ព័ត៌មានជាតិ
ខេត្តក្រចេះ មានសក្តានុពលធនធានរ៉ែថ្មក្រានីត រួមទាំងក្រុមហ៊ុនរ៉ែមាសកំពុងធ្វើអាជីវកម្ម កើបចំណូលរាប់លានដុល្លារក្នុងមួយឆ្នាំៗ
ខេត្តក្រចេះជាខេត្តល្បីត្រីផ្សោតទន្លេមេគង្គដែលជាគោលដៅដ៏ទាក់ទាញ ក៏ជាខេត្តដែលសំបូរធនធានរ៉ែធម្មជាតិជាពិសេសរ៉ែថ្មក្រានីត ខណៈដែលបច្ចុប្បន្នខេត្តក៏មានក្រុមហ៊ុនវិនិយោគលើអាជីវកម្មរ៉ែមាសបន្ថែម ដែលកើបចំណូលបានរាប់លានដុល្លារក្នុងមួយឆ្នាំៗ។
ស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា មានចម្ងាយពីរាជធានីភ្នំពេញ ៣៤០ គីឡូម៉ែត្រ តាមផ្លូវជាតិលេខ ៧ កាត់តាមស្រុកស្នួល ចម្ងាយ ២៥០ គីឡូម៉ែត្រ តាមផ្លូវជាតិលេខ ៧៣ កាត់តាមស្រុកឆ្លូង និងចម្ងាយ ២២០ គីឡូម៉ែត្រ តាមផ្លូវទឹកទន្លេមេគង្គ ខេត្តក្រចេះនៅក្នុងចំណោមខេត្តគោលដៅទាំង ៤ នៅភូមិភាគឦសាន ដែលរដ្ឋាភិបាលកំពុងជំរុញឲ្យវិនិយោគិនតម្រង់ទិសដាក់អាទិភាពបោះទុនវិនិយោគ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឲ្យកាន់តែរីកចម្រើន។
ជាមួយធនធានធម្មជាតិ និងសក្តានុពលដ៏សំំបូរបែបដែលអាចទាក់ទាញការវិនិយោគពីខាងក្រៅ ហេដ្ឋារចនាសម្ព័ន្ធផ្លូវនិងស្ពានត្រូវបានសាងសង់តភ្ជាប់ពីតំបន់មួយទៅតំបន់មួយ បានជួយសម្រួលដល់ការដឹកជញ្ជូននិងការធ្វើដំណើរបានយ៉ាងងាយស្រួល។

ស្ថានភាពភូមិសាស្រ្ត
ខេត្តក្រចេះ មានព្រំប្រទល់ខាងត្បូងជាប់ខេត្តត្បូងឃ្មុំ ខាងជើងជាប់ខេត្តស្ទឹងត្រែង ខាងលិចជាប់ខេត្តកំពង់ចាម និងខេត្តកំពង់ធំ និងខាងកើតជាប់ខេត្តមណ្ឌលគីរី និងប្រទេសវៀតណាម។
ខេត្តក្រចេះចែកចេញជា ១ ក្រុង ៥ សង្កាត់ និង ៦ ស្រុក ៤៣ ឃុំ ស្មើនឹង ៣២៧ ភូមិ មានផ្ទៃដីសរុប ១១ ០៩៤ គីឡូម៉ែត្រការ៉េ។ ភូមិសាស្រ្តរបស់ខេត្ត ចែកចេញជាពីរតំបន់សំខាន់ៗ ដោយប៉ែកខាងជើងនិងខាងកើតជាតំបន់ខ្ពង់រាបមានព្រៃឈើ និងស្មៅច្រើនប្រភេទ រួមទាំងប្រភេទដីក្រហមអំណោយផលដល់ការចិញ្ចឹមសត្វគោក្របី និងការដាំដុះដំណាំកសិ-ឧស្សាហកម្ម ដូចជា៖ កៅស៊ូ ម្រេច ស្វាយចន្ទី និងដំណាំឈើហូបផ្លែផ្សេងៗ។

