Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ លើកទឹកចិត្តសមាជិក ប.ស.ស មានជំងឺស្រាលៗ ទៅពិគ្រោះនៅពេទ្យឯកជន ឬ មណ្ឌលសុខភាព កាត់បន្ថយការកកស្ទះ

បានផុស

នៅ

មន្ត្រី​ជាន់​ខ្ពស់​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ជំរុញ និង​លើកទឹកចិត្ត​ដល់​សមាជិក ប​.​ស​.​ស ទាំងអស់ ដែល​មាន​ជំងឺ​ស្រាលៗ គួរ​ទៅ​ពិនិត្យ ពិគ្រោះ និង​ព្យាបាល​ជំងឺ នៅ​តាម​មន្ទីរពេទ្យ​ឯកជន ឬ​ មណ្ឌល​សុខភាព​ជា​ដៃគូ​របស់ ប​.​ស​.​ស ដើម្បី​ចូលរួម​កាត់បន្ថយ​ការ​កកស្ទះ​អ្នកជំងឺ​នៅ​តាម​មន្ទីរពេទ្យ​ថ្នាក់​ជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​លើក​ទឹកចិត្ត​នេះ​ដោយសារ​បច្ចុប្បន្ន​មាន​សមាជិក ប​.​ស​.​ស រាប់​រយ​នាក់​ ក្នុង​ ១ ​ថ្ងៃៗ បាន​ទៅ​ទទួល​សេវា​នៅ​តាម​មន្ទីរពេទ្យ​ថ្នាក់ជាតិ​នៅក្នុង​រាជធានី​ភ្នំពេញ​យ៉ាងច្រើន​កុះករ​ ធ្វើឱ្យ​កកស្ទះ​ និង​ត្រូវ​ចំណាយ​ពេលវេលា​យូរ​ក្នុង​ការ​ទៅ​ទទួល​សេវា​ ព្រោះ​សមាជិក​ម្នាក់ៗ​ តម្រូវ​ឱ្យ​តម្រង់​ជួរ​ចូល​ម្នាក់​ម្តង​ទៅតាម​លេខ​រៀង ​អ្នក​ទៅមុន​បាន​មុន​ និង​អ្នក​ទៅក្រោយ​ត្រូវ​រង់ចាំ​តាម​លេខ​រៀង​ជា​បន្តបន្ទាប់។

ការ​កកស្ទះ​នេះ​ដោយសារតែ​មានការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​មកលើ​សេវា ប​.​ស​.​ស កើន​ឡើងជា​បន្តបន្ទាប់ ​ខណៈ​បច្ចុប្បន្ន​សមាជិក ​ប​.​ស​.​ស បាន​កើនឡើង​ជាង​ ២ ​លាន​ ៧​ សែន​នាក់។

លោក​បណ្ឌិត ហេង សុផាន់​ណារិទ្ធ អគ្គនាយករង ប​.​ស​.​ស និង​ជា​អ្នកនាំពាក្យ​ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី ​១២​ កុម្ភៈ​ នេះ​ថា ​«​ទាក់ទិន​នឹង​ការ​កកស្ទះ​របស់​សមាជិក ប​.​ស​.​ស ទៅ​ទទួល​សេវា​នៅ​តាម​មន្ទីរពេទ្យ​ជា​ដៃគូ​នេះ​ តាម​យោបល់​ខ្ញុំ ​គឺថា​នៅ​ពេល​ដែល​បងប្អូន​ជា​សមាជិក ​ប​.​ស​.​ស ទាំងអស់​ ឈឺ​ ចូល​ទៅ​ប្រើប្រាស់​សេវា​នៅ​តាម​មូលដ្ឋាន​សុខាភិបាល​ជា​ដៃគូ​។ ក្នុងករណី​បងប្អូន​មាន​ជំងឺ​ស្រាលៗ ​ដូចជា​ ជំងឺ​ផ្តាសាយ​តិច​តួច ឬ​ ឈឺក្បាល សូម​អញ្ជើញ​ទៅ​ប្រើប្រាស់​សេវា​នៅតាម​មន្ទីរពេទ្យ​ឯកជន​ ឬ ​មណ្ឌល​សុខភាព ​ឬ​ មន្ទីរពេទ្យ​កម្រិត​ ១​ និង​កម្រិត ​២ ​ជាដើម​ ដើម្បី​ទុក​លទ្ធភាព​ដល់​សមាជិក ​ប​.​ស​.​ស ផ្សេងទៀត​ ដែលមាន​ជំងឺ​ធ្ងន់ធ្ងរ ​ឬ​ជំងឺ​រ៉ាំរ៉ៃ សង្គ្រោះ​បន្ទាន់ ករណី​វះកាត់​បន្ទាន់​ទៅ​ពិនិត្យ​ ពិគ្រោះ​ និង​ព្យាបាល ​នៅ​តាម​មន្ទីរពេទ្យ​ថ្នាក់​ជាតិ​»។

