ព័ត៌មានជាតិ
អ្នកផ្ទុកមេរោគអេដស៍ប្រមាណ ៦ ទៅ ៧ ពាន់នាក់ទៀត មិនទាន់ធ្វើតេស្ត និងទទួលបានសេវាព្យាបាលនៅឡើយទេ
មន្ត្រីជាន់ខ្ពស់ នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍សើស្បែក និងកាមរោគ បានឱ្យដឹងថា បច្ចុប្បន្ននៅប្រទេសកម្ពុជានៅសល់អ្នករស់នៅជាមួយមេរោគអេដស៍ប្រមាណពី ៦ ០០០ ទៅ ៧ ០០០ នាក់ នៅមិនទាន់បានដឹងខ្លួន និងមិនទាន់បានធ្វើតេស្ត និងទទួលសេវាព្យាបាលនៅឡើយទេ។

លោកវេជ្ជបណ្ឌិត អ៊ុក វិជ្ជា ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍សើស្បែក និងកាមរោគ នៃក្រសួងសុខាភិបាល បានមានប្រសាសន៍កាលពីថ្ងៃទី ១០ កុម្ភៈ ថា តាមការប៉ាន់ស្មាននៅឆ្នាំ ២០២៤ កម្ពុជា មានអ្នករស់នៅជាមួយមេរោគអេដស៍ប្រមាណ ៧៦ ០០០ នាក់ ក្នុងនោះមានអ្នកជំងឺអេដស៍សកម្មដែលកំពុងទទួលសេវាព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ទាំង ៧៤ កន្លែង ចំនួន ៦៩ ៩៩៤ នាក់ និងនៅសល់អ្នករស់នៅជាមួយមេរោគអេដស៍ប្រមាណពី ៦ ០០០ ទៅ ៧ ០០០ នាក់ នៅមិនទាន់បានដឹងខ្លួន និងមិនទាន់បានធ្វើតេស្ត និងទទួលសេវាព្យាបាលនៅឡើយទេ ខណៈក្នុង ១ ឆ្នាំៗ មានអ្នកឆ្លងថ្មី នៃមេរោគអេដស៍ប្រមាណ ១ ២០០ នាក់ និងស្លាប់ប្រមាណ ១ ១០០ នាក់។

លោកវេជ្ជបណ្ឌិត បានអំពាវនាវដល់អ្នករស់នៅជាមួយមេរោគអេដស៍ដែលនៅមិនទាន់ដឹងខ្លួនថាមានផ្ទុក សូមរួសរាន់មកធ្វើតេស្តឈាមរកមេរោគអេដស៍ឱ្យបានគ្រប់ៗ គ្នា ដើម្បីទទួលបានការព្យាបាលបានត្រឹមត្រូវ ព្រោះថានៅពេលទទួលបានការព្យាបាលបានត្រឹមត្រូវ នោះអ្នកជំងឺនឹងអាចរស់នៅបានយូរអង្វែងដូចមនុស្សទូទៅដែរ។

ចំណែក លោកទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ធ្លាប់បានស្នើដល់ក្រុមប្រជាជនគន្លឹះ និងអង្គការសង្គមស៊ីវិល ត្រូវចងក្រងប្រទាក់ក្រឡាគ្នាជំរុញឱ្យអ្នកមិនទាន់ដឹងពីស្ថានភាពរបស់ខ្លួន មកធ្វើតេស្តរកមេរោគអេដស៍។

លោកទេសរដ្ឋមន្ត្រី បានបន្តថា ក្នុងចំណោមក្រុមនេះ អាចជាអ្នកចំណាកស្រុក ឬ សំងំព្យាបាលនៅមន្ទីរពេទ្យ ឬ គ្លីនិកឯកជន។

លោកទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ក្នុងការបញ្ចប់អេដស៍ ដោយដាក់ចេញនូវគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ ២០២៣-២០២៨ កាលពីខែមីនា កន្លងទៅនេះ។ ក្នុងនោះ ការព្យាបាលជំងឺអេដស៍ ធ្វើឡើងដោយមិនគិតប្រាក់ និងចូលរួមថវិកាទិញឱសថប្រឆាំងមេរោគអេដស៍ចំនួន ៥ លានដុល្លារ ក្នុង ១ ឆ្នាំ ហើយអ្នកផ្ទុកមេរោគអេដស៍ បានទទួលអត្ថប្រយោជន៍ពីកម្មវិធីគាំពារសង្គមផងដែរ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