រីឯប៉ែកខាងត្បូង និងខាងលិចជាតំបន់ទំនាប និងតំបន់ដីសើមតាមដងទន្លេមេគង្គ សំបូរទៅដោយបឹង ព្រែក អូរ ដីល្បាប់ មានជីជាតិអំណោយផលដល់ការចិញ្ចឹមត្រី និងដាំដុះដំណាំស្បៀងដូចជា៖ស្រូវ ពោត សណ្ដែក ល្ង។ ពិសេសទៀត ទន្លេមេគង្គគឺជាទីជម្រកមច្ឆជាតិជាច្រើនប្រភេទ និងមានសត្វផ្សោតទន្លេមេគង្គដែលជាសត្វមច្ឆជាតិដ៍កម្រកំពុងទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិមកទស្សនាកម្សាន្តជារៀងរាល់ឆ្នាំ។
ខេត្តមានតំបន់ការពារធនធានធម្មជាតិ ៦ កន្លែង លើផ្ទៃដីសរុប ៤០៤.៨៩៨ ហិកតា ស្ថិតក្នុងភូមិសាស្ត្រស្រុកស្នួល ស្រុកសំបូរ និងស្រុកព្រែកប្រសព្វ មានស្នាក់ការដែនជម្រកសត្វព្រៃ ១១កន្លែង។
ប្រជាសាស្រ្ត
ខេត្តមានប្រជាជនសរុប ៤៣៨.៦៤១នាក់ ស្រី ២២១.២៧៤នាក់ ស្មើនឹង ១០០.៦៧៧ គ្រួសារ ដង់ស៊ីតេប្រជាជន ៤០ នាក់ក្នុង ០១ គីឡូម៉ែត្រការេ។ ខេត្តមានជនជាតិដើមភាគតិចរស់នៅចំនួន ៧ រួមមាន៖ ពូនង កួយ ស្ទៀង ខោញ មិល ថ្មូន និងក្រោល រស់នៅក្នុងស្រុកសំបូរ ស្រុកស្នួល និងស្រុកចិត្របុរី។ ប្រជាពលរដ្ឋ ជាកសិករមានចំនួន ៧៩,៦% មន្ត្រីរាជការ ៣,២% ឧស្សាហករ-សិប្បករ ០,៤% ពាណិជ្ជករ ៦,៨% និងជាសេវាករ ១០%។ នៅក្នុងឆ្នាំ២០២១ ចំណូលប្រជាពលរដ្ឋ ០១ នាក់ ស្មើនឹង ១.៣២៥ ដុល្លារអាមេរិក (GDP)។
វិស័យកសិកម្ម
ប្រជាពលរដ្ឋប្រមាណជិត ៨០% ជាកសិករ ដែលធ្វើឲ្យសេដ្ឋកិច្ចខេត្តពឹងផ្អែកលើវិស័យកសិកម្មជាចម្បង។ ក្នុងឆ្នាំ២០២២ ដំណាំស្រូវអនុវត្តបានលើផ្ទៃដីចំនួន ៥៤.៦៨២ហិកតា ទទួលបានបរិមាណផលស្រូវសរុប ១៧៨.៨៣៨តោន និងអនុវត្តការដាំដុះដំណាំរួមផ្សំសរុបចំនួន ១០១.១៩៨ ហិកតា ក្នុងនោះដំណាំសាកវប្បកម្មមាន៖ ដំណាំបន្លែគ្រប់ប្រភេទ, ពោតស, ដំឡូងគរ, ដំឡូងជ្វា, និងប៉ិគក់ សរុបចំនួន ៩.៥១៩ ហិកតា ស្មើនឹង ១០៥,៧៦% ទទួលបានបរិមាណផលចំនួន ៧០.០៩៨ តោន និងដំណាំឧស្សាហកម្មរយះពេលខ្លីមាន៖ ពោតក្រហម សណ្ដែកបាយ សណ្ដែកដី សណ្ដែកសៀង ល្ង ថ្នាំជក់ និងអំពៅសរុបចំនួន ៩១.២៣៥ ហិកតា ស្មើនឹង ១០៥,១៣% ទទួលបានបរិមាណផលចំនួន ១.៥៣១.៧០៤ តោន។
