោលដៅរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៧ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍៩ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម៩ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