ព័ត៌មានជាតិ
ក្រសួងព័ត៌មាន នឹងរៀបចំទិវាវិទ្យុពិភពលោកឆ្នាំ២០២៥ ដើម្បីបង្កើនការយល់ដឹងតួនាទីសំខាន់របស់វិទ្យុក្នុងការផ្តល់ព័ត៌មាន
ក្រសួងព័ត៌មាន នឹងរៀបចំប្រារព្ធទិវាវិទ្យុពិភពលោកឆ្នាំ២០២៥ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងព័ត៌មាន ក្រោមប្រធានបទ “វិទ្យុ និងការបម្រែបម្រួលអាកាសធាតុ” ក្នុងគោលបំណងបង្កើនចំណេះដឹង និងយល់ច្បាស់ពីតម្លៃដ៏សំខាន់របស់វិទ្យុ ក្នុងការផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយ ការកម្សាន្ត និងការអប់រំនានាដល់សាធារណជន។ នេះបើតាមសេចក្តីប្រកាស ថ្ងៃទី១០ ខែកុម្ភៈ។

ដើម្បីជាការអបអរទិវាវិទ្យុពិភពលោកឆ្នាំ២០២៥ ក្រសួងព័ត៌មាន នឹងរៀបចំប្រារព្ធដោយមានបង្ហាញដូចជា ប្រវត្តិ និងការវិវត្តរបស់វិទ្យុក្នុងសង្គមកម្ពុជា, តួនាទីរបស់វិទ្យុក្នុងការលើកកម្ពស់ការយល់ដឹងសហគមន៍ពីបម្រែបម្រួលអាកាសធាតុ និងប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ជាដើម។ បន្ថែមពីនេះ ក៏មានការចែករំលែកបទពិសោធការងារពីអ្នកជំនាញលើវិស័យវិទ្យុនេះ រួមជាមួយការពិព័រណ៍បង្ហាញពីសម្ភារៈវិទ្យុចាស់ៗនៅក្នុងបរិវេណក្រសួងព័ត៌មាន និងសកម្មភាពផ្សេងទៀត ដោយនឹងមានការចូលរួមពីភាគីពាក់ព័ន្ធជាង ៣០០នាក់។
លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានឱ្យ កម្ពុជាថ្មី ដឹងថា គិតត្រឹមខែធ្នូ ឆ្នាំ២០២៤ បច្ចុប្បន្ន កម្ពុជាមានអង្គភាពសារព័ត៌មានប្រពៃណី និងទំនើប មានសរុបចំនួន ១,៦២០អង្គភាព ក្នុងនោះ វិទ្យុFM និងAM មានចំនួន២៨១ ។ លោកបន្តថា ទោះបីជាបច្ចុប្បន្ន ជាសម័យទំនើប ហើយក៏មានការកើនឡើងនូវប្រព័ន្ធផ្សព្វផ្សាយទំនើបបែបឌីជីថល ប៉ុន្តែ នៅមិនទាន់អាចដើរតួនាទីជំនួសប្រព័ន្ធផ្សព្វផ្សាយប្រពៃណី ដូចជាវិទ្យុ បានឡើយ។

អ្នកនាំពាក្យ បញ្ជាក់ថា ៖ “ថ្វីត្បិត វិទ្យុ ជាប្រព័ន្ធផ្សព្វផ្សាយចាស់បុរាណមែន តែវានៅតែមានតម្លៃនិងតួនាទីដ៏សំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មានជូនប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋាន គ្រប់ទិសទីទាំងអស់។ នៅពេលមានវិទ្យុនៅក្នុងដៃ ឬក្នុងផ្ទះ គឺយើងមានព័ត៌មានគ្រប់បែបយ៉ាងក្នុងដៃ មានការផ្តល់ចំណេះដឹង ការកំសាន្ត ចម្រៀង ព័ត៌មានដ៏សម្បូណ៍បែប” ។
អាស្រ័យហេតុនេះហើយ ទើបក្រសួងព័ត៌មានរៀបចំការប្រារព្ធទិវាវិទ្យុឡើង ដើម្បីផ្សព្វផ្សាយឱ្យសាធារណជនបានដឹងអំពីសារសំខាន់នៃតួនាទីរបស់វិទ្យុ ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយប្រពៃណីផ្សេងទៀត និងតម្លៃខ្ពស់ប្រព័ន្ធផ្សព្វផ្សាយប្រពៃណីក្នុងយុគសម័យឌីជីថល ក្នុងការផ្តល់ព័ត៌មានពិតគ្រប់ជ្រុងជ្រោយ ការកម្សាន្ត និងការអប់រំប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ពីប្រធានបទគន្លឹះសំខាន់ៗ គោលនយោបាយរាជរដ្ឋាភិបាល ក៏ដូចជាសភាពការណ៍ទូទៅនៅកម្ពុជា តំបន់និងពិភពលោក។ ជាងនេះទៀត នៅកម្ពុជា វិទ្យុបានចូលរួមចំណែកយ៉ាងសកម្មក្នុងការផ្សារភ្ជាប់ទំនាក់ទំនង និងការផ្តល់ព័ត៌មានលឿនរហ័សដល់សហគមន៍ ផងដែរ។ នេះបើតាម លោក ទេព អស្នារិទ្ធ។

ក្នុងឱកាសនេះ ដើម្បីជាការរួមចំណែកថែរក្សាកេរដំណែក គុណតម្លៃប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទ រួមទាំងវិទ្យុផងនោះ ក្រសួងព័ត៌មាន ក៏គ្រោងនឹងរៀបចំបង្កើត “សារមន្ទីរប្រព័ន្ធផ្សព្វផ្សាយ” ទុកសម្រាប់ឱ្យកូនខ្មែរជំនាន់ក្រោយ បានឃើញ និងស្គាល់ផងដែរ។ គម្រោងបង្កើតសារមន្ទីរនេះ ក្រសួងនឹងប្រមូលនូវសម្ភារៈ ឧបករណ៍នានាដែលពាក់ព័ន្ធនឹងប្រព័ន្ធផ្សព្វផ្សាយយកមកបង្ហាញ សម្រាប់ជាប្រវត្តិសាស្ត្រព័ត៌មាន និងវិស័យព័ត៌មាន និងសោតទស្សន៍។ ហេតុនេះ ក្រសួងផ្តាំថា សម្រាប់ពលរដ្ឋណាដែលមានសម្ភារៈចាស់ៗទាក់ទងនឹងប្រព័ន្ធផ្សព្វផ្សាយ ហើយចង់ចូលរួមបរិច្ចាគ អាចទាក់ទងបានតាមរយៈលេខទូរសព្ទ ០៧៧ ៤២៦ ៨៧៧ ឬ ០៨៧ ៧៨០ ១៧៧ (តេឡេក្រាម)៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