ចំពោះដំណាំកសិឧស្សាហកម្មវិញសម្រេចបាន កៅស៊ូសរុបចំនួន ៨៦.៣៧៤ ហិកតា ដំឡូងមីចំនួន ៧៣.៩៨៩ ហិកតា ស្វាយចន្ទីចំនួន ៦៤.៩១៧ ហិកតា ចេកអំបូងលឿងចំនួន ៣.៤៥៥ ហិកតា អំពៅចំនួន ៦ ០០០ ហិកតា ម៉ៃសាក់ចំនួន ១.៦៥១ ហិកតា និងឈើហូបផ្លែចំនួន ៦៨១ ហិកតា។
ក្រុមហ៊ុនវិនិយោគសម្បទានដីសេដ្ឋកិច្ចមានចំនួន ៤៨ ក្រុមហ៊ុន លើផ្ទៃដី ១៩៨ ៩៧០ ហិកតា ក្នុងនោះបានដាំដុះដំណាំកៅស៊ូចំនួន ៥៤.៤៤៥ហិកតា ដំឡូងមីចំនួន ១.០០០ ហិកតា ចេកអំបូងលឿងចំនួន ៣.៤៥៥ ហិកតា អំពៅចំនួន ៦.០០០ ហិកតា ម៉ៃសាក់ចំនួន ១.៦៥១ហិកតា ស្វាយចន្ទីចំនួន ៣.៤៩៧ ហិកតា និងឈើហូបផ្លែចំនួន ៦៨១ហិកតា។
ការដាំដុះកៅស៊ូជាលក្ខណៈគ្រួសារចំនួន ២៧.៥២៣ ហិកតា ស្វាយចន្ទីចំនួន ៦១.៤១៩ហិកតា ដំឡូងមី ៧២.៩៩៨ ហិកតា និងដំណាំរួមផ្សំជាច្រើនពាន់ហិកតាថែមទៀត។
ខេត្តមានក្រុមហ៊ុនវិនិយោគរោងចក្រកែច្នៃផលិតផលកសិកម្មចំនួន ៣ កន្លែង៖ រោងចក្រផលិតស្ករសចំនួន ១ កន្លែង និងរោងចក្រផលិតម្សៅដំឡូងមីចំនួន ២ កន្លែង។
ខេត្តមានតំបន់សេដ្ឋកិច្ចពិសេសយូប៊ីអីស្នួល ១ កន្លែង ដែលបានអភិវឌ្ឍនៅលើផ្ទៃដីទំហំ ៨១៧.៨០ ហិកតា ស្ថិតនៅឃុំ ២ ធ្នូ ស្រុកស្នួល។ គិតត្រឹមឆ្នាំ ២០២២ តំបន់សេដ្ឋកិច្ចពិសេសយូប៊ីអីស្នួល មានរោងចក្រសហគ្រាសកំពុងដំណើរការផលិតចំនួន ២ ក្រុមហ៊ុន និងកំពុងបន្តសាងសង់រោងចក្រនិងសហគ្រាសអភិវឌ្ឍន៍ចំនួន ៤ ក្រុមហ៊ុន ព្រមទាំងមានក្រុមហ៊ុនចំនួន ៧ ថែមទៀត បានចុះកិច្ចសន្យាដើម្បីវិនិយោគនៅក្នុងតំបន់រដ្ឋបាលសេដ្ឋកិច្ចពិសេសនេះ។

ខេត្តក៏មានផែស្ងួត ១ កន្លែង ស្ថិតក្នុងស្រុកស្នួល ខេត្តក្រចេះ គឺជាកន្លែងដ៏សំខាន់សម្រាប់ចរាចរណ៍ទំនិញចេញចូលតាមច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ។
ខេត្តក្រចេះមានសមាគមក្រូចថ្លុងកោះទ្រង់ក្រចេះ ស្ថិតក្នុងសង្កាត់កោះទ្រង់ ក្រុងក្រចេះ ខេត្តក្រចេះ ដែលត្រូវបានក្រសួងពាណិជ្ជកម្មសហការជាមួយអង្គការពាក់ព័ន្ធចុះបញ្ជីទំនិញសម្គាល់ភូមិសាស្ត្រ និងត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅខែមិថុនា ឆ្នាំ២០១៨។
