ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ ទោះបីប្រព័ន្ធផ្សព្វផ្សាយទំនើបមានការកើនឡើង ប៉ុន្តែ កម្ពុជា ក៏មិនអាចខ្វះវិទ្យុបានដែរ
លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានប្រាប់មកកាន់ កម្ពុជាថ្មី នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ថា ទោះបីបច្ចុប្បន្ន កម្ពុជា មានទំនោរកើនឡើងនៃប្រព័ន្ធផ្សព្វផ្សាយទំនើប ក៏ប៉ុន្តែ នៅមិនទាន់អាចដើរតួនាទីមកជំនួសប្រព័ន្ធផ្សព្វផ្សាយប្រពៃណី ដូចជា វិទ្យុក្នុងការកសាងទំនុកចិត្តពីប្រជាពលរដ្ឋ ដែលជាអ្នកទទួលព័ត៌មាន បានទេ។

លោកបន្តថា ហេតុនេះហើយ ទើបក្រសួងព័ត៌មាន នឹងរៀបចំការប្រារព្ធទិវាវិទ្យុពិភពលោកឆ្នាំ២០២៥ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងព័ត៌មាន ក្រោមប្រធានបទ “វិទ្យុ និងការបម្រែបម្រួលអាកាសធាតុ”។ ទិវានេះ ធ្វើឡើងដើម្បីផ្សព្វផ្សាយឱ្យសាធារណជនបានដឹងអំពីសារៈសំខាន់នៃតួនាទីរបស់វិទ្យុ ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយប្រពៃណីផ្សេងទៀត និងតម្លៃខ្ពស់ប្រព័ន្ធផ្សព្វផ្សាយប្រពៃណីក្នុងយុគសម័យឌីជីថល ក្នុងការផ្តល់ព័ត៌មានពិតគ្រប់ជ្រុងជ្រោយ ការកម្សាន្តសម្បូណ៍បែប ព្រមទាំងការអប់រំប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ពីប្រធានបទគន្លឹះសំខាន់ៗ គោលនយោបាយរាជរដ្ឋាភិបាល ក៏ដូចជាសភាពការណ៍ទូទៅនៅកម្ពុជា តំបន់និងពិភពលោក។

លោក ទេព អស្នារិទ្ធ បានបញ្ជាក់ថា នៅកម្ពុជា វិទ្យុ បានចូលរួមចំណែកយ៉ាងសកម្មក្នុងការផ្សារភ្ជាប់ទំនាក់ទំនង និងការផ្តល់ព័ត៌មានលឿនរហ័សដល់សហគមន៍។ ក្នុងការធានានិរន្តរភាពវិទ្យុ លោកថា ក្រសួងព័ត៌មានពង្រឹងលទ្ធភាព និងសមត្ថភាពផ្សាយបន្ថែមទៀតឱ្យកាន់តែទូលំទូលាយ គឺការដំណើរការវិទ្យុបណ្តាញនៅតាមសហគមន៍មូលដ្ឋាន ឃុំស្រុក ទីរួមខេត្ត ទីប្រជុំជនទីរួមក្រុង ដែលត្រូវជំរុញ កម្លាំងគ្រប់ដណ្តប់ក្នុងមូលដ្ឋានផ្សេងៗថ្ពក់គ្នាទៅវិញទៅមក ដើម្បីពង្រីកការផ្សាយឱ្យបានខ្លាំងបន្ថែមទៀត។ វិទ្យុបណ្តាញមានដំណើរការនៅក្នុងមូលដ្ឋានភូមិសាស្ត្រខេត្តកំពង់ធំ សៀមរាប កំពង់ស្ពឺ កំពង់ឆ្នាំង ជាដើម ព្រមទាំងមានវិទ្យុសហគមន៍មួយចំនួនទៀតក្នុងខេត្តពោធិ៍សាត់ និងខេត្តនៅប៉ែកឦសាន ដើម្បីផ្តល់និងផ្សព្វផ្សាយព័ត៌មានឱ្យបានជូនដល់សហគមន៍ជនជាតិដើមភាគតិច និងសហគមន៍នៅតំបន់ដាច់ស្រយាលមួយចំនួនផងដែរ។
ស្របតាមសម័យឌីជីថលនេះ ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ មានដូចជាមានភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP) វិទ្យុ ទូរទស្សន៍ជាតិ និងកាសែតកម្ពុជា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងព័ត៌មាន ក៏បានពង្រីក និងពង្រឹងសមត្ថភាពមន្ដ្រីដើម្បីផ្សាយព័ត៌មានបែបឌីជីថលតាមប្រព័ន្ធបណ្តាញសង្គមមានដូចជា ហ្វេសប៊ុក, ឆាណែលតេឡេក្រាម, យូធូប, បណ្តាញសង្គម X (Twitter), តិកតុ និងអ៊ីនស្តាក្រាម និងពង្រឹងការផ្សាយផ្ទាល់នូវកម្មវិធីព័ត៌មាន ការសន្ទនាមតិ និងកម្មវិធីសិល្បៈកម្សាន្ត ផ្សេងទៀត ដើម្បីបង្កើនការផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋ អ្នកស្តាប់ អ្នកអាន និងអ្នកទស្សនា តាមការផ្សាយជាសំឡេង អត្ថបទ និងសោតទស្សន៍ឱ្យស្របតាមសម័យទំនើប និងតម្រូវការបច្ចុប្បន្នដែរ ។ ជាមួយគ្នានេះ ក្រសួងព័ត៌មានក៏បានពង្រីកការផ្សព្វផ្សាយព័ត៌មានតាមរយៈគេហទំព័រ និងកម្មវិធីក្នុងទូរស័ព្ទដៃ MoINFO APP យ៉ាងទូលំទូលាយថែមទៀតផង។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យ លោក ទេព អស្នារិទ្ធ។

យ៉ាងណា ក្នុងឱកាសទិវាវិទ្យុពិភពលោក ឆ្នាំ២០២៥ ដែលក្រសួងនឹងរៀបចំ ថ្ងៃទី១៣ ស្អែកនេះ ក្រោមអធិបតីភាព រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏មានបង្ហាញនូវ ប្រវត្តិ និងការវិវត្តរបស់វិទ្យុក្នុងសង្គមកម្ពុជា, តួនាទីរបស់វិទ្យុក្នុងការលើកកម្ពស់ការយល់ដឹងសហគមន៍ពីបម្រែបម្រួលអាកាសធាតុ និងប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ផងដែរ។ បន្ថែមពីនេះ ក៏មានការចែករំលែកបទពិសោធការងារពីអ្នកជំនាញលើវិស័យវិទ្យុនេះ រួមជាមួយការពិព័រណ៍បង្ហាញពីសម្ភារៈវិទ្យុចាស់ៗនៅក្នុងបរិវេណក្រសួងព័ត៌មាន និងសកម្មភាពផ្សេងទៀត ដូចជាការតាំងពិព័រណ៍នូវវិទ្យុចាស់ៗ និងសម្ភារៈផ្សព្វផ្សាយផ្សេងៗក្នុងបរិវេណក្រសួងព័ត៌មាន ដោយនឹងមានការចូលរួមពីភាគីពាក់ព័ន្ធជាង ៣០០នាក់៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