លោក​បណ្ឌិត ហេង សុផាន់​ណា​រិទ្ធ បាន​បញ្ជាក់​ថា «​ការ​អនុវត្ត​បែបនេះ ​វា​អាច​កាត់បន្ថយ​បាន​ច្រើន។ ប៉ុន្តែ​ក្នុង​ករណី​សមាជិក​ ប​.​ស​.​ស មាន​ជំងឺ​ស្រាលៗ នាំគ្នា​សម្រុក​ទៅ​ទទួល​សេវា​នៅ​មន្ទីរពេទ្យ​ថ្នាក់ជាតិ​ទាំងអស់គ្នា​នោះ ​នឹង​បន្ត​ការ​កកស្ទះ​ហើយ​»។

លោក​បណ្ឌិត ហេង សុផាន់​ណា​រិ​ទ្ធ បាន​បន្ថែម​ថា បច្ចុប្បន្ន ប​.​ស​.​ស មាន​មូលដ្ឋាន​សុខាភិបាល ដែល​ជា​ដៃគូ​ជាមួយ ប​.​ស​.​ស ចំនួន ១,៥៩៥ មូលដ្ឋាន ក្នុង​នោះ វិស័យ​ឯកជន ចំនួន ១៦៣ មូលដ្ឋាន។

នៅ​ក្នុង​សេចក្ដី​បំភ្លឺ​ចុះ​ថ្ងៃ​ទី ១១ កុម្ភៈ ប​.​ស​.​ស បានឱ្យដឹងថា សមាជិក ប​.​ស​.​ស​. ទាំងអស់​ដែលមាន​បញ្ហា​សុខភាព​ពិតប្រាកដ​អាច​ទៅ​ទទួល​សេវា​ពិនិត្យ ពិគ្រោះ និង​ព្យាបាល តាម​ស្តង់ដារ​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​បាន​នៅ​គ្រប់​មូលដ្ឋាន​សុខាភិបាល​ដៃគូ​ ដោយ​មិនមាន​កំណត់​ចំនួន​ដង​ចូល​ប្រើប្រាស់​សេវា​នោះ​ទេ​ ហើយក៏​មិន​មាន​ការ​បង់​ថ្លៃ​សេវា​ព្យាបាល​ដែរ។ ដូចនេះ សូម​សមាជិក ប​.​ស​.​ស និង​សាធារណជន ​កុំ​ជឿ​ទៅ​លើ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត មាន​លក្ខណៈ​ញុះញង់ បំផ្លើស និង​ទម្លាក់​កំហុស​ ដែលជា​អំពើ​ល្មើសច្បាប់ ធ្វើ​ឱ្យ​ប៉ះពាល់​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​បេឡា​ជាតិ​សន្តិសុខ​សង្គម៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២០ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ទូកទេសចរណ៍ផ្ទុកមនុស្ស ៣៦នាក់ ផ្ទុះឆេះនៅ ថៃ

ព័ត៌មានជាតិ២២ ម៉ោង មុន

ពលរដ្ឋភូមិឃ្មួញ ខណ្ឌសែនសុខ កំពុងរៀបចំតុបតែងភូមិស្វាគមន៍សង្ក្រាន្តឆ្នាំថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សម្ដេចធិបតី និងរដ្ឋមន្ត្រីការងារ និងសមាគម២ ចូលបច្ច័យជាង២ម៉ឺនដុល្លារ ដល់គ្រួសារសពពលករដែលស្លាប់ក្នុងគ្រោះរញ្ជួយដីនៅថៃ

Sokha Hotels

ព័ត៌មានពេញនិយម