ប្រជាពលរដ្ឋចំនួន ៣៦១ គ្រួសារ ដាំដុះក្រូចថ្លុងលើផ្ទៃដីចំនួន ៦៥,៥១ហិកតា មានដើមក្រូចសរុប ១៣.៧៩០ ដើម ដើមក្រូចទទួលបានផលចំនួន ២.៤៧៤ដើម ទទួលបាន ផលក្នុង១ឆ្នាំ ចំនួន ១៤៨.៤៤០ ផ្លែ តម្លៃលក់ក្នុង១ផ្លែចំនួន ១០.០០០ រៀល ទៅ ១៣.០០០រៀល បច្ចុប្បន្ន កំពុងពង្រីកការដាំដុះបន្ថែមទៀត។
សមាគមក្រឡានថ្មគ្រែ ស្ថិតនៅឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ ផលិតបានចំនួន ២.៥តោនក្នុង១ថ្ងៃ តម្លៃលក់ក្នុង ១ គីឡូក្រាមចំនួន ៧.០០០រៀល ទៅ ១០.០០០ រៀល ចែកចាយទូទាំង រាជធានី ខេត្ត។
វិស័យហេដ្ឋារចនាសម្ព័ន្ធ
ដោយមានការវិនិយោគសាធារណៈពីរាជរដ្ឋាភិបាល ខេត្តបាននឹងកំពុងបន្តកសាង ពង្រីក ជួសជុលផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវលំជនបទ រួមទាំងស្ពានថ្មធំៗ ដោយធានាបាននូវការធ្វើដំណើរកាន់តែមានភាពងាយស្រួលទៅគ្រប់បណ្តាក្រុង ស្រុក ឃុំ សង្កាត់ និងភូមិ ហើយប្រទាក់ក្រឡាគ្នាដល់ជនបទដាច់ស្រយាល បម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងការទំនាក់ទំនង ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផល និងផលិតផលមកកាន់ទីផ្សារបានយ៉ាងឆាប់រហ័ស។

បច្ចុប្បន្ននេះ ទូទាំងខេត្តមានហេដ្ឋារចនាសម្ព័ន្ធរូបវន្តសរុបប្រវែង ១ ១៩០,៤២គីឡូម៉ែត្រ ក្នុងនោះផ្លូវក្រាលកៅស៊ូ គ្រប់ប្រភេទប្រវែង ៣៩៩,១១ គីឡូម៉ែត្រ ផ្លូវបេតុងប្រវែង ៣,១១ គីឡូម៉ែត្រ ក្រាលក្រួសក្រហមប្រវែង ៧៨៨,២០គីឡូម៉ែត្រ ស្ពានចំនួន ១៣៨ កន្លែង ប្រវែង ៤.៦៦៩,៤ ម៉ែត្រ លូគ្រប់ប្រភេទ ១.២៥៦ កន្លែង ប្រវែង ៥១.០៣២ម៉ែត្រ។
ខេត្តក្រចេះកំពុងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គពីស្រុកចិត្របុរីទៅស្រុកព្រែកប្រសព្វ ប្រវែង ១.៧៦១ ម៉ែត្រ និងផ្លូវតភ្ជាប់ក្នុងក្រុងក្រចេះប្រវែង ៣១,៦៩ គីឡូម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ រួមទាំងការសាងសង់ផ្លូវចំនួន ៣ ខ្សែទៀត ដែលជាគម្រោងរបស់ធនាគារពិភពលោក World Bank មាន៖
១-ផ្លូវជាតិលេខ៧ ប្រវែង ៣១,២៥ គីឡូម៉ែត្រ ពីចំណុចរង្វង់មូលខ្លាស្ទុះ សង្កាត់អូរឬស្សី ក្រុងក្រចេះ ទៅឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។
២-ផ្លូវខេត្តលេខ ៣៧៧ ពីរង្វង់មូលព្រាបសទៅទីរួមស្រុកសំបូរ ប្រវែង ៣៥,៥ គីឡូម៉ែត្រ ដែលមានស្ពាន ០៩កន្លែង ប្រវែងសរុប ៤១៣ម៉ែត្រ។
៣-ផ្លូវខេត្តលេខ៣៧៧A (ពីសណ្ដាន់-ទៅផ្លូវជាតិលេខ៧) ប្រវែង ១៣,៥គីឡូម៉ែត្រ។
វិស័យទេសចរណ៍
អាជ្ញាធរខេត្តបានយកចិត្តទុកដាក់ជម្រុញការអភិវឌ្ឍតំបន់រមណីយដ្ឋានទេសចរណ៍ ដែលមាននៅក្នុងខេត្តសរុប ២១ កន្លែង ក្នុងនោះរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ ០៦ កន្លែង រមណីយដ្ឋានធម្មជាតិ ១១ កន្លែង និងរមណីយដ្ឋានវប្បធម៌ធម្មជាតិ ១ កន្លែង រមណីយដ្ឋានវប្បធម៌កែច្នៃចំនួន ៣ កន្លែង និងមានរមណីយដ្ឋានបម្រុងទុកចំនួន ១ កន្លែង។
ខេត្តក្រចេះក៏មានធនធានដ៏កម្រគឺសត្វផ្សោត ដែលត្រូវបានគ្រប់គ្រងនិងអភិរក្សដោយកំពុងទាញយកភ្ញៀវទេសចរជាតិ-អន្តរជាតិមកទស្សនា និងកម្សាន្តដោយមានកំណើនជារៀងរាល់ឆ្នាំ។
សេវាកម្មទេសចរណ៍ក្នុងខេត្តមានសណ្ឋាគារ ១៥ កន្លែង ផ្ទះសំណាក់ ៥២ កន្លែង ភោជនីយដ្ឋាន-អាហារដ្ឋាន ១៥៥ កន្លែង សេវាកម្សាន្តមនុស្សពេញវ័យមាន ខារ៉ាអូខេចំនួន ២៣ កន្លែង និងហាងម៉ាស្យាចំនួន ១១ កន្លែង។
វិស័យរ៉ែ និងថាមពល
ខេត្តក្រចេះ មានសក្តានុពលលើវិស័យធនធានធម្មជាតិរ៉ែថ្មក្រានីត ស្ថិតក្នុងភូមិសាស្ត្រស្រុកស្នួល ស្រុកចិត្របុរី និងស្រុកសំបូរ។ ខេត្តមានក្រុមហ៊ុន សហគ្រាស និងអាជីវករដែលធ្វើការរុករករ៉ែចំនួន ៦១ ក្រុមហ៊ុន ស្មើនឹង ៦៥ អាជ្ញាបណ្ណ មាន៖ ក្រុមហ៊ុនសិក្សាស្រាវជ្រាវរ៉ែលោហៈ ៥ ក្រុមហ៊ុន ស្មើនឹង ៦ អាជ្ញាបណ្ណ ក្រុមហ៊ុនអាជីវកម្មរ៉ែមាស ១ ក្រុមហ៊ុន ស្មើនឹង ១ អាជ្ញាបណ្ណ ក្រុមហ៊ុនអាជីវកម្មថ្មក្រានីតអណ្ដូងរ៉ែបើក និងការដ្ឋានវាយថ្មមាន ២៥ ក្រុមហ៊ុន ស្មើនឹង ២៨ អាជ្ញាបណ្ណ។ ក្រុមហ៊ុន និងអាជីវករធ្វើអាជីវកម្មក្រួស ខ្សាច់ ថ្មសំណង់ចំនួន ៨ ក្រុមហ៊ុន ស្មើនឹង ៨ អាជ្ញាបណ្ណ។ អាជីវករ ធ្វើអាជីវកម្មជីកដីចល័តចំនួន ២២ អាជីវករ ស្មើនឹង ២២ អាជ្ញាបណ្ណ។
ជាការចាប់អារម្មណ៍ ក្រុមហ៊ុនអាជីវកម្មរ៉ែមាស ១ កន្លែង ស្ថិតនៅក្នុងស្រុកសំបូរ ខេត្តក្រចេះ វិនិយោគិនមកពីសាធារណរដ្ឋប្រជាមានិតចិន សម្រេចបានការចម្រាញ់មាសសុទ្ធចាប់ពីខែតុលា ឆ្នាំ២០២២ រហូតមកដល់ខែ មករា ឆ្នាំ២០២៣ បានចំនួន ៦៧,៥៣ គីឡូក្រាម។
ក្នុងខេត្តក្រចេះ អាជ្ញាធរអគ្គិសនីកម្ពុជាបានចេញអាជ្ញាបណ្ណឱ្យអ្នកចែកចាយអគ្គិសនី ៩ អាជ្ញាបណ្ណ រួមមាន៖ អគ្គិសនីក្រចេះ “EDC” ១ អាជ្ញាបណ្ណ ស្ថិតក្រោមការគ្រប់គ្រងផ្ទាល់របស់អគ្គិសនីកម្ពុជា និងអគ្គិសនីឯកជនមាន ៨ អាជ្ញាបណ្ណ ត្រូវបានគ្របដណ្តប់លើភូមិចំនួន ២៧៩ ភូមិ ស្មើនឹង៨៥,៣២% នៃភូមិរដ្ឋបាលសរុបចំនួន ៣២៧ ភូមិទូទាំងខេត្ត។
វិស័យពាណិជ្ជកម្ម និងឧស្សាហកម្ម សិប្បកម្ម
ខេត្តមានក្រុមហ៊ុនពាណិជ្ជកម្មចំនួន ១២៧ ក្រុមហ៊ុន សាខាក្រុមហ៊ុនចំនួន ៣៨ សាខា សហគ្រាស ពាណិជ្ជកម្មចំនួន ១២១ សហគ្រាស និងអាជីវកម្ម សេវាកម្ម ពាណិជ្ជករមាន ១.៩៩១មូលដ្ឋាន។ ខេត្តមានផ្សារធំៗរបស់រដ្ឋចំនួន ៧ កន្លែង ផ្សារធំៗរបស់ឯកជនចំនួន ២ កន្លែង ស្តាម៉ាតចំនួន ១០ កន្លែង ផ្សារតូចៗ (ផ្សារ ក្រមួន) ចំនួន ៤៧ កន្លែង។
ផ្នែកឧស្សាហកម្ម និងសិប្បកម្ម ខេត្តមានសហគ្រាសផលិតទឹកសុទ្ធចំនួន ៤៥ កន្លែង សហគ្រាសផលិតទឹកត្រីទឹកស៊ីអ៊ីវចំនួន ១ កន្លែង សិប្បកម្មឡឥដ្ឋក្បឿងចំនួន ២៥ កន្លែង និងសហគ្រាសផលិត ទឹកកកអនាម័យចំនួន ១៦កន្លែង។
កិច្ចសហការប្រតិបត្តិការទ្វេភាគីជាមួយខេត្តជាប់ព្រំដែន
ខេត្តក្រចេះ មានព្រំដែនជាប់ខេត្តប៊ិញភឿក នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រវែង ១០៣,៧ គីឡូម៉ែត្រ មានច្រកទ្វារព្រំដែន ២ កន្លែង រួមមាន៖ ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ និងច្រកទ្វារព្រំដែនទ្វេរភាគីជ័យឃ្លាំង ដែលកំពុងបម្រើដល់ការទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាអន្តរជាតិ និងទ្វេភាគីជាមួយប្រទេសវៀតណាម៕


-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១៣ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម